14/08/2026 - 06:13

ទី​ក្រុង​កឹង​ធើ ចេញ​ផែន​ការ​ចាត់​តាំង​សកម្ម​ភាព​ទិវា​វប្ប​ធម៌​វៀត​ណាម និង​ពិ​ធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក ង ឆ្នាំ​២០២៦ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ចេញ​ផែន​ការ​ចាត់​តាំង​សកម្ម​ភាព​ទិវា​វប្ប​ធម៌​វៀត​ណាម (ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា) និង​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ​ឆ្នាំ​២០២៦។

ចំ​ពោះ​សកម្ម​ភាព​ទិវា​វប្ប​ធម៌​វៀត​ណាម ទី​ក្រុង​កឹង​ធើ​នឹង​ចាត់​តាំង សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​អតីត​ថ្នាក់​ដឹក​នាំ​និង​សមូហ​ភាព បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រួម​ចំ​ណែក​ក្នុង​វិស័យ​វប្ប​ធម៌​គ្រប់​សម័យ​កាល។ មហោ​ស្រព​សិល្បៈ​ល្ខោន​បា​សាក់​ខ្មែរ​ណាម​បូ លើក ទី៣ គ្រោង​នឹង​ចាត់​តាំង​ឡើង​នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០២៦ លើ​ភូមិ​ឋាន​ទី​ក្រុង។ សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ នឹង​រៀប​ចំ​ការ​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ ឧទ្ទេស​នាម​អំ​ពី​រូប​ភាព ឯក​សារ​និង​វត្ថុ​តាំង​អំ​ពី​វប្ប​ធម៌​វៀត​ណាម និ​យាយ​រួម និង​ទី​ក្រុង​កឹង​ធើ​និយាយ​ដោយ​ឡែក​គ្រប់​សម័យ​កាល សំ​ដៅ​លើក​តម្កើង​តម្លៃ​បេ​តិក​ភណ្ឌ​វប្ប​ធម៌​រូបី​និង​អរូ​បី ឧទ្ទេស​នាម​អំ​ពី​លក្ខណៈ​ពិ​សេស​នៃ​វប្ប​ធម៌​កឹង​ធើ​និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ដឹក​នាំ សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ ចាត់​តាំង​ការ​តាំង​ពិ​ព័រណ៍​សៀវ​ភៅ​ក្រោម​ប្រ​ធាន​បទ “វប្ប​ធម៌​បំ​ភ្លឺ​ផ្លូវ​ឱ្យ​ប្រ​ជា​ជាតិ” សម្ដែង​ល្ខោន​កៃ​លឿង​បម្រើ​ប្រ​ជា​ជន​ក្នុង​ឱ​កាស​ទិវា​វប្ប​ធម៌​វៀត​ណាម...។

ចំ​ពោះ​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក ង ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ ពិ​ធី​បើក​ព្រឹត្តិ​ការណ៍​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ២២ ខែ​វិច្ឆិកា នៅ​ទី​លាន​បាច់​ដាំង សង្កាត់​ភូ​ឡើយ ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កា​សែត​វិទ្យុ​និង​ទូរ​ទស្សន៍​កឹង​ធើ។ ការ​ប្រ​កួត​ប្រ​ណាំង​ទូក ង​ ទី​ក្រុង​កឹង​ធើ បើក​ទូ​លាយ ឆ្នាំ​២០២៦ គ្រោង​នឹង​មាន​ការ​ចូល​រួម​ពី​ទូក ង (បុរស នា​រី) ជាង​៦០​ទូក​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែ​វិច្ឆិកា។ ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក ង ក៏​មាន​ការ​ចាត់​តាំង​ពិ​ធី​សំ​ពះ​ព្រះ​ខែ បណ្តែត​ប្រ​ទីប​និង​ទូក​គែ​ហ៊ៅ ផ្សារ​ណាត់​ជំ​រុញ​ពាណិជ្ជ​កម្ម​ផលិត​ផល OCOP ទី​ក្រុង​កឹង​ធើ និង​ផលិត​ផល​ពិ​សេស​ប្រ​ចាំ​តំ​បន់ ព្រម​ទាំង​មាន​ល្វែង​តាំង​ពិ​ព័រណ៍ សិប្ប​កម្ម​ប្រ​ពៃ​ណី ម្ហូប​អា​ហារ និង​ការ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍...៕

                                                         យ្វី​ខូយ-ដា​លី​ន​

ចែករំលែកអត្ថបទ