ក្នុងអំឡុងពេលធ្វើការឈ្នួលនៅមូលដ្ឋានផលិតនំប៉័ងមួយ អ្នកស្រីស៊ើងធីកឹមតៀង (នៅភូមិកៃហែ ឃុំទីវកឹង ខេត្តវិញឡុង) បានសន្សំបទពិសោធន៍និងជំនាញវិជ្ជាជីវៈដ៏មានតម្លៃសម្រាប់ខ្លួន។ ដោយភាពឧស្សាហ៍ព្យាយាម ស្រឡាញ់ការរៀនសូត្រនិងមានឆន្ទៈឈានឡើងចាកភាពក្រីក្រ ប្តីប្រពន្ធអ្នកស្រីបានសម្រេចចិត្តផ្តើមអាជីវដោយរបរផលិតនំប៉័ង។ ដោយការខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ជាជំហានៗបានលំនឹងជីវភាពគ្រួសារ ហើយថែមទាំងបង្កការងារធ្វើដល់ពលករជនបទទៀតផង។

អ្នកស្រីស៊ើងធីកឹមតៀងឧទ្ទេសនាមពីផលិតផលនំប៉័ងរបស់គ្រួសារ បានវិនិយោគនិងអភិវឌ្ឍន៍ឡើងពីជំនាញដែលបានរៀនសូត្រក្នុងអំឡុងពេលធ្វើការឈ្នួល។
កើតក្នុងគ្រួសារដែលមានជីវភាពលំបាក បន្ទាប់ពីរៀនចប់ថ្នាក់ទី ៨ អ្នកស្រីក៏ឈប់រៀន ដើម្បីជួយឪពុកម្តាយរកចំណូលផ្គត់ផ្គង់គ្រួសារ។ ដោយធ្វើការងារនៅមូលដ្ឋានផលិតនំប៉័ងមួយអស់រយៈពេលជាច្រើនឆ្នាំ បានជួយឱ្យអ្នកស្រីសន្សំបានបទពិសោធន៍និងជំនាញ ចាប់ពីការជ្រើសរើសវត្ថុធាតុដើម ការច្នៃផលិតផលរហូតដល់ការធានាគុណភាពនំប៉័ង។ អ្នកស្រី ចែករំលែក៖ "ប្តីប្រពន្ធខ្ញុំធ្វើការឈ្នួលលំបាកណាស់ ប៉ុន្តែត្រូវតែខិតខំធ្វើការដើម្បីរៀនសូត្រចំណេះជំនាញ។ នៅពេលយើងចេះច្បាស់ពីដំណើរការផលិតនំប៉័ង ខ្ញុំគិតថា ប្រសិនបើមានឱកាសខ្ញុំនឹងផ្តើមអាជីពលើមុខរបរនេះតែម្តង"។
នៅឆ្នាំ ២០១៩ ឱកាសបានមកដល់នៅពេលម្ចាស់មូលដ្ឋានផលិតនំប៉័ងដែលអ្នកស្រីធ្វើការឈ្នួល បានផ្ទេរមូលដ្ឋាននេះមកឱ្យប្តីប្រពន្ធអ្នកស្រីវិញ។ បន្ទាប់ពីបានសន្សំបទពិសោធន៍និងដើមទុនអស់មួយរយៈពេល អ្នកស្រីបានសម្រេចចិត្តបង្កើតមូលដ្ឋានផលិតនំប៉័ងមានឈ្មោះថា ឡុកផាក។ នៅដំណាក់កាលដំបូង មូលដ្ឋានផលិតនំប៉័ងបានប្រមាណ ១.០០០ នំក្នុងមួយថ្ងៃប៉ុណ្ណោះ។ ដោយសារខ្វះដើមទុន ទីផ្សារលក់មិនទាន់លំនឹង និងតម្លៃវត្ថុធាតុដើមមានការប្រែប្រួលជាញឹកញាប់ធ្វើឱ្យការ ធ្វើអាជីវកម្មជួបប្រទះការលំបាកច្រើន។
តាមការបញ្ជាក់របស់អ្នកស្រី កឹមតៀង ឧបសគ្គធំបំផុតនៅពេលចាប់ផ្តើមធ្វើអាជីវកម្ម គឺការខ្វះដើមទុន។ ដោយទទួលបានការគាំទ្រពីសមាគមសហព័ន្ធនារី ឧទ្ទេសនាមបុលទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម ៧០ លានដុង គ្រួសារអ្នកស្រីមានឱកាសក្នុងការរក្សាធ្វើអាជីវកម្មនិងពង្រីកការផលិត។ រំលឹកឡើងពីរយៈពេលដំបូងទទួលគ្រប់គ្រងបន្តមូលដ្ឋាននេះ អ្នកស្រីបានឱ្យដឹង ប្តីប្រពន្ធគាត់ត្រូវទទួលបន្ទុកទាំងការគ្រប់គ្រងនិងការងារផលិតដោយផ្ទាល់។ មានយប់ខ្លះ ពួកគាត់ត្រូវភ្ញាក់ពេញមួយយប់ដើម្បីរៀបចំវត្ថុធាតុដើមឱ្យទាន់តម្រូវការរបស់អតិថិជន។ នៅពេលខ្លះតម្លៃម្សៅកើនឡើងខ្ពស់ ប្រាក់ចំណេញបានតិចតួចប៉ុណ្ណោះ ប៉ុន្តែគ្រួសាររបស់អ្នកស្រីនៅតែបន្តការផលិតដើម្បីរក្សាអាជីពនិងចំនួនអតិថិជន។
