ចាប់ពីការវិនិយោគលើមូលដ្ឋានសម្ភារៈ រហូតដល់ការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន និងជំរុញការផ្លាស់ប្ដូរឌីជីថល សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សង្កាត់ភូឡើយ ទីក្រុងកឹងធើ កំពុងអនុវត្តព្រមៗគ្នានូវវិធានការជាច្រើនដើម្បីលើកកម្ពស់គុណភាពអប់រំ។ តាមរយៈនោះ បង្កបានបរិស្ថានងាយស្រួលសម្រាប់សិស្សជនជាតិភាគតិចស្ងប់ចិត្តរៀនសូត្រ លត់ដំ និងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។

សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ផ្លាស់ថ្មីដើម្បីលើកកម្ពស់គុណភាពអប់រំ។
ឈានចូលឆ្នាំសិក្សា ២០២៦-២០២៧ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង មានសិស្សសរុបចំនួន ៦២១ នាក់ ក្នុងនោះសិស្សរៀនឆ្នាំដំបូងមាន ២០៩ នាក់ ព្រមទាំងមានកម្មាភិបាល គ្រូបង្រៀន និងបុគ្គលិកចំនួន ៥៩ នាក់។ ជាមួយប្រធានបទ “ផ្លាស់ថ្មីការគិត-បង្វែរយ៉ាងខ្លាំងក្លា-លទ្ធផលជាក់ស្តែង” សាលាបានផ្តោតលើការអនុវត្តព្រមៗគ្នានូវវិធានការនានា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងគិតគូរកាន់តែល្អប្រសើរដល់ជីវភាពសិស្សអន្តេវាសិក។ គួរកត់សម្គាល់ថា ក្នុងឆ្នាំសិក្សានេះ សាលាបានដាក់ឱ្យដំណើរការនូវមណ្ឌលរដ្ឋបាល អាហារដ្ឋាន និងអន្តេវាសិកដ្ឋានថ្មី ដែលមានទុនវិនិយោគសរុបជាង ៣០ ពាន់លានដុង។ រាល់សំណង់បានវិនិយោគយ៉ាងសមរម្យ និងព្រមៗគ្នានេះ មិនត្រឹមតែជួយកែលម្អលក្ខណៈបំពេញការងារសិក្សា និងការរស់នៅប៉ុណ្ណោះទេ ថែមទាំងឆ្លើយតបបានយ៉ាងល្អប្រសើរនូវតម្រូវការថែទាំគ្រប់ជ្រុងជ្រោយសម្រាប់សិស្សានុសិស្ស ជួយប្អូនៗ ដែលនៅឆ្ងាយពីផ្ទះមានលក្ខណៈបន្ថែមដើម្បីស្ងប់ចិត្តរៀនសូត្រ លត់ដំ របស់សាលា។
លោកដាំងថាញវ៉ូវ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បានបញ្ជាក់៖ “ចំពោះទម្រង់សាលាវិទ្យាល័យជនជាតិអន្តេវាសិក ការលើកកម្ពស់គុណភាពបង្រៀននិងរៀន ត្រូវតែទន្ទឹមជាមួយការងារគិតគូរដល់ជីវភាពសិស្ស។ នៅពេលដែលប្អូនៗចាត់ទុកអន្តេវាសិកដ្ឋានជាផ្ទះទីពីរ ស្ងប់ចិត្តចំពោះអាហារ ការដេកនៅ និងសកម្មភាពប្រចាំថ្ងៃ នោះស្មារតីភ្ញាក់រលឹកក្នុងការសិក្សានឹងបានដាស់ភ្ងោកយ៉ាងខ្លាំងក្លា។ ប្រភពទុនវិនិយោគបង្កើនកម្រិតមូលដ្ឋានសម្ភារៈ គឺជាការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងរដ្ឋអំណាចភូមិភាគ បង្កជាគំនាស់ដ៏រឹងមាំសម្រាប់សាលារៀនអនុវត្តព្រមៗគ្នានូវវិធានការផ្លាស់ថ្មីការអប់រំ។”
ទន្ទឹមនឹងការធ្វើឱ្យសុក្រឹតមូលដ្ឋានសម្ភារៈ សាលានៅទាំងបន្តជំរុញការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន ស្របតាមកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨។ លោកគ្រូ អ្នកគ្រូបានម្ចាស់ការរចនាសកម្មភាពអន្តរកម្ម ពិភាក្សាក្រុម ដោះស្រាយបញ្ហាផ្សារភ្ជាប់នឹងភាពជាក់ស្តែង តាមរយៈនោះលើកទឹកចិត្តសិស្សពង្រីកគំនិតផ្ទាល់ខ្លួន សមត្ថភាពអនុវត្តចំណេះដឹង និងស្មារតីស្វ័យសិក្សា។ ជាមួយគ្នានេះ ការផ្លាស់ប្ដូរឌីជីថលត្រូវបានបង្កើនក្នុងការគ្រប់គ្រង និងការបង្រៀន។ សាលាបានធ្វើឌីជីថលភាវូបនីយកម្មសំណុំឯកសារជាបណ្តើរៗ ទាញយកអត្ថប្រយោជន៍ពីថ្នាលបច្ចេកវិទ្យា អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងនិងបំពេញបន្ថែមឯកសារសិក្សាអេឡិចត្រូនិក ជំនួយគ្រូបង្រៀនក្នុងការផ្លាស់ថ្មីនូវរបៀបផ្ទេរចំណេះដឹង និងជួយឱ្យសិស្សទទួលបានប្រភពចំណេះដឹងសម្បូរបែប។ តាមរយៈនោះ រួមចំណែកបង្រួមគម្លាតក្នុងការទទួលបានចំណេះដឹង ព្រមទាំងបង្កើតជាបណ្តើរៗនូវសមត្ថភាពឌីជីថល បំណិនស្វ័យសិក្សា និងសមត្ថភាពសម្របខ្លួនទៅនឹងបរិស្ថានសិក្សាដ៏ទំនើប សម្រាប់សិស្សជនជាតិភាគតិច។

