28/05/2026 - 06:28

អភិ​រក្ស​ភា​សា​ជន​ជាតិ​ផ្តើម​ពី​ការ​អប់រំ​របស់​គ្រួ​សារ 

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ នៅ​តាម​តំ​បន់​ជា​ច្រើន​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​តថ​ភាព​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ កំ​ពុង​ប្រ​ព្រឹត្ត​ឡើង នោះ​គឺ​ឪ​ពុក​ម្តាយ​ភាគ​ច្រើន​និយាយ​នឹង​កូន​របស់​ខ្លួន​ជា​ភា​សា​វៀត​ណាម​តាំង​ពី​តូច ហើយ​ក្នុង​គ្រួ​សារ​មិន​សូវ​និ​យាយ​ភា​សា​ខ្មែរ។ មូល​ហេតុ​ចម្បង​មក​ពី​ចិត្ត​សាស្រ្ត​ខ្លាច​កុមារ​លំ​បាក ក្រេប​ជញ្ជក់​ចំ​ណេះ​ដឹង​ពេល​ទៅ​សា​លា​រៀន ប៉ុន្តែ ប្រ​ការ​នេះ​បណ្តាល​ឱ្យ​កូន​របស់​ខ្លួន​ឃ្លាត​ឆ្ងាយ​ពី​ភា​សា​កំ​ណើត។

គ្រួ​សារ​ជា​សា​លា​ដំ​បូង​បង្អស់​ជួយ​ឱ្យ​កូន​របស់​ខ្លួន​មាន​ស្មារតី​អភិ​រក្ស​ភា​សា​កំ​ណើត។

លោក​ចៅ​គក អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​ទ្រី​តូង ខេត្ត​អាង​យ៉ាង ឱ្យ​ដឹង៖ ឪ​ពុក​ម្តាយ​គួរ​តែ​ឱ្យ​កូន​និ​យាយ​ភា​សា​ខ្មែរ និង​ភា​សា​វៀត​ណាម មិន​គួរ​បា​រម្ភ​ខ្លាច​កុមារ​រៀន​យឺត​យ៉ាវ ហើយ​បោះ​បង់​ចោល​ភា​សា​កំ​ណើត​នោះ​ទេ។ បច្ចុប្បន្ន កុមារ​ខ្លះ​ស្តាប់​បាន ប៉ុន្តែ​មិន​ចេះ​និយាយ ឬ​ស្ទាក់​ស្ទើរ​ពេល​និយាយ​ភា​សា​ខ្មែរ។ ប្រ​សិន​បើ​មិន​និ​យាយ​ជា​រឿយៗ​ទេ កុមារ​នឹង​កាន់​តែ​រអែង​ពេល​និយាយ​ភា​សា​ខ្មែរ ហើយ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ភា​សា​កំ​ណើត​បន្តិច​ម្តងៗ។ បក្ស និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌ ភា​សា និង​អក្ស​ររបស់​បណ្តា​ជន​ជាតិ ព្រោះ​ហេតុ​នោះ ​គ្រួ​សារ​នី​មួយៗ​និង​សហ​គមន៍​គប្បី​ព្រួត​ដៃ​អភិ​រក្ស។

