មានឧបករណ៍ប្រើប្រាស់ផ្សេងៗដូចជាកណ្ដៀវច្រូតស្រូវ នឹមក្របី គ្រឿងឆ្នាំងធ្វើពីស្ពាន់ ចង្កៀងប្រេងកាតបុរាណជាដើម ដែលធ្លាប់មាននៅក្នុងគ្រួសារនីមួយៗ និងលើវាលស្រែរបស់ប្រជាជនខ្មែរ សព្វថ្ងៃបានប្រមូលដាក់តាំងនៅក្នុងវត្តពោធិវង្សកំពង់ដូង ឃុំតឹបង៉ាយ ខេត្តវិញឡុង។ វត្ថុតាំងទាំងអស់ជាង ១០០ មុខ ក្នុងនោះ វត្ថុខ្លះមានអាយុកាលជាង ១០០ ឆ្នាំ មិនត្រឹមតែបញ្ជាក់ប្រាប់ពីផ្នែកមួយនៃជីវភាពរស់នៅរបស់ជំនាន់មុនប៉ុណ្ណោះទេ ថែមទាំងបើកបង្ហាញឱ្យបច្ឆាជនជំនាន់ក្រោយ អាចស្វែងយល់ពីតម្លៃវប្បធម៌ដែលធ្លាប់ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសហគមន៍ តាមរយៈវិធីដ៏សាមញ្ញនិងជិតស្និទ្ធ។

ព្រះតេជព្រះគុណ គឹមម័ន (ហៅ ជុំ) កំពុងឧទ្ទេសនាមពីដងកណ្ដៀវដែលមានក្បាច់ចម្លាក់លម្អ ជាវត្ថុមួយក្នុងចំណោមវត្ថុបុរាណដែលវត្តពោធិវង្សកំពង់ដូងអភិរក្ស។
នៅក្នុងបន្ទប់ដ៏ធំទូលាយមួយនៃសមណកុដិវត្តពោធិវង្សកំពង់ដូង វត្ថុបុរាណទាំងឡាយត្រូវបានរៀបចំនិងរក្សាទុកដោយផ្ចិតផ្ចង់។ ចាប់ពីកណ្ដៀវច្រូតស្រូវ ឈើច្រាន ស្នាចទឹក ដងឆក់ នឹម ឈ្នាង រហូតដល់ប្រអប់កំបោរធ្វើពីស្ពាន់ ឆ្នាំងស្ពាន់ ចង្កៀងប្រេងកាតបុរាណ ចានស្ដើង ។ល។ វត្ថុទាំងនេះតែងផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរកាលពីជំនាន់មុន។
យោងតាមព្រះតេជព្រះគុណ គឹមម័ន ព្រះចៅអធិការវត្តពោធិវង្សកំពង់ដូង ការប្រមូលសម្ភារៈបុរាណទាំងនេះ បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៥។ ដោយព្រះអង្គសង្កេតឃើញថា គ្រួសារមាមីងពុទ្ធបរិស័ទជាច្រើនបានចាប់ផ្តើមបោះចោល ឬលក់វត្ថុទាំងនេះ ទាំងដែលធ្លាប់បានប្រើប្រាស់ឆ្លងកាត់ពីរបីជំនាន់។ ប្រសិនបើមិនបានរក្សាទុកទាន់ពេលទេ វត្ថុទាំងនោះអាចបាត់បង់ទៅតាមពេលវេលា។ ព្រះតេជព្រះគុណ គឹមម័ន មានថេរដីកា៖ "អាត្មាភាពគិតថា វត្ថុជាង ១០០ មុខនេះ ប្រសិនបើវត្តមិនចូលរួមប្រមូលនិងអភិរក្សទេ អាចនឹងបាត់បង់ទៅតាមពេលវេលា។ ម្យ៉ាងយុវជនជំនាន់ក្រោយ នឹងមិនអាចស្រមៃឃើញពីជីវភាពនិងវប្បធម៌របស់ដូនតាកាលពីសម័យមុនបានទៀតឡើយ"។