គ្រូបង្រៀនបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និង AI ក្នុងការបង្រៀន។
អ្នកគ្រូលីធីគីមហ្វា - គ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បានចែករំលែក៖ “ការបង្រៀនតាមកម្មវិធីអប់រំថ្មី ទាមទារឱ្យគ្រូបង្រៀនត្រូវផ្លាស់ប្តូរជាមូលដ្ឋាននូវការគិត និងវិធីសាស្រ្តអប់រំ។ ចំពោះមុខវិញ្ញាសារគណិតវិទ្យា ខ្ញុំមិនដាក់សម្ពាធដោយប្រើរូបមន្តដ៏សោះកក្រោះទៀតហើយ តែផ្ទុយទៅវិញ ខ្ញុំបានដាក់ចេញជាលំហាត់ជាក់ស្តែង ប្រើប្រាស់កម្មវិធីធរណីមាត្រជាក់ស្តែង និងបច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន។ ខ្ញុំតែងចែកសិស្សជាក្រុមដើម្បីពិភាក្សា និងលើកទឹកចិត្តឱ្យប្អូនៗឡើងធ្វើបទបង្ហាញពីរបៀបដោះស្រាយ។ ការធ្វើបែបនេះ មិនត្រឹមតែជួយឱ្យប្អូនៗក្តាប់ច្បាស់នូវការគិតបែបតក្កវិទ្យាគណិតវិទ្យាប៉ុណ្ណោះទេ ថែមទាំងជួយហ្វឹកហាត់នូវភាពក្លាហាន ជឿជាក់លើការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនទៀតផង។”
ប្អូនលីវធីអៀងញឺ សិស្សថ្នាក់ ១២D បានសម្តែងចំណាប់អារម្មណ៍៖ “ការសិក្សានិងប្រជុំសកម្មភាពនៅសាលាអន្តេវាសិក បានលត់ដំឱ្យប្អូនចេះម្ចាស់ការលើខ្លួនឯង និងមានស្មារតីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក។ ឆ្នាំនេះជាឆ្នាំបញ្ចប់កម្រិតសិក្សា ដែលមានការផ្លាស់ប្តូរច្រើននៅក្នុងទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែដោយសារបានលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ណែនាំពីវិធីសាស្ត្រស្វ័យសិក្សា និងការអនុវត្តបច្ចេកវិទ្យាក្នុងការស្រាវជ្រាវឯកសារ ទើបពួកប្អូនមានការលំនឹងចិត្ត។ មិនត្រឹមតែរៀនសូត្រចំណេះដឹងប៉ុណ្ណោះទេ សាលានៅទាំងបង្កលក្ខណៈងាយស្រួលឱ្យប្អូនបានចូលរួមសកម្មភាពវប្បធម៌ជនជាតិ ជួយឱ្យប្អូនៗយល់ដឹង និងមានមោទនភាពចំពោះអត្តសញ្ញាណជនជាតិរបស់ខ្លួនផង។”
ការយកចិត្តទុកដាក់ ស្មារតីផ្លាស់ថ្មី និងការទទួលខុសត្រូវរបស់កងជួរគ្រូបង្រៀន គឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកលើកកម្ពស់គុណភាពអប់រំរបស់សាលា។ ថ្មីៗនេះ សាលាមានកម្មាភិបាល និងគ្រូបង្រៀន ២ រូប មានកិត្តិយសទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី។ នេះមិនត្រឹមតែជាកិត្តិយសសម្រាប់បុគ្គលដែលទទួលបានការស្ងើចសរសើរប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្តសម្រាប់សហគមន៍គ្រូបង្រៀន រួមចំណែកសាយភាយស្មារតីទទួលខុសត្រូវ ប្រឡងប្រណាំង “បង្រៀនល្អ-រៀនល្អ” មិនបង្អង់ក្នុងការផ្លាស់ថ្មីវិធីសាស្ត្រ និងការលើកកម្ពស់គុណភាពអប់រំ។
ពង្រីកនូវលទ្ធផលដែលសម្រេចបាន សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង នៅតែបន្តផ្លាស់ថ្មី និងលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀន។ ភាពព្រមៗគ្នាក្នុងការវិនិយោគលើមូលដ្ឋានសម្ភារៈ និងការផ្លាស់ថ្មីនូវវិធីសាស្ត្រអប់រំ នឹងបង្កជាមូលដ្ឋានគ្រឹះសម្រាប់សាលាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងស្រុកកំណើតឱ្យកាន់តែមានភាពសម្បូរសប្បាយនិងស៊ីវិល័យ៕
ហុងទើ-ថាច់ធី