ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/08/2026 - 22:43

យកការពេញចិត្តរបស់ប្រជាជន ធ្វើជាបន្ទាត់វាស់វែងសមត្ថភាពដឹកនាំ 

សាខាបក្សមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលរដ្ឋឃុំហ្វាលឺវ បានចង្អុលការដល់កម្មាភិបាល បក្ខជន និងអ្នករដ្ឋការ គប្បីលើកកម្ពស់ស្មារតីឈានមុខ និងធ្វើជាគំរូក្នុងការអនុវត្តភារកិច្ច។ សាខាបក្សបានបញ្ជ្រាប និងអនុវត្តគោលលំនាំ “យកប្រជាជនធ្វើជាមជ្ឈមណ្ឌលនៃការបម្រើ និងយកការពេញចិត្ត ក្តីជំនឿរបស់ប្រជាជនធ្វើជាបន្ទាត់វាស់វែងវាយតម្លៃប្រសិទ្ធភាពការងារ”។ គោលលំនាំនេះបានស៊ីជម្រៅក្នុងសតិអារម្មណ៍ និងសកម្មភាពរបស់កម្មាភិបាល បក្ខជន និងអ្នករដ្ឋការនៃមជ្ឈមណ្ឌល។

ភស្តុតាងមួយក្នុងចំណោមភស្តុតាងនៃស្មារតីខិតខំបម្រើប្រជាជនរបស់កម្មាភិបាល បក្ខជន និងអ្នករដ្ឋការនៃមជ្ឈមណ្ឌល គឺ “ធ្វើឱ្យអស់ការងារ មិនអស់ម៉ោង”។ សាខាបក្សបានចង្អុលការឱ្យកម្មាភិបាល និងបក្ខជន ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការបន្ថែមវេន និងបន្ថែមម៉ោង ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលដែលកើតឡើងក្នុងថ្ងៃឱ្យជ្រះស្រឡះ។ លោកស្រី ង្វៀង ង៉ុកយ៉ីម អ្នករដ្ឋការអត្រានុកូលដ្ឋាន បានចែករំលែក៖ “ទោះបីជាបរិមាណការងារច្រើន ប៉ុន្តែដោយស្មារតីបម្រើប្រជាជនដោយអស់ពីចិត្ត ខ្ញុំតែងតែធ្វើការយ៉ាងស្វាហាប់ សូម្បីតែក្រៅម៉ោងរដ្ឋបាល ដើម្បីដោះស្រាយនិងប្រគល់លទ្ធផលជូនប្រជាជនឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស”។

កម្មាភិបាល បក្ខជន និងអ្នករដ្ឋការមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលរដ្ឋឃុំហ្វាលឺវ បម្រើប្រជាជនក្នុងការអនុវត្តនីតិវិធីរដ្ឋបាល។

លោក ហ្វិញ វ៉ាំងភុង ប្រជាជននៅភូមិថាញ់ហ្វា បានអញ្ជើញមកមជ្ឈមណ្ឌលដើម្បីធ្វើនីតិវិធីប្រគល់សិទ្ធិគោរពបូជាអ្នកម្តាយវៀតណាមវីរភាព បានឱ្យដឹង៖ “ខ្ញុំបានកម្មាភិបាល និងអ្នករដ្ឋការណែនាំនីតិវិធីយ៉ាងយកចិត្តទុកដាក់ ដោះស្រាយសំណុំលិខិតនិងប្រគល់លទ្ធផលយ៉ាងឆាប់រហ័ស។ ប្រជាជនយើងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង និងរីករាយចំពោះការយកចិត្តទុកដាក់របស់កម្មាភិបាល និងអ្នករដ្ឋការឃុំខ្លាំងណាស់”។