ដោយសារការតស៊ូព្យាយាមឆ្លងកាត់ការលំបាក ការធ្វើអាជីវកម្មរបស់អ្នកស្រីបានរីកចម្រើនជាបន្តបន្ទាប់។ នៅដើមឆ្នាំ ២០២៦ អ្នកស្រីទិញបានដីនៅផ្សារចុង-ង ឃុំតឹបង៉ាយ តម្លៃជាង ១,៥ ពាន់លានដុងហើយក៏បន្តវិនិយោគជាង ១ ពាន់លានដុងទៀតដើម្បីបើកមូលដ្ឋានថ្មីមួយបន្ថែមទៀត។ បច្ចុប្បន្ន មូលដ្ឋានផលិតនំប៉័ងទាំងពីរផលិតបាននំប៉័ងប្រមាណជាង ២.០០០ នំក្នុងមួយថ្ងៃ ព្រមទាំងនំផ្សេងៗទៀតជាង ៣០ មុខ។ មូលដ្ឋាននេះបានបង្កការងារធ្វើជាប្រចាំដល់កម្មករ ១០ នាក់ ដែលមានប្រាក់ចំណូលជាមធ្យមប្រមាណ ៧ លានដុងក្នុងមួយខែ។ ផលិតផលភាគច្រើនបានលក់នៅហាង កន្លែងដែលផលិតនំប៉័ងតែម្ដង។ ដោយសារធានាបាននូវគុណភាពផលិតផលនិងតម្លៃសមរម្យ ម្ល៉ោះហើយមានការពេញនិយមនិងទទួលបានការគាំទ្រាំពីអតិថិជនជាហូរហែ។ ជារៀងរាល់ថ្ងៃ ហាងបើកដំណើរការតាំងពីព្រឹកព្រលឹមរហូតដល់ពេលល្ងាច។ បន្ទាប់ពីផាត់ទាត់ចំណូលចំណាយរួច អ្នកស្រីរកបានប្រាក់ចំណេញជាង ៥០ លានដុងក្នុងមួយខែ។
មិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ មូលដ្ឋាននេះក៏បានរួមចំណែកបង្កការងារធ្វើដល់ពលករជនបទ។ អ្នកស្រី កឹមតៀង តែងស្វាគមន៍និងស្ម័គ្រចិត្តបង្ហាត់បង្រៀនជំនាញដល់អ្នកដែលទើបចូលធ្វើការ។ តាមការយល់ឃើញរបស់អ្នកស្រី ការមានចំណេះជំនាញក្នុងដៃគឺជាមូលដ្ឋានគ្រឹះដើម្បីលំនឹងជីវភាព និងផ្សារភ្ជាប់ជាមួយស្រុកកំណើតក្នុងរយៈពេលយូរ។ បងស្រី ឡឹមធីហុងថឹម ធ្វើការនៅមូលដ្ឋានផលិតនំប៉័ងនេះជាង ៤ ឆ្នាំ បានឱ្យដឹង កាលពីមុន បងស្រីទៅធ្វើការនៅឆ្ងាយពីផ្ទះ ដោយមានប្រាក់ចំណូលមិនទៀងទាត់។ ចាប់តាំងពីចូលធ្វើការនៅទីនេះ បងស្រីមានប្រភពចំណូលលំនឹង និងមានពេលវេលាច្រើនសម្រាប់មើលថែទាំគ្រួសារ។ បងស្រីថឹម ចែករំលែក៖ "មានការងារធ្វើនៅជិតផ្ទះធ្វើឱ្យយើងស្ងប់អារម្មណ៍ជាង ពីព្រោះមិនចាំបាច់ឃ្លាតឆ្ងាយពីគ្រួសារដូចកាលពីមុនទៀត"។
លោក គឹមទ្រឿងមុនី ប្រធានគណៈប្រជាជនភូមិកៃហែ បានឱ្យដឹង បងស្រីស៊ើងធីកឹមតៀង គឺជាគំរូលេចធ្លោមួយនៃស្មារតីតស៊ូជម្នះការលំបាក ប្រឹងប្រែងឈានឡើងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយផ្អែកលើបទពិសោធន៍ដែលបានសន្សំក្នុងអំឡុងពេលធ្វើការឈ្នួល បងស្រីបានកសាងទម្រង់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយប្រកបដោយប្រសិទ្ធភាព បង្កបានការងារធ្វើសម្រាប់ពលករនៅជនបទ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។ លោកមុនី បញ្ជាក់៖ "ការខិតខំប្រឹងប្រែងនិងឆន្ទៈឈានឡើងចាកភាពក្រីក្ររបស់បងស្រីកឹមតៀង មិនត្រឹមតែជួយឱ្យគ្រួសារមានជីវភាពធូរធារប៉ុណ្ណោះទេ ថែមទាំងបានបង្កឱកាសការងារសម្រាប់ប្រជាជនក្នុងតំបន់ដែលជាគំរូល្អគួររៀនសូត្រនិងផ្សព្វផ្សាយក្នុងចលនាអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ"។
ដោយការខិតខំប្រឹងប្រែងឥតឈប់ឈរ អ្នកស្រីបានសន្សំបទពិសោធន៍ដ៏មានតម្លៃជាច្រើនក្នុងអំឡុងពេលធ្វើការឈ្នួល ដើម្បីមានទំនុកចិត្តក្នុងការវិនិយោគ និងបង្កើតមូលដ្ឋានផលិតនំប៉័ង រួមចំណែកបង្កការងារធ្វើនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ៕
អត្ថបទ, រូបថត៖ ពេជ្រ សឿន