នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទើបរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំបក្ស រដ្ឋ ជាមួយអ្នកតំណាងឆ្នើម តំណាងឱ្យប្រជាជនគ្រប់ជាន់ស្រទាប់ ក្នុងទូទាំងប្រទេស នាឱកាសខួបអនុស្សាវរីយ៍ ៨០ ឆ្នាំ បដិវត្តន៍ខែសីហា និងបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥ - ២/៩/២០២៥)។

លោកប្រធានរដ្ឋ លឿងកឿង មានប្រសាសន៍ក្នុងកិច្ចជំនួប។ រូបថត៖ ឡឹមខាញ់ - TTXVN
អញ្ជើញចូលរួមក្នុងកិច្ចជំនួប រួមមានសមាជិកការិយាល័យនយោបាយ លោកប្រធានរដ្ឋ លឿងកឿង; នាយករដ្ឋមន្ត្រី ផាមមិញជិញ; ប្រចាំការគណៈលេខា ត្រឹងកឹមទូ; លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ឌោវុាំងចៀង; លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ង្វៀងត្រុងង៉ៀ; នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ង្វៀងស្វឹងថាំង; មួយអន្លើដោយលេខាមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្ស ឡេហ្វាយទ្រុង; អនុប្រធានរដ្ឋសភា ង្វៀងធីថាញ និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំគ្រប់ក្រសួង គណៈ ផ្នែកមជ្ឈិម អង្គការនយោបាយសង្គម សមាគមអង្គការមហាជននានា និងអ្នកតំណាងឆ្នើម ៣០០ នាក់ តំណាងឱ្យប្រជាជនគ្រប់ជាន់ស្រទាប់ អញ្ជើញមកពីខេត្ត ក្រុងទាំង ៣៤ ក្នុងទូទាំងប្រទេស។
កិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់បំផុត ដែលបានរៀបចំក្នុងឱកាសថ្ងៃបុណ្យដ៏មហោឡារិករបស់ប្រទេសជាតិ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ចំពោះការរួមចំណែកដ៏សំខាន់របស់ប្រជាជនគ្រប់ជាន់ស្រទាប់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ នៅក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានសម្តែងនូវការរំភើបរីករាយ និងមានកិត្តិយសដោយបានចូលរួមក្នុងកិច្ចជំនួបនេះ បង្ហាញពីការជឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ កាន់តែមុតមាំបង្កើតបានជាកម្លាំងដ៏មហិមា ដើម្បីអនុវត្តជោគជ័យរាល់ភារកិច្ចនយោបាយ កសាងប្រទេសជាតិរឹងមាំ សម្បូរសប្បាយ។
ថ្លែងក្នុងកិច្ចប្រជុំ ប្រធានរដ្ឋ លឿងកឿង គូសបញ្ជាក់៖ មុននេះ ៨០ ឆ្នាំ ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាមនិងលោកប្រធានហូជីមិញ ដ៏មហិមា ទូទាំងប្រជាជាតិវៀតណាមបានក្រោកឡើងវាយកម្ទេចច្រវាក់ខ្នោះឃ្នាងទាសករ លុបបំបាត់នឹមត្រួតត្រារបស់អាណានិគមស័ក្តិភូមិ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានប្រវត្តិសាស្ត្របាឌិញ លោកប្រធានហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យដ៏មហោឡារិកចំពោះមុខទូទាំងប្រជាជាតិនិងពិភពលោកអំពីការបង្កើត ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម បច្ចុប្បន្ន ជាប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តើមពីនោះ ប្រទេសជាតិយើង ប្រជាជាតិយើងឈានចូលយុគសម័យថ្មី សម័យឯករាជ្យ សេរីភាពនិងសង្គមនិយម។
