31/08/2026 - 22:43

សា​លា​បឋម​សិក្សា​អង្គុលី​ ត្រៀម​លក្ខ​ណៈរួច​រាល់​សម្រាប់​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦ - ២០២៧ 

មុន​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦ - ២០២៧ លោក​គ្រូ​ អ្នក​គ្រូ​និង​សិស្សា​នុសិស្ស​ទាំង​អស់​នៃ​សា​លា​បឋម​សិក្សា​អង្គុលី​ (នៅ​សង្កាត់​ដុង​ថា​ញ់ ខេត្ត​វិញ​ឡុង​) បាន​ត្រៀម​លក្ខ​ណ​រួច​រាល់​ ចាប់​ពី​មូល​ដ្ឋាន​សម្ភារៈ​ បំប៉ន​មុខ​ជំ​នាញ​ រហូត​ដល់​ផែន​ការ​ធា​នា​សុវត្ថិ​ភាព​សា​លា​រៀន​។ ជា​សា​លា​រៀន​មួយ​មា​នល​ក្ខណៈ​ពិ​សេស​ ដោយ​មាន​កូន​ចៅ​ជន​ជាតិ​ខ្មែរ​រៀន​ច្រើន​ ភាព​ម្ចាស់​ការ​និង​ការ​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​របស់​សា​លា​រៀន​ បាន​នាំ​មក​នូវ​បរិយាកាស​រីក​រាយ​ បង្ក​ទំនុក​ចិត្ត​ដល់​អា​ណា​ព្យា​បាល​សិស្ស​ ព្រម​ទាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​។

ទី​ធ្លា​សា​លា​បឋម​សិក្សា​អង្គុលី​ បា​នក​សាង​យ៉ាង​ធំ​ទូ​លាយ​ បង្ក​បាន​ជា​លំ​ហ​បៃ​តង​ - ជ្រះ​ - ស្អាត​ បម្រើ​ឱ្យ​សកម្ម​ភាព​កម្សាន្ត​ និង​ការ​សិក្សា​របស់​សិស្សា​នុសិស្ស​។

ទិដ្ឋភាព​ថ្មី​ ស្មារតី​ថ្មី​

ប៉ុន្មាន​ថ្ងៃ​នេះ​ បរិយាកាស​នៅ​សា​លា​បឋម​សិក្សា​អង្គុលី​ មាន​ភាព​រីក​រាយ​និង​អ៊ូ​អរ​យ៉ាង​ខ្លាំង​។ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​យ៉ាង​ជិត​ដិត​ពី​ផ្នែក​អប់​រំ​ ព្រម​ទាំង​ប្រ​ភព​ថវិកា​ឧបត្ថម្ភ​ទាន់​ពេល​ពី​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ភូមិ​ភាគ​ សា​លា​រៀន​បាន​ផ្លាស់​ប្ដូរ​ទិដ្ឋភាព​ថ្មី​យ៉ាង​ស្អាត​បាត​និង​សម​រម្យ​។

ប្រ​ព័ន្ធ​បន្ទប់​រៀន​ បន្ទប់​មុខ​ងារ​ មណ្ឌល​ការិយា​ល័យ​ និង​ប្រ​ព័ន្ធ​របង​ជុំ​វិញ​ សុទ្ធ​តែ​បាន​លាប​ពណ៌​ថ្មី​យ៉ាង​ស្អាត​បាត​។ អា​គារ​ពហុមុខ​ងារ​ កន្លែង​សម្រាប់​សកម្ម​ភាព​កាយស​ម្បទា​និង​សិល្បៈ​របស់​សិស្ស​ ព្រម​ទាំង​ប្រ​ព័ន្ធ​បង្គន់​អនា​ម័យសម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ ក៏​បាន​កែ​លម្អ​រួច​រាល់​ផង​ដែរ​។ ជា​ពិ​សេស​ មណ្ឌល​អឌ្ឍ​អន្តេ​វា​សិក​ បាន​បំ​ពាក់​បរិក្ខារ​គ្រប់​គ្រាន់​ ត្រៀម​លក្ខ​ណៈរួច​រាល់​បម្រើ​ការ​ហូប​ចុក​ និង​សម្រាក​របស់​សិស្សា​នុសិស្ស​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ នៅ​ក្នុង​សា​លា​រៀន​។

ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ សា​លា​រៀន​មាន​សេច​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ ដោយ​សារ​បរិមាណ​សិស្ស​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​។ សា​លា​រៀន​ទាំង​មូល​មាន​ ១០ បន្ទប់​រៀន​ ដោយ​មាន​សិស្ស​សរុប​ ៣១២ នាក់​ (កើន​ឡើង​ជាង​ ២០ នាក់​ បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​មុន​)។ ក្នុង​នោះ​ ការ​ងារ​ជម្រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី​ ១ សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ ដោយ​ចលនា​កុមារ​គ្រប់​អាយុ​ចូល​រៀន​បាន​ ៦៥/៦៥ នាក់​ សម្រេច​អត្រា​ ១០០%។

លោក​គ្រូ​ ស៊ើង​ណា​វី​ ចាង​ហ្វាង​សា​លា​បឋម​សិក្សា​អង្គុលី​ បាន​ឱ្យ​ដឹង​៖ “ដើម្បី​ឆ្លើយ​តប​នឹង​បរិមាណ​សិស្ស​កើន​ឡើង​ សា​លា​រៀន​បាន​ម្ចាស់​ការ​រៀប​ចំ​ និង​ប្រ​គល់​ភារ​កិច្ច​ជំ​នាញ​យ៉ាង​សម​ស្រប​ជូន​ដល់​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​បុគ្គលិក​ចំ​នួន​ ២១ រូប​ ដោយ​ធា​នា​ទៅ​តាម​សមត្ថ​ភាព​ និង​ចំ​ណង់​ចំ​ណូល​ចិត្ត​។ មុន​ថ្ងៃ​បើក​បវេសនកាល​ កម្មា​ភិបាល​គ្រប់​គ្រង​ និង​គ្រូ​បង្រៀន​ទាំង​អស់​ បាន​សម្រេច​វគ្គ​បំប៉ន​អំ​ពី​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​  អប់​រំ​សម្រប​ទៅ​និង​កុមារ​ពិ​ការ​ និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​។ ក្រុម​គ្រូ​បង្រៀន​បច្ចុប្បន្ន​មាន​មុខ​ជំ​នាញ​រឹង​មាំ​ និង​ពោរ​ពេញ​ដោយ​ក្តី​ប្ដេជ្ញា​ចិត្ត​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​”។

រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ដោយ​មា​នល​ក្ខណៈ​ពិ​សេស​គឺ​សិស្សា​នុសិស្ស​ជាង​ ៨០% ជា​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ គណៈ​ចាង​ហ្វាង​សា​លា​បឋម​សិក្សា​អង្គុលី​ បាន​កំ​ណត់​ភារ​កិច្ច​ស្នូល​គឺ​ការ​រៀប​ចំ​ស្មារតី​ និង​បង្ក​បរិស្ថាន​សម្រាប់​ខ្លួន​សម្រាប់​កុមារ​។

មុន​ពេល​ចូល​រៀន​ថ្នាក់​ទី​ ១ សា​លា​រៀន​បាន​ចាត់​តាំង​ជោគ​ជ័យ​នូវ​ថ្នាក់​ “បង្កើន​ភា​សា​វៀត​” រយៈ​ពេល​ ៤ សប្តា​ហ៍ ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ជាង​ ៥០ នាក់​។ វគ្គ​សិក្សា​រយៈ​ពេល​ខ្លី​នេះ​ មាន​អត្ថ​ន័យ​សំ​ខាន់​ណាស់​ ដោយ​ជួយ​ឱ្យ​ប្អូន​ៗជម្រុះ​ចោល​របាំង​ភា​សា​ មាន​ភាព​ជឿ​ជាក់​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ និង​ស៊ាំ​ទៅ​នឹង​បរិស្ថាន​បឋម​សិក្សា​បាន​ឆាប់​រហ័ស​។

ទន្ទឹម​នឹង​នោះ​ សា​លា​រៀន​បាន​សកម្ម​ចលនា​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ដើម្បី​ជូន​អា​ហា​រូប​ករណ៍​ សៀវ​ភៅ​ និង​សម្លៀកបំ​ពាក់​ឯក​សណ្ឋាន​ដល់​សិស្ស​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ដោយ​ប្តេជ្ញា​ចិត្ត​មិន​ទុក​ឱ្យ​សិស្ស​ណា​ម្នាក់​បោះ​បង់​ការ​សិក្សា​ដោយ​សារ​ខ្វះ​ខាត​ឡើយ​។