វត្ថុតាំងពិព័រណ៍ទាំងនេះ ភាគច្រើនគឺពុទ្ធបរិស័ទយកមកប្រគេនវត្ត។ វត្ថុខ្លះមានតម្លៃនិងមានអាយុកាលជាង ១០០ ឆ្នាំ បានព្រះតេជព្រះគុណ គឹមម័ន ស្វែងរកទិញយកមករក្សាទុក បន្ទាប់ពីព្រះអង្គដឹងថា មាមីងពុទ្ធបរិស័ទលែងមានតម្រូវការប្រើប្រាស់ ហើយអាចនឹងលក់ឱ្យអ្នកប្រមូលទិញអេតចាយ។ ព្រះអង្គក៏បានអំពាវនាវដល់មាមីងពុទ្ធបរិស័ទ ប្រសិនបើនៅក្នុងផ្ទះមានសម្ភារៈប្រើប្រាស់បុរាណដែលលែងប្រើប្រាស់ សូមយកមកវត្តដើម្បីរួមគ្នារក្សាទុក។ នៅបន្ទប់ដាក់តាំងនេះ មិនត្រឹមតែមានឧបករណ៍កសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងរក្សាទុកនូវស្លាកស្នាមអនុស្សាវរីយ៍នៃវប្បធម៌និងសិល្បៈប្រពៃណីខ្មែរ។ ក្នុងនោះ មានឧបករណ៍ភ្លេងខ្មែរដូចជា ឃឹម ទ្រ តាឃេនិងខ្លុយ ព្រមទាំងឧបករណ៍ភ្លេងដែលធ្លាប់ប្រើក្នុងវង់ភ្លេងឆៃយ៉ាំ និងរបាំងមុខ មកុដដែលផ្សារភ្ជាប់ជាមួយសិល្បៈរបាំយក្សរាំ។

វត្ថុបុរាណមួយដែលមានអាយុកាលជាង ១០០ ឆ្នាំ ត្រូវបានវត្តពោធិវង្សកំពង់ដូងអភិរក្ស។
វត្ថុនីមួយៗដែលបានរក្សាទុក មិនត្រឹមតែជាវត្ថុមានតម្លៃប៉ុណ្ណោះទេ ថែមទាំងមានប្រវត្តិរឿងរ៉ាវជាប់ទាក់ទងនឹងវប្បធម៌ផង។ ឆ្នាំងស្ពាន់ អកកំបោរ ចង្កៀងប្រេងកាត ឬឧបករណ៍ផលិត ដែលធ្លាប់មាននៅក្នុងគ្រួសារនីមួយៗ និងនៅលើវាលស្រែ សព្វថ្ងៃបានក្លាយជាស្លាកស្នាមអនុស្សាវរីយ៍ ដែលជួយឱ្យមនុស្សជំនាន់ក្រោយអាចស្រមៃឃើញកាន់តែច្បាស់អំពីជីវភាពរស់នៅរបស់ដូនតាសម័យមុន។ រៀងរាល់ឆ្នាំ នៅក្នុងឱកាសពិធីបុណ្យអកអំបុក ក៏មានពិធីតាំងពិព័រណ៍នៅមណ្ឌលវប្បធម៌គូស្រះស្រី ភូមិភាគបានមកស្នើវត្តសុំយកវត្ថុបុរាណដែលដាក់តាំងក្នុងវត្តពោធិវង្សកំពង់ដូង ដើម្បីយកទៅចូលរួមតាំងពិព័រណ៍ប្រមាណ ៩០%។ ចាប់ពីកន្លែងតាំងបង្ហាញក្នុងបរិវេណវត្ត វត្ថុទាំងនេះពេលបានតាំងព័រណ៍នៅមណ្ឌលវប្បធម៌គូស្រះស្រី ការផ្សព្វផ្សាយកាន់តែទូលំទូលាយដល់ពុទ្ធបរិស័ទ រួមចំណែកបង្ហាញពីជីវភាពរស់នៅនិងវប្បធម៌ខ្មែរ តាមរយៈសម្ភារៈដែលមានលក្ខណៈជាក់ស្តែងនិងជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃ។
