26/08/2026 - 21:36

យុវ​ជន​ចូល​ចិត្ត​ទូក​ - ង ខ្នាត​តូច​ប្រ​ពៃ​ណី​ដើម្បី​ផ្តើម​អា​ជីព​ 

ផ្តើម​ពី​ការ​ចូល​ចិត្ត​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ យុវ​ជន​វ័យ​ក្មេង​ម្នាក់​ បាន​ស្វែង​រក​ទិស​ដៅ​សម្រាប់​ខ្លួន​ដោយ​ផ្តើម​អា​ជីព​ដែល​ពោរ​ពេញ​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ រចនា​ទូក​-ងខ្នាត​តូច​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​ជាតិ​ខ្មែរ​ណាម​បូ​។ នោះ​គឺ​បង​ ថា​ច់រ៉ូស៊ី​ដុល​ ភូមិ​តឹង​ថាំង​ ឃុំ​តឹង​ឡុង​ ទី​ក្រុង​កឹង​ធើ​។

បង​ដុល​ជា​មួយ​ទូក​-ងខ្នាត​តូច​រក្សា​លក្ខ​ណៈត្រឹម​ត្រូវ​ដូច​ភាព​ដើម​នៃ​ទូក​-ងវត្ត​ទំ​នប់​ ឃុំ​អាង​និញ។

បង​ ថា​ច់រ៉ូស៊ី​ដុល​ កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ប្រ​ពៃ​ណី​សិល្បៈ​ ឪ​ពុក​ជា​ជាង​គំនូរ​ គូរ​ក្បាច់​រចនា​នៅ​តាម​វត្ត​ខ្មែរ​ និង​តុ​បតែង​លម្អ​ក្បាច់​រចនា​នៅ​លើ​ទូក​-ង។ ដោយ​មាន​ទេព​កោស​ល្យស្រាប់​ ម្ល៉ោះហើយ​ពេល​បាន​ឪ​ពុក​បង្ហាត់​បង្ហាញ​ការ​ងារ​ បង​ឆាប់​ក្រេប​ជញ្ជក់​បាន​ស្ទើរ​តែ​ទាំង​អស់​ពី​បច្ចេក​ទេស​គូរ​ តុ​បតែង​លម្អ​ និង​លាយ​ពណ៌​ បង​ ស៊ី​ដុល​ រៀប​រាប់​៖ “តាំង​ពី​ក្មេង​មក​ ខ្ញុំ​ចូល​ចិត្ត​កី​ឡា​ប្រ​ណាំង​ទូក​-ងណាស់​។ ឃើញ​ដូច្នេះ​ ពេល​ទៅ​វត្ត​ឃើញ​គេ​ហាត់​សម​ទូក​-ង និង​គូរ​គ្បាច់​រចនា​នៅ​លើ​ទូក​-ង ខ្ញុំ​ក៏​មាន​ចិត្ត​ស្រ​ឡាញ់​ដោយ​មិន​ដឹង​ខ្លួន​ ពេល​ឪ​ពុក​គូរ​គ្បាច់​រចនា​នៅ​វត្ត​ជិត​ផ្ទះ​ ខ្ញុំ​តែង​ទៅ​តាម​ដើម្បី​រៀន​ពី​វិធី​លាយ​ពណ៌​ ហើយ​ឪ​ពុក​ក៏​បាន​ណែ​នាំ​ពី​របៀប​លាយ​ពណ៌​លើ​ទូក​-ងខ្នាត​តូច​ ខ្ញុំ​ក៏​បាន​រៀន​សូ​ត្រ​បន្ថែម​ពី​បណ្តា​ញសង្គម​ YouTube ដើម្បី​ជ្រើស​រើស​ទូក​ណា​ដែល​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​រៀង​រាល់​ឆ្នាំ​ ពេល​នោះ​អតិថិ​ជន​នឹង​បញ្ជា​ទិញ​ឱ្យ​យើង​ធ្វើ​”។ អា​ស្រ័យ​ហេ​តុ​នោះ​ ដើម​ឆ្នាំ​ ២០២០ បង​ប្តេជ្ញា​ចិត្ត​ផ្តើម​អា​ជីព​ចេញ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ផ្ទាល់​ខ្លួន​ ហើយ​បាន​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ឡុង​ឧទ្ទេស​នាម​ឱ្យ​បុល​ប្រាក់​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ចំ​នួន​ ២០ លាន​ដុង​ ដើម្បី​ទិញ​ម៉ាស៊ីន​បរិក្ខារ​ដូច​៖ ម៉ាស៊ីន​អារ​ឈើ​ ម៉ាស៊ីន​ឈូស​ ម៉ាស៊ីន​ខួង​ និង​វត្ថុ​ធា​តុ​ដើម​ផ្សេង​ៗដើម្បី​ធ្វើ​ បង​តែង​ស្វែង​រក​ទិញ​ដើម​មាក់បាត​ ដើម​ស្មាច់​ពី​មា​មីង​ភូមិ​ស្រុក​យក​មក​ហាល​ស្ងួត​ មុន​នឹង​បន្ត​ដល់​ដំ​ណាក់​ការ​ដាប់​ឆ្លាក់​ ច្នៃ​ជា​គំ​រូ​ទូក​-ងខ្នាត​តូច​។ វណ្ណ​កម្ម​នីមួយៗ​ដែល​បាន​ច្នៃ​ បង​តែង​ព្យា​យាម​បង្ហាញ​ឡើង​វិញ​ពី​លម្អិត​នៃ​ក្បាច់​រចនា​ឱ្យ​បាន​ពិត​ប្រាកដ​ និង​ត្រឹម​ត្រូវ​បំ​ផុត​តាម​គំ​រូ​ដើម​ រក្សា​ទាំង​ស្រុង​ព្រលឹង​នៃ​ទូក​-ងពិត​ប្រាកដ​នៅ​តាម​វត្ត​នីមួយៗ​។

