08/05/2026 - 20:45

រួម​កម្លាំង​កសាង​ផ្ទះ​សប្បុ​រស​ធម៌ ពង្រឹង "យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន" 

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ធ្វើ​ដំ​ណើរ​តាម​ដង​ផ្លូវ​ជន​បទ ចាប់​ពី​តំ​បន់​មាត់​សមុទ្រ រហូត​ដល់​តំ​បន់​ដាច់​ស្រ​យាល និង​តំ​បន់​មូល​ដ្ឋាន​បដិ​វត្តន៍​នៃ​ខេត្ត​កា​ម៉ាវ យើង​ងាយ​នឹង​ឃើញ​រូប​ភាព​កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​បាល រួម​ជា​មួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន និង​ប្រ​ជា​ជន កំ​ពុង​មមា​ញឹក​ដឹក​ជញ្ជូន​សម្ភារៈ ចាក់​ដី​បំ​ពេញ​គ្រឹះ និង​រុះ​រើ​ផ្ទះ​ចាស់ ដើម្បី​សាង​សង់​ផ្ទះ​ថ្មី​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ និង​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។

ក្រោម​ពន្លឺ​ថ្ងៃ​ក្តៅ​នា​ដើម​រដូវ លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​ម្តង​ម្កាល បរិ​យា​កាស​ពល​កម្ម​នៅ​តែ​បន្ត​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ប្រ​ញាប់​ប្រ​ញាល់ និង​ផុល​ផុស។ រាល់​បាវ​ស៊ី​ម៉ង រាល់​រទេះ​ដី និង​រាល់​ដុំ​ឥដ្ឋ ត្រូវ​បាន​ហុច​បន្ត​ដៃ​គ្នា​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ និង​ការ​ចែក​រំ​លែក បង្ក​ជា​ចល​នា​ប្រ​កប​ដោយ​អត្ថ​ន័យ​មនុស្ស​ធម៌ តាម​រយៈ​គោល​ការណ៍​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​សប្បុ​រស​ធម៌ ដោយ​ប្រ​ភព​ថវិ​ការ​បស់​ក្រ​សួង​នគរ​បាល។ កម្ម​វិធី​នេះ​មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រូប​ភាព​យុទ្ធ​ជន​នគរ​បាល​ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន ច្បាម​ប្រ​ជា​ជន បម្រើ​ប្រ​ជា​ជន ព្រម​ទាំង​រួម​ចំ​ណែក​ពូន​ជ្រំ “យុទ្ធ​សាស្រ្ត​ទឹក​ចិត្ត​ប្រ​ជា​ជន” ឱ្យ​កាន់​តែ​រឹង​មាំ​ចាប់​ពី​មូល​ដ្ឋាន។

កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​បាល​ខេត្ត​កា​ម៉ាវ ជួយ​សាង​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន។

នៅ​ឃុំ​បៀង​បាច់ កង​កម្លាំង​នគរ​បាល​ឃុំ រួម​ជា​មួយ​កង​កម្លាំង​ចូល​រួម​ការ​ពារ​សន្តិ​សុខ សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន បាន​បញ្ចប់​ការ​ជួយ​ជ្រោម​ជ្រែង​បើក​កា​រដ្ឋាន​សាង​សង់​ផ្ទះ​ចំ​នួន ១២ ខ្នង ដែល​បាន​អនុ​ម័ត។ ភ្លាមៗ​ក្រោយ​ពិ​ធី​បើក​ការ​ដ្ឋាន កង​កម្លាំង​នា​នា​បាន​បន្ត​ចាប់​ដៃ​រុះ​រើ​ផ្ទះ​ចាស់ ដឹក​ជញ្ជូន​សម្ភារៈ និង​រៀប​ចំ​គ្រឹះ​ផ្ទះ។ លោក​វរ​សេ​នីយ៍​ទោ តូ​មិញ​ដឿង អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​បៀង​បាច់ បាន​ចែក​រំ​លែក៖ “ទោះ​បី​ជា​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ប៉ុន្តែ​កម្មា​ភិ​បាល យុទ្ធ​ជន​នៅ​តែ​ម្ចាស់​ការ​រៀប​ចំ​ពេល​វេ​លា ធា​នា​ទាំង​ការ​ងារ​ជំ​នាញ​ផង និង​ឆ្លៀត​ពេល​ជួយ​ប្រ​ជា​ជន ដើម្បី​កុំ​ឱ្យ​យឺត​យ៉ាវ​តាម​ផែន​ការ ជួយ​ឱ្យ​មា​មីង​ឆាប់​មាន​ផ្ទះ​សម្បែង​រស់​នៅ​ស្ថិរ​ភាព”។