នៅ​តាម​បន្ទប់​រៀន​ បរិយាកាស​រៀប​ចំ​ទទួល​សិស្ស​ថ្មី​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​កក់​ក្តៅ​។ លោក​គ្រូ​ អ្នក​គ្រូ​ប្រ​ចាំ​ថ្នាក់​ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​តុ​បតែង​តាម​បន្ទប់​រៀន​នីមួយៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រៀម​វិធី​សាស្ត្រ​គរុកោសល្យ​សម​ស្រប​នឹង​លក្ខ​ណៈចិត្ត​សាស្ត្រ​របស់​កុមារ​ទៀត​ផង​។

អ្នក​គ្រូ​ ស៊ើង​ធី​សា​ផន គ្រូ​ប្រ​ចាំ​ថ្នាក់​ទី​ ១/១ បាន​ឱ្យ​ដឹង​ ៖ “ដើម្បី​ជួយ​សិស្ស​កាត់​បន្ថយ​ភាព​អៀន​ខ្មាស​ ខ្ញុំ​បាន​បោស​សម្អាត​ថ្នាក់​រៀន​ តុ​បតែង​រូប​ភាព​ និង​រៀប​ចំ​តុ​រៀន​តាម​លក្ខ​ណៈវិទ្យា​សាស្ត្រ​។ ចាប់​ពី​ថ្ងៃ​ដំ​បូង​ចូល​សា​លា​ ខ្ញុំ​បាន​ទទួល​សិស្ស​ដោយ​ស្នាម​ញញឹម​កក់​ក្តៅ​ ហៅ​ឈ្មោះ​សិស្ស​ម្នាក់​ៗ និង​រៀប​ចំ​ល្បែង​កម្សាន្ត​ ច្រៀង​រាំ​ដើម្បី​ស្គាល់​គ្នា​។ ចំ​ពោះ​សិស្ស​ខ្មែរ​ ខ្ញុំ​តែង​តែ​និយាយ​យឺត​ៗ ប្រើ​ប្រាស់​ពាក្យ​ងាយ​យល់​ និង​រូប​ភាព​ជាក់​ស្តែង​។ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​បាន​សហ​ការ​ជិត​ដិត​ជា​មួយ​អា​ណា​ព្យា​បាល​សិស្ស​ ដើម្បី​រួម​គ្នា​ហាត់​ភា​សា​វៀត​ដល់​សិស្ស​។"

អ្នក​គ្រូ​ ស៊ើង​ធី​សា​ផន គ្រូ​ប្រ​ចាំ​ថ្នាក់​ ថ្នាក់​ទី​ ១/១ ប្រើ​ប្រាស់​ឧប​ករណ៍​អន្តរ​កម្ម​ទំនើប​ ណែ​នាំ​សិស្ស​ហាត់​សរ​សេរ​អក្សរ​។

ដោយ​ការ​អំ​ណត់​ព្យា​យាម​របស់​លោក​គ្រូ​ អ្នក​គ្រូ​ បាន​នាំ​មក​នូវ​សេច​ក្តី​រីក​រាយ​យ៉ាង​ធំ​ធេង​ដល់​កុមារ​ និង​បង្ក​បាន​ទំនុក​ចិត្ត​ពី​អា​ណា​ព្យា​បាល​សិស្ស​។ ទឹក​មុខ​ស្រស់​ញញឹម​ពេល​ឈាន​ជើង​ចូល​ថ្នាក់​រៀន​ថ្មី​ ប្អូន​ស្រី​ គឹម​ធី​កេវ​ត្រាង​ សិស្ស​ថ្នាក់​ទី​ ១/១ បាន​ឱ្យ​ដឹង​៖ “ចូល​រៀន​សូ​ត្រ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ កូន​ស្គាល់​បាន​មិត្ត​ភក្តិជា​ច្រើន​ កូន​សរ​សេរ​អក្សរ​បាន​អ្នក​គ្រូ​សរសើរ​ កូន​សន្យា​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​”។

ជូន​ចៅ​មក​សា​លា​តាំង​ពី​ព្រលឹម​ អ្នក​មីង​ស៊ើង​ធី​សា​រាម​ (កើត​ឆ្នាំ​ ១៩៦២) ជា​អា​ណា​ព្យា​បាល​សិស្ស​ ថ្នាក់​ទី​ ១/២ បាន​សម្តែង​សេច​ក្តី​រីក​រាយ​ ៖ "ឃើញ​សា​លា​រៀន​បំ​ពាក់​សម្ភារ​គ្រប់​គ្រាន់​ រៀប​ចំ​មាន​របៀប​រៀប​រយ​ ខ្ញុំ​ត្រេក​អរ​និង​កក់​ក្តៅ​ចិត្ត​ពេល​ជូន​ចៅ​មក​រៀន​។ ខ្ញុំ​ចង់​ឱ្យ​ចៅ​បាន​រៀន​ហូប​ចុក​-ស្នាក់​នៅ​ក្នុង​សា​លា​រៀន​ ទើប​បាន​ទិញ​សម្លៀកបំ​ពាក់​ សម្ភារ​សិក្សា​គ្រប់​គ្រាន់​ មិន​ឱ្យ​ចៅ​ខ្វះ​ខាត​អ្វី​ឡើយ​”។

