មានកសិករខ្មែរដាំដំណាំរួមផ្សំជាច្រើននៅខេត្តសុកត្រាំង កំពុងរីករាយយ៉ាងខ្លាំងពីព្រោះដំណាំអំណោយផល លក់បានថ្លៃ ហើយចំណេញខ្ពស់បង្គួរ។

បងស្រី ថាច់ធីលុង សប្បាយរីករាយពីព្រោះដំណាំខ្ទឹមស្លឹកអំណោយផល
លក់បានថ្លៃនិងចំណេញខ្ពស់។
បងស្រី ថាច់ធីលុង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកមីស្វៀង មិនរារែកក្នុងការបង្វែរផ្ទៃដីផលិតមិនសូវបានផល ងាកមកដាំដំណាំរួមផ្សំ ជួយឱ្យគ្រួសារគាត់បង្កើនប្រាក់ចំណូល ឈានឡើងធូរធារបន្តិចម្ដងៗ។ ប្រកបរបរដាំដំណាំរួមផ្សំរយៈពេលជាង ១០ ឆ្នាំ ទើបបងស្រីក្ដាប់បានបច្ចេកទេសដាំដុះបន្លែគ្រប់ប្រភេទ។ បច្ចុប្បន្ន បងស្រី មានផ្ទៃដីដាំខ្ទឹមស្លឹក ម្ទេស និងខាត់ណា ផ្កាចំនួន ២កុង។ល។ បងស្រីលុង ឱ្យដឹង៖ “ឆ្នាំនេះ ខ្ទឹមស្លឹកមានតម្លៃ ២០.០០០ដុង/គីឡូក្រាម ក្រោយពីផាត់ទាត់រួច ក្នុង១កុងចំណេញជាង ៤០លានដុង។ ខ្ទឹមស្លឹកងាយស្រួលដាំ រយៈពេលខ្លី ហើយមិនសូវបង់កម្លាំងថែទាំ ចំណាយដើមទុនតិច ប៉ុន្តែរកបានប្រាក់ចំណេញខ្ពស់។ ស្រោចទឹកក្នុងមួយថ្ងៃ ២ ដង បាច់ជីអ៊ុយរ៉េ ដេអាប៉េសមល្មម និងបាញ់ថ្នាំបំប៉នស្លឹក កម្ចាត់ដង្កូវខៀវ ដង្កូវស៊ីបណ្ដូលជាដើម”។ ពេលសាកសួរពីបច្ចេកទេសដាំខាត់ណាផ្កាឬម្ទេស បងស្រី មានការយល់ដឹងយ៉ាងច្បាស់។ បច្ចុប្បន្ន បងស្រី បានប្រមូលផលខាត់ណាផ្កាជិតរួចរាល់ លក់ក្នុងតម្លៃ ៨.០០០ ដុង/គីឡូក្រាម គិតប៉ាន់ស្មាននៅចំណេញជាង ២០ លានដុង។ តាមប្រសាសន៍បងស្រីលុង ដើម្បីដាំខាត់ណាសម្រេចបានផ្កាធំនិងសស្អាត គឺត្រូវធានាដាំគម្លាតពីមួយគុម្ពទៅមួយគុម្ព ហើយក្នុងចម្ការត្រូវធ្វើស្មៅឱ្យជ្រះ។ ជាធម្មតា ខាត់ណាដាំចម្ងាយពីមួយគុម្ពទៅមួយគុម្ពគឺ ៤០ សង់ទីម៉ែត្រ ស្រោចទឹក ២ ដងក្នុងមួយថ្ងៃ និងបាច់ជី ៤ លើក ក្នុងនោះ មាន១លើកច្របល់ជីអ៊ុយរ៉េនិងជីដេអាប៉េទ្រាប់បាត ចំណែកលើកបន្តបន្ទាប់ទៀតគឺលាយទឹកស្រោចឬបាច់យោងតាមការលូតលាស់នៃដំណាំ។ ទន្ទឹមនឹងនោះ បងស្រីនៅទាំងដាំម្ទេសឆ្លាស់ជាមួយខាត់ណាផ្កា ម្ល៉ោះហើយក្រោយពីប្រមូលផល ខាត់ណាផ្ការួច ម្ទេសក៏លូតលាស់ល្អ ហើយបន្តការប្រមូលផលជាលំដាប់។ ភាពឈ្លាសវៃក្នុងការដាំដុះ បានជួយឱ្យគ្រួសារបងស្រីលុងរកបានប្រាក់ចំណូលខួបឆ្នាំ និងមានជីវភាពធូរធារ។

មានកសិករខ្មែរជាច្រើនរកបានប្រាក់ចំណូលខ្ពស់ផ្ដើមពីដំណាំម្ទេស។
ប្ដីប្រពន្ធបងស្រី ថាច់ធីង៉ុកដាវ នៅឃុំថាញ់ភូ ដាំដំណាំរួមផ្សំបាន៣កុង ក្នុងនោះ មានម្ទេស ២កុងនិងគូឆាយ១កុង។ ដើម្បីរកបានប្រភពចំណូលខួបឆ្នាំ ពេលដើមម្ទេសនៅតូច បងស្រីដាវ បានដាំស្ពៃខៀវ ស្ពៃចង្កឹះ អំបើសឆ្លាស់គ្នា។ល។ នេះជាប្រភេទដំណាំងាយស្រួលដាំ មិនសូវបង់កម្លាំងថែទាំ ចំណាយដើមទុនតិច មិនសូវមានជំងឺ និងមិនសូវបង់ជី។ ទើបថ្មីៗនេះ បងស្រីដាវ ប្រមូលផលស្ពៃចង្កឹះ ស្ពៃខៀវលក់ក្នុងតម្លៃពី ៨.០០០ - ១២.០០០ដុង/គីឡូក្រាម ចំណែកអំបើសលក់ក្នុងតម្លៃជាង ២០.០០០ ដុង/គីឡូក្រាម ក្រោយពីផាត់ទាត់រួច បងស្រីដាវនៅចំណេញជិត ២០ លានដុង។ បច្ចុប្បន្ន ម្ទេស២កុងរបស់បងដៅកំពុងប្រមូលផលស្រុះ គិតមធ្យមភាគ ៣០០ គីឡូក្រាម/ថ្ងៃ (យោងតាមអាកាសធាតុ) លក់ក្នុងតម្លៃ ២០.០០០ ដុង/គីឡូក្រាម។ ចំណែកគូឆាយ១កុងគឺប្រមូលផលផ្ការៀងរាល់ថ្ងៃ ផ្ដើមពីនោះ ទើបជីវភាពគ្រួសារបងស្រីឈានឡើងធូរធារ៕
យ្វីអាញ់ - ថាច់ធី