ទន្ទឹម​នឹង​នោះ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នៃ​បណ្តា​កា​រិ​យា​ល័យ​វិជ្ជា​ជីវៈ​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​មក​ដល់​ឃុំ​ង្វៀង​វៀត​ខាយ ដើម្បី​ជួយ​ចាក់​ដី​បំ​ពេញ​គ្រឹះ និង​ដឹក​ជញ្ជូន​សម្ភារៈ​ជូន​គ្រួ​សារ​លោក ដាំង​វ៉ាំង​វ៉ាយ នៅ​ភូមិ​តឹង​ក្វាង A និង​គ្រួ​សារ​អ្នក​មីង ត្រឹង​ធី​តាម នៅ​ភូមិ​កាយ​ដូយ​ញ៉ A។ ទោះ​បី​អា​កាស​ធាតុ​មិន​អំ​ណោយ​ផល ភ្លៀង​ធ្លាក់​ធ្វើ​ឱ្យ​ដី​បែក​ភក់ និង​រអិល​ក៏​ដោយ ប៉ុន្តែ​កម្លាំង​នា​នា​នៅ​តែ​មិន​រុញ​រា។ រទេះ​ដឹក​ដី​ជា​ច្រើន​ត្រូវ​បាន​ដឹក​ជញ្ជូន​ឥត​ឈប់​ឈរ គ្រឹះ​ផ្ទះ​នី​មួយៗ​ត្រូវ​បាន​បំ​ពេញ​ជា​បណ្តើរៗ ប្រៀប​ដូច​ជា​ការ​ពូន​ជ្រំ​ទំ​នុក​ចិត្ត​រវាង​កម្លាំង​នគរ​បាល និង​ប្រ​ជា​ជន។ លោក​អនុ​សេនីយ៍​ឯក ត្រឹង​វ៉ាំង​សាក់ បាន​ឱ្យ​ដឹង៖ ទោះ​បី​មេឃ​ក្តៅ​ឬ​ភ្លៀង បង​ប្អូន​ទាំង​អស់​សុទ្ធ​តែ​ប្តេជ្ញា​ចិត្ត​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន ភាព​សប្បាយ​រីក​រាយ និង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​គឺ​ជា​កម្លាំង​ចិត្ត​ដើម្បី​ឱ្យ​កង​កម្លាំង​បន្ត​ខិត​ខំ។ យើង​ខ្ញុំ​ខិត​ខំ​បង្ហើយ​ការ​សាង​សង់ និង​ប្រ​គល់​ផ្ទះ​ជូន​មា​មីង​នៅ​ថ្ងៃ​ទី ១៩ ខែ​ឧស​ភា ខាង​មុខ​នេះ។

សកម្ម​ភាព​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​បាល បាន​ធ្វើ​ឱ្យ​ប្រ​ជា​ជន​កាន់​តែ​រំភើប​ចិត្ត បង្ហាញ​ច្បាស់​តាម​រយៈ​ក្រ​ស្រែ​ភ្នែក​និង​ស្នាម​ញ​ញឹម នៅ​ពេល​ផ្ទះ​ក្នុង​សុ​បិន​កំ​ពុង​លេច​ចេញ​ជា​រូប​រាង។ អ្នក​មីង ត្រឹង​ធី​តាម បាន​និ​យាយ​ទាំង​រំភើប៖ “ឃើញ​ក្មួយៗ​នគរ​បាល​លុយ​ភក់ ជញ្ជូន​ដី​ជួយ​គ្រួ​សារ ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ព្រោះ​ការ​មាន​ផ្ទះ​ថ្មី ពី​មុន​មក​ខ្ញុំ​មិន​ដែល​ហ៊ាន​គិត​ដល់​ឡើយ។ ជា​ពិ​សេស​គឺ​ចាប់​ផ្តើម​ចូល​រដូវ​ភ្លៀង ការ​មាន​ផ្ទះ​ថ្មី​ស្នាក់​នៅ​ពិត​ជា​ក្តី​រីក​រាយ​រក​អ្វី​មក​ថ្លែង​ពុំ​បាន​ឡើយ”។