លោក​គ្រូ​ ថា​ច់ណ​ន គ្រូ​ប្រ​ចាំ​ថ្នាក់​ ថ្នាក់​ទី​ ១/២ សា​លា​បឋម​សិក្សា​អង្គុលី​ បាន​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ និង​ណែ​នាំ​សិស្សា​នុសិស្ស​ខ្មែរ​ហាត់​សរ​សេរ​តួ​អក្សរ​ក្នុង​ថ្ងៃ​ចូល​សា​លា​។

កសាង​បរិស្ថាន​សិក្សា​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​រីក​រាយ​

ទន្ទឹម​នឹង​ការ​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ កិច្ច​ការ​សុខា​ភិបាល​សា​លា​រៀន​ សុវត្ថិ​ភាព​អនា​ម័យចំ​ណី​អា​ហារ​ និង​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក៏​បាន​សា​លា​រៀន​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​ផង​ដែរ​។ កម្មា​ភិបាល​សុខា​ភិបាល​ទទួល​បន្ទុក​ បាន​បំប៉ន​ជំ​នាញ​ស៊ី​ជម្រៅ​អំ​ពី​ការ​គ្រប់​គ្រង​ផ្ទះ​បាយ​អឌ្ឍ​អន្តេ​វា​សិក​ និង​ត្រួត​ពិ​និត្យ​ប្រ​ភព​ចំ​ណី​អា​ហារ​យ៉ាង​ម៉ឺង​ម៉ាត់​។ សា​លា​រៀន​ក៏​បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​នគរ​បាល​ភូមិ​ភាគ​ ដើម្បី​សម្រួល​ចរា​ចរណ៍​ និង​បែង​ផ្លូវ​នៅ​តំ​បន់​ខ្លោង​ទ្វារ​សា​លា​ សំ​ដៅ​ចៀស​វាង​ការ​ស្ទះ​ចរា​ចរណ៍​ក្នុង​ម៉ោង​សិស្ស​ចេញ​រៀន​។

លោក​គ្រូ​ ស៊ើង​ណា​វី​ ចាង​ហ្វាង​សា​លា​បាន​បញ្ជាក់​៖ “ទិស​ដៅ​សំ​ខាន់​នៃ​សា​លា​បឋម​សិក្សា​អង្គុលី​ ក្នុង​ឆ្នាំ​សិក្សា​ ២០២៦ - ២០២៧ គឺ​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​គ្រប់​ជ្រុង​ជ្រោយ​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ថ្មី​ លើក​កម្ពស់​គុណ​ភាព​បង្រៀន​ និង​រៀន​ភា​សា​វៀត​ជូន​ដល់​សិស្ស​ខ្មែរ​ រួម​ផ្សំ​នឹង​ការ​បង្រៀន​វប្ប​ធម៌​ ជា​មួយ​នឹង​ការ​គិត​គូរ​ហូប​ចុក​-ស្នាក់​នៅ​ពេល​ថ្ងៃ​ត្រង់​ ធា​នា​បរិយាកាស​សិក្សា​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ និង​រីក​រាយ​ជូន​ដល់​ប្អូន​ៗ”។

ការ​រៀប​ចំ​យ៉ាង​ហ្មត់​ចត់​គ្រប់​ជ្រុង​ជ្រោយ​ រួម​ជា​មួយ​នឹង​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​សេច​ក្តី​ស្រ​ឡាញ់​អា​ជីព​របស់​សមូហ​ភាព​កម្មា​ភិបាល​ និង​គ្រូ​បង្រៀន​នៃ​សា​លា​បឋម​សិក្សា​អង្គុលី​ គឺ​ជា​បង្អែក​រឹង​មាំ​ សង្ឃឹម​ថា​នឹង​ទទួល​បាន​លទ្ធ​ផល​យ៉ាង​ត្រចះ​ត្រ​ចង់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦ - ២០២៧ ខាង​មុខ​នេះ​៕

ថា​ច់ធី​

ចែករំលែកអត្ថបទ