នៅព្រឹកថ្ងៃទី៣០ ខែមេសា ក្នុងបរិយាកាសដ៏ពុះពោរនៃថ្ងៃខែមេសាប្រវត្តិសាស្ត្រ ខេត្តកាម៉ាវ បានចាត់តាំងយ៉ាងមហោឡារិកពិធីខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ សមរភូមិយង់បូម (១៩៤៦–២០២៦)។ នេះជាព្រឹត្តិការណ៍មួយប្រកបដោយអត្ថន័យនយោបាយ ប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅ ហើយក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៥១ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី។
នៅក្នុងពិធីខួបអនុស្សាវរីយ៍នេះ លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ រួមជាមួយអ្នកតំណាងទាំងឡាយបានរំលឹកឡើងវិញនូវទំព័រប្រវត្តិសាស្ត្រដ៏អង់អាចនៃសមរភូមិយង់បូម។ កាលពី ៨០ ឆ្នាំមុន គាំទ្រសេចក្តីអំពាវនាវ ប្រជាជនណាមបូក្រោកឡើងប្រយុទ្ធ សមាគមសាសនាកាវដាយមិញចើងដាវ ក្រោមការដឹកនាំរបស់លោកកាវទ្រីវផាក បានចាត់តាំង “សន្និបាតដ៏ធំ” នៅវិហារង៉ុកមិញ ក្នុងតំបន់យង់បូម។

ថ្នាក់ដឹកនាំខេត្ត បានអុជធូបគោរពរំលឹកគុណដល់វីរយុទ្ធជនដែល
ពលីជីវិតក្នុងសមរភូមិយង់បូម។
ដោយសម្មារតី “សង្គ្រោះប្រទេសជាតិ គឺសង្គ្រោះសាសនា” មូលដ្ឋានយង់បូម បានប្រមូលផ្តុំមហាជនជាង ២.០០០នាក់ រួមមានសាសនិកជន និងអ្នកមុខអ្នកការសាសនា ចូលរួមបម្រើនិងប្រយុទ្ធដោយផ្ទាល់ប្រឆាំងនឹងអាណានិគមបារាំង។
នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៤៦ កងទ័ពបារាំងបានប្រមូលកម្លាំង ២ កងវរសេនាតូចដែលធ្វើសឹកនៅក្រៅប្រទេស រួមជាមួយនឹងអាវុធទំនើបៗវាយសម្រុកចូលមូលដ្ឋាន។ នៅចំពោះមុខសត្រូវដែលមានប្រៀបគ្រប់ផ្នែក ប៉ុន្តែកងកម្លាំងនៅយង់បូម ទោះបីមានតែអាវុធធម្មតាក៏ដោយ តែបានប្រយុទ្ធយ៉ាងស្មារតីអង់អាច ធ្វើឱ្យសត្រូវទទួលការខាតបង់យ៉ាងធ្ងន់ធ្ងរ។ សមរភូមិនេះបានប្រព្រឹត្តទៅយ៉ាងសាហាវ ដោយមានអ្នកមុខអ្នកការសាសនា សាសនិកជន និងយុវជនក្នុងសម្ព័ន្ធសីលធម៌ចំនួន១៣៧ នាក់ បានពលីជីវិតយ៉ាងអង់អាចក្លាហាន។ នេះគឺជាការប្រយុទ្ធមានទំហំធំបំផុតនៅតំបន់តីណាមបូ ក្នុងបណ្តាថ្ងៃដំបូងដែលណាមបូតស៊ូប្រយុទ្ធនឹងសត្រូវ ហើយក៏ជាភស្តុតាងយ៉ាងច្បាស់នៃសច្ចភាព “សាសនា មិនអាចផ្ដាច់ចេញពីសង្គម”។
កត់សម្គាល់នូវតម្លៃប្រវត្តិសាស្ត្រដ៏ធំធេងនោះ ទីតាំងសមរភូមិយង់បូមបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត នៅឆ្នាំ២០១១ ហើយបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិ នៅឆ្នាំ២០២១។ បច្ចុប្បន្ន ទីតាំងនេះបានក្លាយជាទីតាំងប្រវត្តិសាស្រ្តដ៏លេចធ្លោមួយ ក្នុងការអប់រំពីប្រពៃណីស្នេហាជាតិ និងឧត្តមគតិបដិវត្តន៍ដល់ស្រទាប់យុវជន។

អ្នកតំណាងចូលរួមថតរូបអនុស្សាវរីយ៍ក្នុងឱកាសខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ សមរភូមិយង់បូម។
ដើម្បីបន្តរក្សានិងលើកកម្ពស់តម្លៃនៃកេរដំណែលប្រវត្តិសាស្ត្រនេះ ជំនួសមុខថ្នាក់ដឹកនាំខេត្ត លោកង៉ោវ៉ូវថាំង បានសំណូមពរដល់គ្រប់ថ្នាក់និងគ្រប់ផ្នែកក្នុងខេត្ត ផ្តោតការយកចិត្តទុកដាក់វិនិយោគ ជួសជុល កែលម្អ និងជាជំហានៗពង្រីកបរិវេណកេរដំណែលប្រវត្តិសាស្ត្រសមរភូមិយង់បូម តាមទិសដៅព្រមៗគ្នានិងមានភាពសមរម្យបំផុត។ ចំណុចសំខាន់ គឺកសាងសម្រេចហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទេសភាព កែលម្អគុណភាពអគារប្រពៃណី និងជំរុញការប្រមែប្រមូលវត្ថុតាំង ព្រមទាំងបណ្តុះបណ្តាលកងជួរអ្នកធ្វើអត្ថាធិប្បាយឱ្យមានជំនាញកាន់តែប្រសើរ។
ពិធីខួបអនុស្សាវរីយ៍ បានបញ្ចប់ដោយមោទនភាពយ៉ាងជ្រាលជ្រៅ ពង្រឹងឆន្ទៈខ្លួនទីពឹងខ្លួននិងស្មារតីសាមគ្គីទូទាំងជនជាតិ។ នេះគឺជាកម្លាំងជំរុញដ៏ធំធេង ដើម្បីបក្ខភាគ រដ្ឋអំណាច និងប្រជាជនខេត្តកាម៉ាវ បន្តព្រួតដៃកសាងមាតុភូមិឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយ ស័ក្ដិសមនឹងការលះបង់របស់បុព្វបុរសជំនាន់មុន៕
យ៉ីអាញ-ពេជ្រសឿន