មិន​ត្រឹម​តែ​ជួយ​កម្លាំង​ពល​កម្ម​ប៉ុណ្ណោះ​ទេ នគរ​បាល​ឃុំ​ថែម​ទាំង​ម្ចាស់​ការ​ស្វែង​រក​ប្រ​ភព​សម្ភារៈ និង​ភ្ជាប់​ទំ​នាក់​ទំ​នង​ជា​មួយ​អ្នក​ទទួល​ការ​សាង​សង់​ក្នុង​តម្លៃ​សម​រម្យ ដើម្បី​កាត់​បន្ថយ​ការ​ចំ​ណាយ​ជូន​ប្រ​ជា​ជន។ តាម​នគរ​បាល​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ទូ​ទាំង​ខេត្ត​សម្រេច​ការ​សាង​សង់​ផ្ទះ​បាន​ ១១ ខ្នង ផ្ទះ​ចំ​នួន ៤០ ខ្នង​ទៀត​សម្រេច​តាម​វឌ្ឍន​ភាព​ពី ៥០% ដល់ ៩០% ចំ​ណែក​ផ្ទះ​ដែល​នៅ​សល់​កំ​ពុង​បន្ត​ជំ​រុញ​ល្បឿន​សាង​សង់។ ក្នុង​ឱកាស​ចុះ​ត្រួត​ពិ​និត្យ​ការ​សាង​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន លោក​វរ​សេនីយ៍​ឯក ហូ​វៀត​ទ្រេវ នា​យក​នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារ​តី “ជម្នះ​កម្តៅ​ថ្ងៃ ឈ្នះ​ទឹក​ភ្លៀង” កង​កម្លាំង​តែង​ច្បាម​នៅ​ការ​ដ្ឋាន ឆ្លៀត​ពេល​វេលា​គ្រប់​ថ្ងៃ គ្រប់​ម៉ោង ដើម្បី​ធា​នា​ល្បឿន​សាង​សង់​ដែល​បាន​កំ​ណត់។ អាច​ឃើញ​ថា តាម​រយៈ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​កង​កម្លាំង​នគរ​បាល​គ្រប់​ថ្នាក់ ការ​ស្ម័គ្រ​ចិត្ត​របស់​យុវ​ជន រហូត​ដល់​ការ​ឯក​ភាព​គ្នារ​បស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច និង​ប្រ​ជា​ជន​ភូមិ​ភាគ កម្ម​វិធី​សាង​សង់​ផ្ទះ​សប្បុ​រស​ធម៌​នៅ​កា​ម៉ាវ កំ​ពុង​មាន​ភាព​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង។

លោក​វរសេ​នីយ៍​ឯក ហូ​វៀត​ត្រេវ នា​យក​នគរ​បាល​ខេត្ត​កា​ម៉ាវ (ឈរ​ទី​២ រាប់​ពី​ឆ្វេង) ត្រួត​ពិ​និត្យ​វឌ្ឍ​នភាព​នៃ​ការ​សាង​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន។

ផ្ទះ​ដែល​សាង​សង់​ជិត​រួច​រាល់​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ទី​ជម្រក​សម​រម្យ​ដើម្បី​លំ​នឹង​ជីវ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​និមិត្ត​រូប​នៃ​មនោស​ញ្ចេត​នា ការ​ទទួល​ខុស​ត្រូវ និង​ការ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​រមួត​រវាង​កង​កម្លាំង​នគរ​បាល​និង​ប្រ​ជា​ជន។ នៅ​តាម​តំ​បន់​ជន​បទ​នី​មួយៗ ផ្ទះ​ប្រ​កប​ដោយ​មនោ​សញ្ចេត​នា​ទាំង​នេះ កំ​ពុង​លេច​រូប​រាង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រួម​ចំ​ណែក​បំ​ផុស​ក្តី​សង្ឃឹម និង​ពង្រឹង​យុទ្ធ​សាស្រ្ត​សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ​ចាប់​ពី​មូល​ដ្ឋាន៕

យ្វី​អាញ - សុផន

ចែករំលែកអត្ថបទ