នៅព្រឹកថ្ងៃទី ១៥ ខែឧសភា នៅតំបន់បៀងត្រេន A សង្កាត់វិញភឿក គណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សហការជាមួយគណៈគ្រប់គ្រងព្រៃបង្ការឆ្នេរសមុទ្រ ចំណុះមន្ទីរកសិកម្ម និងបរិស្ថានទីក្រុង ចាត់តាំងពិធីបំផុសចលនា “ថ្ងៃបុណ្យដាំដើមឈើជានិច្ចកាលចងចាំគុណូបការៈអ៊ំហូ” ស្របឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១៣៦ ទិវាខួបកំណើតរបស់លោកប្រធានហូជីមិញ។
ចូលរួមពិធី រួមមានលោកវរសេនីយ៍ឯក ហាហ្វីទ្រឿង ស្នងការនយោបាយរងនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទីក្រុងកឹងធើ; តំណាងថ្នាក់ដឹកនាំនៃគណៈគ្រប់គ្រងព្រៃបង្ការឆ្នេរសមុទ្រទីក្រុង; គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន និងកម្មាភិបាល យុទ្ធជន សម្ព័ន្ធយុវជន សមាជិកសមាគម និងប្រជាជនតំបន់ឆ្នេរសមុទ្ររួមក្នុងកម្មវិធីនេះ។
.jpg)
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនចូលរួមដាំដើមឈើ។
ថ្លែងក្នុងពិធី វរសេនីយ៍ឯក ហាហ្វីទ្រឿង សង្កត់ធ្ងន់៖ ការចាត់តាំងបំផុសចលនាដាំដើមឈើការពារឆ្នេរសមុទ្រ គឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងចលនា “ថ្ងៃបុណ្យដាំដើមឈើ ជានិច្ចកាលចងចាំគុណូបការៈអ៊ំហូ” រួមចំណែកការពារជីវបរិស្ថាន ប្រឈមទៅនឹងការប្រែប្រួលអាកាសធាតុ និងកសាងតំបន់ព្រំដែនសមុទ្រកាន់តែបៃតង ជ្រះ ស្អាត។ ទន្ទឹមនឹងនោះ លោកក៏បានបញ្ជាក់៖ រាល់ដើមកោងកាងនិងដើមស្មាច់ដែលដាំថ្ងៃនេះ មិនត្រឹមតែរួមចំណែកដល់ការរក្សាដី ការពាររលក និងទប់ទល់ការហូរច្រោះប៉ុណ្ណោះទេ ថែមទាំងបង្កក្តីជំនឿ និងក្តីសង្ឃឹមអំពីបរិស្ថានរស់នៅមានសុវត្ថិភាព និងចីរភាពសម្រាប់អ្នកជំនាន់ក្រោយទៀតផង។
យោងតាមគណៈចាត់តាំង ការបំផុសចលនាលើកនេះគឺអនុវត្តដាំបម្ថែមព្រៃបង្ការឆ្នេរសមុទ្រចំនួន ១៧ ហិកតា ដោយមានដើមឈើចំនួន ៥៦,៦០០ ដើម ដូច៖ ដើមកោងកាង ដើមប្រាសាក់ និងដើមស្មាច់ នៅតំបន់ភូមិព្រៃជាប់ B ឃុំឡាយហ្វា និងតំបន់បៀងត្រេន A សង្កាត់វិញភឿក ដែលគឺជាប្រភេទដើមឈើធន់នឹងជាតិប្រៃ សមស្របជាមួយនឹងលក្ខណៈធម្មជាតិនៃតំបន់ឆ្នេរសមុទ្រ រួមចំណែកក្នុងការការពាររលក ទប់ទល់ការហូរច្រោះ និងលំនឹងឆ្នេរដីដុះ។ បន្ទាប់ពីពិធីបំផុសចលនាភ្លាមនោះ អ្នកតំណាង កម្មាភិបាល យុទ្ធជន ប្រជាជនបានចូលរួមបើកយុទ្ធនាការដាំព្រៃបង្ការឆ្នេរសមុទ្រនៅតំបន់ដែលបានកំណត់ជាមួយផ្ទៃដីប្រមាណ ៥ ហិកតា។

ជូនអំណោយដល់គ្រួសារខ្មែរដែលមានស្ថានភាពខ្វះខាត។
ក្នុងឱកាសនេះដែរ គណៈចាត់តាំងក៏បានជូនអំណោយចំនួន ១០ ចំណែកដល់គ្រួសារជនជាតិខ្មែរដែលមានស្ថានភាពខ្វះខាតនៅតំបន់បៀងត្រេន និងបៀងត្រេន A សង្កាត់វិញភឿក រួមចំណែកលើកទឹកចិត្តមាមីងឱ្យឈានឡើងក្នុងជីវភាព៕
លីធាន - មេងលី