កំ​ពុង​លាប​ថ្នាំ​ក្បាច់​រចនា​ដើម្បី​បង្ហើយ​ទូក​-ងខ្នាត​តូច​ បង​ស៊ី​ដុល​ ឱ្យ​ដឹង​បន្ថែម​៖ “នេះ​គឺ​ជា​គំ​រូ​ទូក​-ងរបស់​វត្ត​ទំ​នប់​ ជា​ទូក​-ងដែល​ឈ្នះ​រង្វាន់​ជើង​ឯក​ ច្រើន​ឆ្នាំ​ជាប់​ៗគ្នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ និង​ទូក​-ងផ្សេង​ៗទៀត​អា​ស្រ័យ​វត្ត​មួយ​ចំ​នួន​បញ្ជា​ទិញ​។ ដើម្បី​ទទួល​បាន​ស្នា​ដៃ​ស្អាត​ៗដូច​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​ខិត​ខំ​ស្វែង​យល់​ដោយ​ខ្លួន​ឯង​ របៀប​លាយ​ពណ៌​ និង​ផ្ចិត​ផ្ចង់​យ៉ាង​ហ្មត់​ចត់​ពី​លក្ខ​ណៈនៃ​ក្បាច់​រចនា​។ ក្រោយ​ពី​រយៈ​ពេល​ច្រើន​ឆ្នាំ​អត់​ធ្មត់​រៀន​សូ​ត្រ​ដោយ​ខ្លួន​ឯង​ ផលិត​ផល​ដែល​ខ្ញុំ​ធ្វើ​បាន​ មធ្យម​ក្នុង​មួយ​ខែ​ប្រហែល​ ២៤ ទូក​-ងខ្នាត​តូច​ ធំ​ ដោយ​មាន​ប្រ​វែង​ចាប់​ពី​ ៨០ សង់​ទី​ម៉ែ​ត្រ​ ដល់​ ២,៥ ម៉ែ​ត្រ​។ តម្លៃ​លក់​ផលិត​ផល​នីមួយៗ​ចន្លោះ​ពី​ ៨០០ ពាន់​ដុង​ ដល់​ ១,៥ លាន​ដុង​ អា​ស្រ័យ​លើ​ខ្នាត​តូច​ ធំ​។ ដោយ​សារ​របរ​នេះ​ ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​ដើម្បី​គិត​អាន​ជីវ​ភាព​គ្រួ​សារ​ ក្នុង​មួយ​ខែ​អា​ចរក​ប្រាក់​ចំ​ណូល​បាន​ប្រហែល​ ១៤ ដល់​ ១៥ លាន​ដុង​ ក្រោយ​ពី​ទូ​ទាត់​ចំ​ណាយ​រួច​រាល់​”។

បង​ថា​ច់ រ៉ូស៊ី​ដុល​ (ទី​ពីរ​ពី​ស្តាំ) កំ​ពុង​ឧទ្ទេស​នាម​ផលិត​ផល​ទូក​-ងខ្នាត​តូច​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ឡុង​។

បច្ចុប្បន្ន​ គំ​រូ​ទូក​-ងខ្នាត​តូច​របស់​បង​ស៊ី​ដុល​ បាន​អ្នក​ជា​ច្រើន​និយម​ចូល​ចិត្ត​ ពិ​សេស​អ្នក​ដែល​ស្រ​ឡាញ់​កី​ឡា​ប្រ​ណាំង​ទូក​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ សូ​ម្បី​តែ​អ្នក​ខ្លះ​ថែម​ទាំង​ស្វែង​រក​បញ្ជា​ទិញ​តាម​តម្រូវ​ការ​គំ​រូ​ ក្បាច់​រចនា​របស់​ទូក​-ងក្នុង​ភូមិ​ស្រុក​ដែល​ពួក​គេ​គាំ​ទ្រ​ទៀត​ផង​។ ក្រៅ​ពី​នេះ​ ផលិត​ផល​របស់​បង​ក៏​បាន​ដាក់​លក់​នៅ​លើ​បណ្តា​ញសង្គម​ និង​ដល់​ដៃ​អតិថិ​ជន​ទាំង​ក្នុង​ និង​ក្រៅ​ទី​ក្រុង​ផង​ដែរ​។