សាខាបក្សមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសារដ្ឋឃុំហ្វាលឺវ បានម្ចាស់ការដឹកនាំអង្គភាពក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន អនុវត្តផ្លាស់ប្តូរឌីជីថល និងផ្លាស់ថ្មីវិធីជំនាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ទន្ទឹមនឹងនោះ ចង្អុលការឱ្យបក្ខជន និងអ្នករដ្ឋការចូលរួមយ៉ាងសកម្មក្នុងការជួយគាំទ្រ និងណែនាំប្រជាជនឱ្យដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ តាមរយៈច្រកសេវាកម្មរដ្ឋជាតិ។ អាស្រ័យធ្វើបានល្អក្នុងដំណាក់កាលផ្សព្វផ្សាយ និងណែនាំ អត្រាសំណុំលិខិតដែលដាក់តាមប្រព័ន្ធអនឡាញនៅមជ្ឈមណ្ឌលសម្រេច ១០០%។ លោក ត្រាង អ៊ិចហ្វា លេខាសាខាបក្ស នាយកមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលរដ្ឋឃុំ បានឱ្យដឹង៖ “ទោះបីជាសម្ពាធការងារធំធេងយ៉ាងណាក៏ដោយ ប៉ុន្តែជាមួយនឹងនីតិវិធីបែបវិទ្យាសាស្ត្រ និងការយកចិត្តទុកដាក់របស់កម្មាភិបាល និងបក្ខជន អត្រាដោះស្រាយនិងប្រគល់លទ្ធផលជូនប្រជាជនមុនកាលកំណត់ និងត្រូវតាមកាលកំណត់សម្រេចបាន ៩៩,៧%”។

ជាពិសេស សាខាបក្សបានចង្អុលការឱ្យអនុវត្តទម្រង់ “រដ្ឋបាលមិនណាត់ជួប”។ ចំពោះនីតិវិធីរដ្ឋបាលទូទៅមួយចំនួនដូចជា៖ អត្រានុកូលដ្ឋាន ការបញ្ជាក់ (លើកលែងតែករណីចុះបញ្ជីអាពាហ៍ពិពាហ៍គឺត្រូវផ្ទៀងផ្ទាត់តាមបទប្បញ្ញត្តិ) ជំនួសឱ្យការប្រគល់លទ្ធផលក្នុងរយៈពេល ១ ដល់ ៧ ថ្ងៃ អង្គភាពនឹងអនុវត្តដោះស្រាយ និងប្រគល់លទ្ធផលជូនប្រជាជនភ្លាមៗតែម្តង។

ចាប់ពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៦ សាខាបក្សបានចង្អុលការឱ្យអនុវត្តទម្រង់ “រដ្ឋបាលចល័តជួយគាំទ្រ និងរួមដំណើរជាមួយអ្នកងាយរងគ្រោះ”។ ទម្រង់នេះសំដៅជួយគាំទ្រប្រជាជនដែលមានអាយុចាប់ពី ៧៥ ឆ្នាំឡើងទៅ អ្នកពិការកម្រិតធ្ងន់ អ្នកបាត់បង់សមត្ថភាពធ្វើដំណើរ ឬគ្រួសារដែលមានជីវភាពក្រខ្សត់ខ្លាំង។ ប្រជាជននៅពេលមានតម្រូវការដោះស្រាយនីតិវិធីរដ្ឋបាល គ្រាន់តែលទូរស័ព្ទមកនឹងបានកម្មាភិបាល និងអ្នករដ្ឋការចុះទៅជួយដល់ផ្ទះដោយផ្ទាល់ក្នុងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ ហើយនាំយកលទ្ធផលទៅប្រ​គល់​ជូនដល់ដៃប្រជាជន។ ទម្រង់នេះបានជួយគាំទ្រប្រជាជនបានចំនួន ២០ ករណី ។

ចែករំលែកអំពីទិសដៅនាពេលខាងមុខ លោក ត្រាង អ៊ិចហ្វា លេខាសាខាបក្ស នាយកមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលរដ្ឋឃុំ បានសង្កត់ធ្ងន់៖ “សាខាបក្សនឹងបន្តលើកកម្ពស់បន្ថែមទៀតនូវសមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការបក្ស; កែលម្អវិធីសាស្ត្រធ្វើការងារជាប្រចាំ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបម្រើប្រជាជន។ យើងខ្ញុំបានកំណត់ច្បាស់ថា ការពេញចិត្ត និងក្តីជំនឿរបស់ប្រជាជន គឺជាបន្ទាត់វាស់វែងយ៉ាងម៉ឺងម៉ាត់បំផុតចំពោះគុណភាពសកម្មភាពរបស់សាខាបក្ស និងបក្ខជនម្នាក់ៗ”៕

អាញ់យុង-វ៉ាន់តឹន

ចែករំលែកអត្ថបទ