នៅអំឡុងខែមេសា ឆ្នាំ ២០២២ ឆ្លងតាមរយៈសមាគមស្វែងរកការងារធ្វើលើបណ្តាញសង្គម ត្រឹងថេវិញ នៅខេត្តត្រាវិញ ត្រូវបានបុរសម្នាក់ឧទ្ទេសនាមការងារធ្វើជាអ្នកគ្រប់គ្រងហាងអីុនធឺណិតមួយកន្លែងនៅក្រុងហូជីមិញ ជាមួយនឹងកម្រិតប្រាក់បៀវត្ស ២៥ លានដុង/ខែ។ ទោះបីមិនបានសាច់ញាតិយល់ព្រម ប៉ុន្តែថេវិញ នៅតែចចេសអនុវត្តតាមបំណងរបស់ខ្លួន ដោយលបគេចទៅក្រុងហូជីមិញទាំងយប់។
ប្អូនត្រឹងថេវិញ (អាវក្រហម) ស្នាក់នៅភូមិរ៉ាច់ប៊េវ ឃុំឡុងឌឹក ក្រុងត្រាវិញ គឺជាជនរងគ្រោះម្នាក់ដែលបានវិលមកជួបជុំគ្រួសារ បន្ទាប់ពីចាញ់បោកគេឆ្លងទៅធ្វើការនៅប្រទេសកម្ពុជា ដោយការសន្យាឱ្យធ្វើ “ការងារស្រាល ប្រាក់ខែខ្ពស់”។
តាមការរៀបរាប់របស់ថេវិញ នៅពេលទៅដល់ចំណតឡានមៀងតី ថេវិញ ទាក់ទងទៅអ្នកទទួលការងារ ហើយត្រូវបានគេនាំទៅកាន់ផ្ទះសំណាក់រួមជាមួយនឹងមនុស្សមួយចំនួនទៀត។ យប់នោះ ពួកគាត់ត្រូវគេឃុំក្នុងផ្ទះសំណាក់មួយកន្លែងនៅទីតាំងស្ងាត់ក្បែរច្រកទ្វារព្រំដែនម៉ុកបាយ ខេត្តតីនិញ។ លុះពេលយប់ជ្រៅ ពួកគាត់ត្រូវគេនាំចូលព្រៃកៅស៊ូ រង់ចាំឱកាសដើម្បីឆ្លងដែនទៅប្រទេសកម្ពុជា។ ទោះបីដឹងថាមានរឿងមិនល្អក៏ដោយ ប៉ុន្តែ ថេវិញមិនអាចទាក់ទងទៅគ្រួសារបាន ពីព្រោះត្រូវមនុស្សមួយក្រុមបង្ខាំងផ្ដាច់ការទាក់ទង។
ឆ្លងដល់ប្រទេសកម្ពុជា ថេវិញត្រូវបាននាំទៅកាន់អគារខ្ពស់មួយនៅក្រុងភ្នំពេញ ហើយបង្ខាំងនៅក្នុងបន្ទប់មួយរួមនឹងមនុស្ស ៨ នាក់ទៀត នៅខេត្តនានានៃតំបន់ភាគខាងត្បូងនិងភាគខាងជើង។ ជាមួយនឹងភារកិច្ចឡើងបណ្តាញសង្គមបោកប្រាស់ជនវៀតណាមដទៃទៀតចុះខសន្យាទិញទំនិញលើប្រព័ន្ធអនឡាញ។ ម៉ោងធ្វើការចាប់ពីពេលព្រឹកដល់ម៉ោង ១០ យប់ មិនអាចចេញពីបន្ទប់បានទេ។ តាមសម្តីអ្នកនៅក្នុងបន្ទប់ជាមួយនិយាយប្រាប់ ថេវិញដឹងថាចាញ់បោកគេហើយក៏មានការភ័យខ្លាច ព្រោះឮថា មានអ្នកខ្លះត្រូវបានគេយកទៅលក់ ២-៣ ដង រហូតចេញទៅដល់សមុទ្រ។
ថេវិញ ព្យាយាមទាក់ទងមកគ្រួសារនិយាយប្រាប់ពីការពិត។ ពេលទទួលបានការលើកទឹកចិត្ត ថេវិញសួរអ្នកគ្រប់គ្រងចង់ត្រឡប់មកវៀតណាមវិញ តើត្រូវការល័ក្ខខ័ណ្ឌអ្វីខ្លះ។ ហើយក៏ទទួលបានចម្លើយគឺប្រាក់លោះខ្លួន ២.៥០០ USD។ ទោះគ្រួសារជួបការលំបាក តែឪពុកម្តាយថេវិញបានទៅរកបុល ខ្ចីប្រាក់ដើម្បីផ្ទេរគណនេយ្យទៅឱ្យមុខសញ្ញានៅកម្ពុជា ព្រមទាំងជួលរថយន្តទៅដឹកថេវិញមកវៀតណាមវិញ។ ប៉ុន្មានថ្ងៃមុននេះ មានយុវជនម្នាក់នៅហាយ៉ាង នៅបន្ទប់ជាមួយថេវិញ ក៏បានគ្រួសារទៅលោះមកស្រុកដែរ។
បងស្រីម៉ាត់ហ្វាងថាវ ម្តាយរបស់ត្រឹងថេវិញ ឱ្យដឹង៖ គ្រួសារក៏ “ប្រថុយ” ពេលផ្ទេរប្រាក់ទៅគណនេយ្យតាមការបញ្ជារបស់មុខសញ្ញានៅកម្ពុជា ព្រោះភ័យខ្លាចបើនៅតែអែអង់ ប្រាក់លោះអាចកើនឡើងដល់ ៥.០០០ USD ឬ ១០.០០០ USD ដូចករណីផ្សេងទៀត គ្រួសារមិនអាចរែកពុនបានឡើយ។ ហើយគ្រួសារក៏មានការបារម្ភខ្លាំងណាស់ ប្រសិនបើពន្យាពេលវិញនឹងត្រូវគេវាយដំច្រំធាក់ កេងប្រវ័ញ្ច ឬយកទៅលក់នៅកន្លែងផ្សេងពិបាកទាក់ទង។
វរសេនីយ៍ឯកឡេវ៉ាន់តឺ នាយករងនគរបាលខេត្តត្រាវិញ បានចង្អុលការដល់នគរបាលព្រហ្មទណ្ឌ សហការជាមួយនឹងនគរបាលនៅតាមអង្គភាពនានា និងកងទ័ពការពារព្រំដែនខេត្ត ប្រតិបត្តិការដំណាក់ការចំណុចខ្ពស់បង្ក្រាបបទល្មើសជួញដូរមនុស្ស ដើម្បីម្ចាស់ការក្តោបក្តាប់ស្ថានភាព មិនទុកឱ្យបទល្មើសនេះកើតមានបង្កភាពស្មុគស្មាញឡើយ៕
យោង៖កាសែតត្រាវិញ-មុនី