វត្ថុទាំងនោះមិនមែនគ្រាន់តែដាក់នៅលើធ្នើរតាំងបង្ហាញនោះទេ។ សម្រាប់អ្នកដែលធ្លាប់ឆ្លងកាត់ជីវិតបែបនោះ ការមើលឃើញនឹម កណ្ដៀវ ឬឆ្នាំងស្ពាន់ ក៏អាចធ្វើឱ្យរលឹកនឹកឃើញឡើងវិញនូវអនុស្សាវរីយ៍ពីអតីតកាល។ លោកគ្រូថាច់រី ជាព្រឹទ្ធាចារ្យម្នាក់ បានឱ្យដឹង រាល់ពេលមកវត្ត បានឃើញវត្ថុបុរាណដែលបានរក្សាទុក លោកតែងនឹកឃើញដល់អនុស្សាវរីយ៍កាលពីវ័យកុមារ។ លោកថាច់រី ចែករំលែក៖ "ពេលឃើញនឹម ខ្ញុំនឹកឃើញកាលពីនៅតូច ប្រហែលម៉ោង ៥ ព្រឹក យើងចាប់ផ្ដើមដឹកក្របីទៅភ្ជួរស្រែ។ សម្ភារៈប្រើប្រាស់ទាំងនេះ កាលពីមុនជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃណាស់ ប៉ុន្តែសព្វថ្ងៃយុវជនជំនាន់ក្រោយតិចមានឱកាសបានឃើញវត្ថុទាំងនេះ"។

មណ្ឌលតាំងបង្ហាញវត្ថុបុរាណជាង ១០០ មុខ នៅវត្តពោធិវង្សកំពង់ដូង ដែលជាកន្លែងរក្សាទុកនូវស្លាកស្នាមអនុស្សាវរីយ៍ជាច្រើននៃជីវភាពរស់នៅនិងវប្បធម៌ខ្មែរកាលពីសម័យមុន។
មិនត្រឹមតែអ្នកវ័យចាស់ប៉ុណ្ណោះទេ ដែលបានរកឃើញអនុស្សាវរីយ៍ពីអតីតកាល ប៉ុន្តែកន្លែងនេះក៏បានបើកបង្ហាញឱ្យយុវជនជំនាន់ក្រោយបានឃើញនិងស្វែងយល់ពីវប្បធម៌ខ្មែរ។ យុវជន ថាច់ហាយយ៉ី បានឱ្យដឹង រាល់ពេលមកវត្ត ប្អូនតែងចូលទៅកាន់កន្លែងដាក់តាំងបង្ហាញ ដើម្បីទស្សនាវត្ថុបុរាណនិងស្វែងយល់បន្ថែមអំពីវប្បធម៌ខ្មែរ។ វត្ថុទាំងនេះភាគច្រើនប្អូនមិនធ្លាប់បានឃើញនៅក្នុងជីវភាពប្រចាំថ្ងៃ ដូចជា កណ្ដៀវ ឈើច្រាន ដងឆក់ជាដើម។ តាមប្អូនយ៉ី ការដែលវត្តមានកន្លែងដាក់តាំងបង្ហាញវត្ថុបុរាណបែបនេះ ពិតជាមានន័យណាស់ ព្រោះយុវជនមានកន្លែងបន្ថែមទៀតដើម្បីស្គាល់ពីសម្ភារៈប្រើប្រាស់ និងតម្លៃវប្បធម៌ដែលធ្លាប់ផ្សារភ្ជាប់ជាមួយជីវភាពរបស់ជំនាន់មុន។ ថាច់ហាយយ៉ី រៀបរាប់៖ "ពេលឃើញសម្ភារៈដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងពលកម្មកាលពីសម័យមុន ខ្ញុំកាន់តែមានអារម្មណ៍ថា ដូនតារបស់យើងពិតជាមានភាពច្នៃប្រតិដ្ឋខ្លាំងណាស់"។
អស់រយៈពេលជាង ២០ ឆ្នាំនៃការប្រមូលរក្សាទុក វត្តពោធិវង្សកំពង់ដូង ជាជំហានៗបានបន្តធ្វើឱ្យក្លាយជាកន្លែងមួយសម្រាប់រក្សាទុកអនុស្សាវរីយ៍នៃវប្បធម៌ខ្មែរ។ តាមរយៈសម្ភារៈប្រើប្រាស់ដែលមើលទៅហាក់ដូចជាចាស់គំរឹល ប៉ុន្តែជាដំណើររឿងនៃការពលកម្មផលិត ជីវភាពរស់នៅ និងសិល្បៈប្រពៃណី ត្រូវបានរៀបរាប់ឡើងតាមរយៈវត្ថុជាក់ស្តែងនិងជិតស្និទ្ធ។ ទាំងនេះជួយឱ្យជំនាន់ក្រោយ យល់ដឹងកាន់តែច្បាស់អំពីជីវភាពរស់នៅរបស់ដូនតា និងចេះឱ្យតម្លៃចំពោះបេតិកភណ្ឌវប្បធម៌ដែលបានថែរក្សាពីជំនាន់មួយទៅជំនាន់មួយតាមកាលវេលា៕
ពេជ្រសឿន