យោងតាមវេជ្ជសាស្ត្របុរាណ ដើមរុក្ខជាតិ និងស្មៅដែលដុះក្នុងចម្ការអាចជាថ្នាំស្រុកដ៏មានតម្លៃជួយព្យាបាលជំងឺជាច្រើនប្រភេទយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ ទោះបីជាឱសថបុរាណឬថ្នាំបារាំងក្ដី គឺត្រូវមានការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងការណែនាំធ្វើការព្យាបាលពីសំណាក់គ្រូពេទ្យដែរ។ ការប្រើប្រាស់តាមអំពើចិត្ត អាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត។

វេជ្ជបណ្ឌិត កំពុងពិនិត្យសុខភាពអ្នកជំងឺបាក់ឆ្អឹង មានអាការៈ
ប្រែប្រួលដោយការបិទស្លឹកឈើ។
ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាលហ្វាមីគឺវឡុង ទើបតែទទួលព្យាបាលអ្នកជំងឺម្នាក់បាក់ឆ្អឹង ប៉ុន្តែយឺតយូរក្នុងការវះកាត់ បណ្ដាលឱ្យប៉ះពាល់ដល់មុខងារចលនា និងឱកាសជាសះស្បើយ។ អ្នកជំងឺឈ្មោះ T.T.B (អាយុ ៤៤ ឆ្នាំ នៅខេត្តអាងយ៉ាង) គាត់ដួលបាក់កជើងស្តាំ ប្រមាណ ២ ខែមុន។ ក្រោយពីគ្រោះថ្នាក់ បងស្រី B មិនទៅពិនិត្យ ព្យាបាលជំងឺនៅមន្ទីរពេទ្យ គឺគាត់បានយកស្លឹកឈើបិទមុខរបួល សង្ឃឹមថា បានធូរស្រាលនិងជាសះស្បើយ។ ប៉ុន្តែ បន្ទាប់ពីបិទថ្នាំមួយរយៈមុខរបួសនៅតែ ឈឺចាប់ ដូច្នេះ គាត់ទៅពិនិត្យនៅមន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង។
តាមរយៈការពិនិត្យនិងធ្វើរោគវិនិច្ឆ័យចាំបាច់ វេជ្ជបណ្ឌិតបានកំណត់ច្បាស់អ្នកជំងឺបាក់ឆ្អឹង ២ នៅភ្នែកជើងស្តាំ។ ការព្យាបាលមិនបានត្រឹមត្រូវ ធ្វើឱ្យរបួសកាន់តែដាបធ្ងន់ពិបាកក្នុងការធ្វើដំណើរទៅមក។ ក្រោយពីប្រជុំពិគ្រោះជំងឺ ក្រុមវេជ្ជបណ្ឌិតបានសម្រេចចិត្តធ្វើការវះតឆ្អឹងនិងកែទម្រង់សន្លាក់កជើងឱ្យអ្នកជំងឺ។
តាមប្រសាសន៍របស់អនុបណ្ឌិត វេជ្ជបណ្ឌិត ឡេយុង ប្រធានផ្នែកជំងឺក្រៅសរសៃប្រសាទ-សរសៃឆ្អឹងសន្លាក់ មន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង ការបាក់ឆ្អឹងត្រង់កជើង ឬគ្រេចសន្លាក់កជើងបើព្យាបាលមិនបានទាន់ពេល ឬព្យាបាល មិនត្រឹមត្រូវតាមវិធីសាស្ត្រអាចបណ្តាលឱ្យមានផលវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ហេតុនេះ អ្នកជំងឺមិនគួរលេបថ្នាំ ចាក់ថ្នាំឬបិទថ្នាំមុខរបួសតាមអំពើចិត្ត អាចប្រឈមនឹងហានិភ័យប៉ះពាល់ដល់សុខភាព នាំឱ្យមានផលវិបត្តិដ៏គ្រោះថ្នាក់។ ផ្ទុយវិញ គប្បីទៅពិនិត្យឱ្យបានទាន់ពេលនៅមន្ទីរពេទ្យ ដើម្បីវេជ្ជបណ្ឌិតឯកទេសសរសៃឆ្អឹងសន្លាក់ធ្វើរោគវិនិច្ឆ័យនិងព្យាបាលមានប្រសិទ្ធភាព។
មុននេះ ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យពហុព្យាបាល ហ្វាងមីគឺវឡុង បានទទួលព្យាបាលករណីជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ ដោយសារផឹកទឹកផ្លែស្ពឺដើម្បីព្យាបាលជំងឺក្អករុាំរ៉ៃ។ បន្ទាប់ពីផឹកទឹកថ្នាំរួច អ្នកជំងឺមានអាការៈរសេះរសោះអស់កម្លាំង ក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ។ តាមរយៈការពិនិត្យនិងធ្វើរោគវិនិច្ឆ័យ វេជ្ជបណ្ឌិតបានប្រាប់ថា អ្នកជំងឺឈឺតម្រងនោមធ្ងន់ធ្ងរ។ តាមប្រសាសន៍ក្រុមវេជ្ជបណ្ឌិត ក្នុងទឹកផ្លែស្ពឺមានផ្ទុកសារធាតុ caramboxin ដែលជាសារធាតុមួយធ្វើឱ្យពុលដល់តម្រងនោម ពិសេស ចំពោះអ្នកដែលរាងកាយងាយប្រតិកម្ម ឬផឹកច្រើនពេក។ ករណីអ្នកជំងឺដូចពោលខាងលើ ប្រសិនបើព្យាបាលមិនទាន់ពេល អាចបណ្តាលឱ្យឈឺតម្រងនោមរុាំរ៉ៃ ពុំនោះសោតត្រូវលាងឈាមទៀតផង។
តាមប្រសាសន៍ក្រុមវេជ្ជបណ្ឌិត រុក្ខជាតិសម្រាប់ធ្វើថ្នាំត្រូវមានការណែនាំពីអ្នកឯកទេស ដ្បិតអី សូម្បីតែរុក្ខជាតិសម្រាប់ផ្សំថ្នាំមើលទៅហាក់ដូចធម្មតា ក៏អាចបណ្តាលឱ្យមានផលវិបត្តិធ្ងន់ធ្ងរដែរ ប្រសិនបើប្រើលើសកម្រិតជាយូរអង្វែង ពិសេសពេលមិនទាន់បានពិនិត្យទទួលស្គាល់ពីផ្នែកវិទ្យាសាស្ត្រ ឬមិនទាន់បានឆ្លងកាត់ការសិក្សាស្រាវជ្រាវអំពីជាតិពុលបានត្រឹមត្រូវ។
វេជ្ជបណ្ឌិត ផ្តល់អនុសាសន៍ដល់ប្រជាជនមិនគួរជឿលើព័ត៌មានចចាមអារ៉ាមឬការប្រាប់តៗគ្នាអំពីប្រសិទ្ធភាពនៃការព្យាបាលជំងឺដោយរុក្ខជាតិនិងស្មៅនោះទេ; គប្បីជៀសវាងប្រើប្រាស់ដោយខ្លួនឯងដែលនាំឱ្យមានផលវិបត្តិប៉ះពាល់ដល់សុខភាព។ ពេលឈឺថ្កាត់ គប្បីទៅមូលដ្ឋានសុខាភិបាលពិនិត្យ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ៕
ធូសឿង-មុនី