ដោះ​ដូរ​ពី​តថ​ភាព​នេះ បណ្ឌិត ផាម​មិញ​ហាំង នៅ​សា​កល​វិទ្យា​ល័យ​វប្ប​ធម៌​ទី​ក្រុង​ហូជី​មិញ ឱ្យ​ដឹង៖ ការ​លើក​ទឹក​ចិត្ត​កុមារ​និយាយ​ភា​សា​កំ​ណើត​នៅ​ក្នុង​គ្រួ​សារ​និង​សហ​គមន៍ ទន្ទឹម​នឹង​ការ​រៀន​ភា​សា​សកល​នៅ​ក្នុង​សា​លា​រៀន គឺ​ជា​ទម្រង់​អប់រំ​ពីរ​ភា​សា​មាន​ប្រ​សិទ្ធ​ភាព សម​ស្រប​តាម​អនុ​សាសន៍​របស់​អង្គ​ការ​យូ​ណេ​ស្កូ និង​និន្នា​ការ​អប់រំ​ពហុ​ភា​សា​នៅ​លើ​ពិភព​លោក។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា កុមារ​ធំ​ដឹង​ក្តី​ក្នុង​បរិ​ស្ថាន​ពីរ​ភា​សា​មិន​យឺត​យ៉ាវ​ក្នុង​ការ​អភិ​វឌ្ឍ​បញ្ញា​នោះ​ទេ ថែម​ទាំង​មាន​ឧត្តម​ភាព​អំ​ពី​ការ​គិត និង​មាន​សមត្ថ​ភាព​ចង​ចាំ​បាន​ល្អ​ទៀត​ផង ពី​ព្រោះ​នេះ​ជា​ភា​សា​ដែល​កុមារ​យល់​ច្បាស់​បំ​ផុត។ លើស​ពី​នេះ ការ​បង្រៀន​កូន​និយាយ​ភា​សា​កំ​ណើត​មិន​ត្រឹម​តែ​សម្រាប់​ទំ​នាក់​ទំ​នង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​វិធី​សាស្រ្ត​សហ​គមន៍​អភិ​រក្ស​អត្ត​សញ្ញាណ​ជាតិ​ទៀត​ផង។

ក្នុង​បរិ​ការណ៍​សមា​ហ​រណ​កម្ម ការ​អភិ​វឌ្ឍ​សមត្ថ​ភាព​ភា​សា​សកល និង​ភា​សា​បរ​ទេស​គឺ​ជា​ការ​ចាំ​បាច់ ប៉ុន្តែ​មិន​អាច​ដោះ​ដូរ​ដោយ​ការ​សាប​រលាប​ភា​សា​របស់​ជាតិ​នោះ​ទេ។ ភា​សា​ទាំង​នេះ​មិន​ផ្ទុយ​គ្នា​ទេ គឺ​មាន​ការ​ជំ​នួយ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​យុវ​ជន​ខ្មែរ​ជំ​នាន់​ក្រោយ​ធ្វើ​សមា​ហ​រណ​កម្ម​ល្អ​ជាង​ទៀត ហើយ​មិនឃ្លាត​ឆ្ងាយ​ពី​ភា​សា​កំ​ណើត។

ជាក់​ស្តែង បក្ស​និង​រដ្ឋ ក៏​ដូច​ជា​ភូមិ​ភាគ​ជា​ច្រើន មាន​គោល​នយោ​បាយ​ជា​ច្រើន លើក​ទឹក​ចិត្ត​អភិ​រក្ស​វប្ប​ធម៌​ជន​ជាតិ ក្នុង​នោះ មាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិ​រក្ស​ភា​សា​និង​អក្សរ​របស់​ជន​ជាតិ​ភាគ​តិច ហើយ​ខ្ពស់​បំ​ផុត​គឺ​រដ្ឋ​ធម្ម​នុញ្ញ​វៀត​ណាម បាន​ចែង៖ បណ្តា​ជន​ជាតិ​មាន​សិទ្ធិ​ប្រើ​ប្រាស់​ភា​សា អក្សរ អភិ​រក្ស​អត្ត​សញ្ញាណ​ជាតិ ពង្រីក​ទំ​នៀម​ទម្លាប់ ប្រ​ពៃ​ណី និង​វប្ប​ធម៌​ដ៏​ល្អ​របស់​ខ្លួន។

នៅ​ទី​ក្រុង​កឹង​ធើ សេចក្តី​សម្រេច​ចិត្ត​លេខ ៤៩/​២០២៥​/NQ​-HĐND ចុះ​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២៥ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង បាន​ដាក​ឱ្យ​ប្រើ​សេចក្តី​កំ​ណត់​គោល​នយោ​បាយ​ឧបត្ថម្ភ អ្នក​បង្រៀន​អក្សរ​ខ្មែរ​និង​ហ្វា ក្នុង​រដូវ​វិស្សម​កាល ឆ្នាំ​២០២៦ - ២០៣០ រួម​ចំ​ណែក​បង្ក​លក្ខណៈ​ដើម្បី​អភិ​រក្ស​និង​ពង្រីក​ភា​សា អក្សរ​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ទី​ក្រុង៕

    វឌ្ឍា - វិមាន

ចែករំលែកអត្ថបទ