បង​ត្រិញវ៉ាំង​កែវ​ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​តឹង​ឡុង​ ឱ្យ​ដឹង​៖ “ទូក​-ងខ្នាត​តូច​គឺ​ជា​ទម្រង់​ផ្តើម​អា​ជីព​គំ​រូ​របស់​យុវ​ជន​ឃុំ​តឹង​ឡុង​។ ទម្រង់​នេះ​របស់​បង​ថា​ច់រ៉ូស៊ី​ដុល​ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​ និង​ពង្រីក​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ សង្ឃឹម​ថា​ រយៈ​ពេល​ខាង​មុខ​ នឹង​ជួយ​ឱ្យ​គាត់​ឧទ្ទេស​នាម​ផលិត​ផល​បាន​ទូ​លំ​ទូ​លាយ​ជាង​មុន​ ដើម្បី​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​ទី​ក្រុង​កឹង​ធើ​ ទទួល​បាន​ផលិត​ផល​ដ៏​ពិ​សេស​យក​ទៅ​ធ្វើ​ជា​វត្ថុ​អនុ​ស្សាវ​រី​យ៍។ ក្រៅ​ពី​នេះ​ ផលិត​ផល​ទូក​-ងខ្នាត​តូច​របស់​បង​ក៏​បាន​ភូមិ​ភាគ​ទទួល​ស្គាល់​ថា​ជា​ផលិត​ផល​សម្រេច​ស្តង់​ដារ​ OCOP លំ​ដាប់​ផ្កាយ​៣ ក្នុង​ឆ្នាំ​ ២០២៣ និង​បាន​សម្ព័ន្ធ​យុវ​ជន​ស្រុក​ថា​ញ់ទ្រី​ ចាស់​ នាំ​យក​ទៅ​ចូល​រួម​តាំង​ពិព័រណ៍​ផលិត​ផល​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ខេត្ត​សុក​ត្រាំង​(ចាស់​) ខេត្ត​ប៊ិញយឿង​ (ចាស់​) និង​កិច្ច​ប្រ​ជុំ​ជំ​រុញ​ដំ​ណើរ​ពាណិជ្ជ​កម្ម​ផ្សេង​ៗទៀត​។ល។” 

បង​ថា​ច់រ៉ូស៊ី​ដុល​ គឺ​ជា​យុវ​ជន​ម្នាក់​ផ្តើម​អា​ជីព​ដែល​មិន​ចាំ​បាច់​ត្រូវ​តែ​ចាប់​ផ្តើម​ពី​កិច្ច​ការ​ធំ​ដុំ​នោះ​ទេ​។ ពេល​ខ្លះ​ ឱ​កាស​កើត​ចេញ​ពី​តម្លៃ​ដែល​នៅ​ជិត​ស្និទ្ធ​នឹង​ស្រុក​កំ​ណើត​។ នៅ​ពេល​ចេះ​គួប​ផ្សំ​ពី​ចំ​ណង់​ចំ​ណូល​ចិត្ត​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ និង​ស្មារតី​អភិ​រក្ស​វប្ប​ធម៌​ តម្លៃ​ប្រ​ពៃ​ណី​ទាំង​ស្រុង​អាច​ក្លាយ​ជា​ប្រ​ភព​នៃ​ការ​បំ​ផុស​គំ​និត​ សម្រាប់​ទម្រង់​អា​ជីវ​កម្ម​ថ្មី​មួយ​ផង​ដែរ​។ រយៈ​ពេល​ច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​របរ​ប្រ​ពៃ​ណី​នេះ​ បង​ទទួល​បា​នប​ណ្ណ​សរសើរ​ជា​ច្រើន​ពី​មជ្ឈិម​សម្ព័ន្ធ​យុវ​ជន​វៀត​ណាម​ សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ ចាស់​ បណ្ណ​សរសើរ​ពី​សម្ព័ន្ធ​យុវ​ជន​ស្រុក​ថា​ញ់ទ្រី​ (ចាស់​) និង​លិខិត​សរសើរ​ជា​ច្រើន​ពី​គណៈ​កម្មា​ធិ​ការ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ផ្សេង​ៗទៀត​៕

ដា​លី​ន- លី​សៀ​

ចែករំលែកអត្ថបទ