បញ្ជាក់រាល់ជ័យជម្នះរបស់ប្រជាជាតិ សុទ្ធតែផ្តើមចេញពីកម្លាំងមហាសាមគ្គី ឯកភាពនិងការលះបង់ដោយឥតឈប់ឈររបស់ប្រជាជនគ្រប់ជាន់ស្រទាប់ ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់បក្ស លោកប្រធានរដ្ឋ បានមានប្រសាសន៍៖ ឈានចូលយុគសម័យថ្មី ចំពោះមុខនៃការជោគជ័យវាសនាដ៏ធំធេង ប៉ុន្តែបញ្ហាប្រឈមក៏មិនតិចដែរ ត្រូវពង្រីកកាន់តែខ្លាំងក្លានូវស្មារតីស្នេហាជាតិ គំនិតប្រាជ្ញា ការឈានឡើងរបស់ទូទាំងប្រជាជាតិ បន្តលើកតម្កើងធ្វើឱ្យសាយភាយ ពង្រីកតួនាទីធំធេងរបស់វណ្ណៈកម្មករ កសិករ កងជួរបញ្ញវន្ត ជនរួមជាតិបណ្តាជនជាតិ សាសនា អាជីវកម្មនិងប្រជាជនវៀតណាមនៅក្នុងនិងក្រៅប្រទេស ក្នុងកិច្ចការកសាងប្រទេសជាតិរឹងមាំសម្បូរសប្បាយ រុងរឿង ស៊ីវិល័យនិងសុភមង្គល។
ក្នុងព្រឹត្តិការណ៍ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពកំពុងខិតខំយ៉ាងពេញទំហឹងដើម្បីជម្នះការលំបាកសាកល្បង ឆ្លៀតយកឱកាសនិងជោគវាសនា ជឿជាក់ឈានចូលយុគសម័យថ្មី យុគសម័យអភិវឌ្ឍន៍សម្បូរសប្បាយ រុងរឿង សុភមង្គលរបស់ប្រជាជាតិវៀតណាម។ លោកប្រធានរដ្ឋ មានប្រសាសន៍ ប្រទេសកំពុងអនុវត្តយ៉ាងប្តូរផ្តាច់ ៣ យុទ្ធសាស្ត្រ៖ អំពីយន្តការ; អំពីការបណ្តុះបណ្តាលប្រភពធនធានមនុស្ស គុណភាពខ្ពស់; អំពីការកសាងហេដ្ឋារចនាសម័្ពន្ធទំនើបនិងព្រមគ្នា ទន្ទឹមនឹងនោះ កំពុងផ្តុំកម្លាំងអនុវត្តបដិវត្តន៍អំពីការសម្រិតសម្រាំង លើកកម្ពស់គុណភាព សុពលភាព ប្រសិទ្ធភាពដំណើរការរបស់ប្រព័ន្ធនយោបាយ; រៀបចំអនុវត្តទម្រង់រដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ អនុវត្តព្រមៗគ្នាអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីការច្នៃប្រតិដ្ឋនិងការផ្លាស់ប្តូរឌីជីថលជាតិ; ជំរុញមាំសមាហរណកម្មអន្តរជាតិលើគ្រប់វិស័យនិងស៊ីជម្រៅ; ភាពទម្លុះទម្លាយក្នុងការបង្កើតច្បាប់និងអនុវត្តច្បាប់; អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ដោយចាត់ទុកសេដ្ឋកិច្ចឯកជនជាកម្លាំងជំរុញដ៏សំខាន់បំផុតនៃខឿងសេដ្ឋកិច្ចជាតិ។
ក្នុងដំណើរការនេះ តាមប្រសាសន៍លោកប្រធានរដ្ឋ មេរៀនអំពីស្មារតីស្នេហាជាតិ ស្មារតីបដិវត្តន៍ ស្មារតីសាមគ្គីនិងការលះបង់របស់គ្រប់ជំនាន់នៅតែរក្សាបានតម្លៃក្នុងបច្ចុប្បន្ននិងអនាគត; ទន្ទឹមនឹងនោះ ជឿជាក់ថា ជាមួយនឹងស្មារតីបដិវត្តន៍ស្មោះត្រង់ បទពិសោធន៍ គោលជំហរនយោបាយដ៏រឹងមាំនិងកិត្យានុភាពខ្ពស់ ដែលបានលត់ដំជាច្រើនខែឆ្នាំ អ្នកតំណាងឆ្នើមតំណាងឱ្យប្រជាជនគ្រប់ជាន់ស្រទាប់មានវត្តមានក្នុងឱកាសនេះ គឺជាគំរូលេចធ្លោ បន្តរួមចំណែកទាំងឆន្ទៈ ចំណេះដឹង និងបទពិសោធន៍ក្នុងបុព្វហេតុកសាង និងការពាររឹងមាំមាតុភូមិវៀតណាមជាទីស្រឡាញ់។
ស្របឱកាសនេះដែរ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម ជូនទេយ្យវត្ថុដល់អ្នកតំណាងទាំងឡាយដែលបានចូលរួម ដើម្បីកត់សម្គាល់និងលើកទឹកចិត្តចំពោះអ្នកតំណាងឆ្នើម ដែលបានរួមចំណែកក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិ៕
ហ្វាយណាម (TTXVN) - មុនី