ជាមួយនឹងសារ “កែវភ្នែក គឺជាភាពជឿជាក់” ហេតុនោះ ភូមិភាគជាច្រើននៅតំបន់ជនជាតិភាគតិចនៅទីក្រុងកឹងធើ បានអនុវត្តកម្មវិធីពិនិត្យ ពិគ្រោះនិងផ្តល់ជូនឱសថដល់ប្រជាជនដោយឥតគិតថ្លៃ។ សកម្មភាពនេះ មិនត្រឹមតែជួយមាមីងឆាប់ប្រទះឃើញជំងឺភ្នែកបានទាន់ពេលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យរីកសាយភាយស្មារតីមនុស្សធម៌ ដើម្បីសុខភាពសហគមន៍ទៀតផង។

ប្រជាជនមកពិនិត្យភ្នែកដោយឥតគិតថ្លៃនៅដំណាក់សុខាភិបាលឃុំថាញ់ថើយអាង
ទីក្រុងកឹងធើ។
រយៈពេលកន្លង ដំណាក់សុខាភិបាលនានានៅលើភូមិឋានទីក្រុងកឹងធើ បានម្ចាស់ការសហការជាមួយមន្ទីរពេទ្យភ្នែក VISI សុកត្រាំង ដើម្បីចាត់តាំងកម្មវិធីពិនិត្យព្យាបាលជំងឺមនុស្សធម៌នៅតាមភូមិភាគជាច្រើន ដូចជានៅឃុំញូយ៉ា ភូឡុក មីភឿក និងថាញ់ថើយអាង។ សកម្មភាពនេះ បានអនុវត្តត្រូវតាមសេចក្តីកំណត់ឯកទេស ធានាមានលក្ខណៈគ្រប់គ្រាន់អំពីបុគ្គលិក ឧបករណ៍ និងបច្ចេកទេស។ កិច្ចសហការស្អិតល្មួតរបស់ដំណាក់សុខាភិបាលភូមិភាគនានា បានរួមចំណែកជួយឱ្យកម្មវិធីនេះដំណើរការរលូន និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុងការថែទាំសុខភាពសហគមន៍។
វេជ្ជបណ្ឌិតឯកទេស ១ ង្វៀងហឺវម៉ាញ់ ឯកទេសភ្នែក មន្ទីរពេទ្យភ្នែក VISI សុកត្រាំង ឱ្យដឹង៖ “នៅតាមទីតាំងនីមួយៗ យើងខ្ញុំធ្វើការពិនិត្យស្វែងរកជំងឺភ្នែកដែលច្រើនតែជួបប្រទះជាញឹកញាប់ដូចជា ភ្នែកឡើងបាយ កន្ទុយថ្លែន និងជំងឺដក់ទឹកក្នុងភ្នែក… ពិសេសចំពោះអ្នកមានវ័យចំណាស់។ ទន្ទឹមនឹងនោះ ប្រជាជននៅទាំងបានពិគ្រោះអំពីវិធីថែទាំភ្នែក ណែនាំការព្យាបាលសមស្រប និងផ្តល់ជូនឱសថដោយឥតគិតថ្លៃបានទាន់ពេល”។
នៅដំណាក់សុខាភិបាលឃុំថាញ់ថើយអាងកម្ម វិធីនេះបានអនុវត្តក្នុងគោលបំណងប្រទះឃើញនិងធ្វើអន្តរាគមន៍បានទាន់ពេលនូវជំងឺពាក់ព័ន្ធនឹង ភ្នែក ពិសេសចំពោះអ្នកមានអាយុពី ៥០ ឆ្នាំឡើង ទៅតាមរយៈនោះ បានទាក់ទាញមាមីងមកពិនិត្យច្រើនកុះករ។ លោកថាច់កេន នៅភូមិអាងហ្វា១ ឱ្យដឹង៖ “វ័យកាន់តែចាស់ ភ្នែកខ្ញុំកាន់តែមើលមិនច្បាស់។ ពេលបានកម្មាភិបាលភូមិជូនដំណឹងនិងចែកក្រដាសឱ្យទៅពិនិត្យភ្នែកដោយឥតគិតថ្លៃនៅ ដំណាក់សុខាភិបាលឃុំ ខ្ញុំត្រេកអរខ្លាំងណាស់។ ដោយសារមានកម្មវិធីនេះ ទើបអ្នកមានវ័យចំណាស់ ដូចរូបខ្ញុំមានឱកាសបានវេជ្ជបណ្ឌិតពិនិត្យ ពិគ្រោះ និងឃើញបញ្ហាភ្នែកបានទាន់ពេល”។
លោកលីមិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ឱ្យដឹង៖ “កម្មវិធីពិនិត្យស្វែងរកជំងឺភ្នែកបានអនុវត្ត ដើម្បីម្ចាស់ការប្រទះឃើញជំងឺភ្នែកទាន់ពេលជូនប្រជាជននៅលើភូមិឋាន។ ការចាត់តាំងពិនិត្យនៅដំណាក់សុខាភិបាល ជួយឱ្យប្រជាជនងាយស្រួលកៀកជិតសេវាកម្ម កាត់បន្ថយបង់ខាតប្រាក់កាស និងពេលវេលាធ្វើដំណើរទៅមកតាមរយៈនោះ លើកកម្ពស់ប្រសិទ្ធភាពថែទាំសុខភាពក្នុងសហគមន៍”។
អាចសង្កេតឃើញ សកម្មភាពពិនិត្យភ្នែកដោយឥតគិតថ្លៃមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីទទួលខុសត្រូវក្នុងការព្រួតដៃគ្នា ដើម្បីសហគមន៍របស់ផ្នែកសុខាភិបាលទៀតផង។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាពភ្នែក សន្សឹមៗកែលម្អគុណភាពរស់នៅរបស់មាមីងនៅតំបន់ជនជាតិភាគតិច៕
ហុងទើ - វិមាន