ប៉ុន្មានឆ្នាំមកនេះ សួនច្បារ “លោកសៅរ៍យ៉ឹង” ឬ “សួនច្បារផ្ទះពូសៅរ៍” ជាគោលដៅមួយកំពុងទាក់ទាញភ្ញៀវទេសចរមកស្រុកវ៉ុងលីម ខេត្តវិញឡុង។ សួនច្បារ “លោកសៅរ៍យ៉ឹង” ជាឈ្មោះហៅជិតស្និទ្ធដែលប្រជាជននៅភូមិភាគ តែងនិយមហៅមណ្ឌលអនុស្សាវរីយ៍ អតីតនាយករដ្ឋមន្រ្តី វ៉វ៉ាន់គៀត។
បរិវេណមណ្ឌលអនុស្សាវរីយ៍ អតីតនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត។
ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវជាតិលេខ ៥៣ ពីមជ្ឈមណ្ឌលក្រុងវិញឡុងដល់ផ្លូវបែកអាងញើុង ភូមិផុងថើយ ទីរួមស្រុកវ៉ុងលីម នោះគឺដល់បណ្ដុំសំណង់វប្បធម៌គួរឱ្យចាប់អារម្មណ៍របស់ខេត្តវិញឡុង។ ទីនេះមានសិលាចារិកណាមគីគើយងៀ ស្តូបឡេកឹង-ង្វៀងយ៉ាវ និងមណ្ឌលអនុស្សាវរីយ៍ អតីតនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត។
ស្តូបឡេកឹង-ង្វៀងយ៉ាវ បានកសាងក្នុងឆ្នាំ ២០០៤ មានកម្ពស់ ៧,៥ ម៉ែត្រ ដោយវត្ថុធាតុស្ពាន់ ហើយមានទម្ងន់ ២១,៥ តោន។ មេបញ្ជាការយោធាឡេកឹង និងង្វៀងយ៉ាវ គឺជាវីរបុរសទាំងពីររូបដែលតស៊ូប្រឆាំងនឹងអាណានិគមបារាំង។ ទល់មុខនឹងស្ដូបវីរជនទាំងពីររូប គឺសួនច្បារ”លោកសៅរ៍យ៉ឹង”។ មណ្ឌលសួនច្បារមានផ្ទៃដី ១,៧ ហិកតា រួមមានសំណង់ជាច្រើន ដូច៖ អគារតាំងពិព័រណ៍ ទីចាត់ការមណ្ឌលសក្ការបូជា សួនច្បារដ៏ស្រស់ស្អាត ស្រឡះស្រឡំ។ មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ គឺជាសំណង់វប្បធម៌ មានបរិវេណស្រឡះស្រឡំ និងមានភាពស្និទ្ធស្នាល។ មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ បង្ហាញពីភាពឱឡារិក និងជិតស្និទ្ធ។ នេះជាកន្លែងកម្សាន្ត លំហែអារម្មណ៍របស់ប្រជាជននៅភូមិភាគ សមស្របតាមឆន្ទៈរបស់អតីត នាយករដ្ឋមន្ត្រី កាលលោកនៅមានជីវិត។ បងស្រីសើុងធីង៉ុកហឿង នៅឃុំត្រុងថាញ់ ឱ្យដឹង៖ “ពេលរសៀល ខ្ញុំតែងនាំកូនទៅសួនច្បាររបស់ពូសៅរ៍ ដើម្បីទទួលខ្យល់អាកាសបរិសុទ្ធ និងបង្រៀនកូនអំពីប្រវត្តិសាស្រ្តភូមិភាគ ពីវីរបុរសឡេកឹង ង្វៀងយ៉ាវ និងពីពូសៅរ៍-ជាកុលបុត្រមួយរូបរបស់ទឹកដីវ៉ុងលឹម”។
ចំណុចលេចធ្លោក្នុងមណ្ឌលវប្បធម៌គឺអគាររំលឹកវិញ្ញាណក្ខ័ន្ធ និងទីចាត់ការរបស់នាយករដ្ឋមន្ត្រី កាលលោកនៅមានជីវិត។ នៅអគារតាំងពិព័រណ៍មានឯកសារ វត្ថុតាំង និងរូបភាពជាច្រើន ដែលបង្ហាញពីភាពរស់រវើកនៃដំណើរការសកម្មភាពបដិវត្តន៍របស់អតីតនាយករដ្ឋមន្ត្រី។ ក្នុងនោះ លេចធ្លោបំផុតគឺរូបថតរបស់អតីតនាយករដ្ឋមន្ត្រី ដែលមានស្នាមញញឹម ដ៏ស្រស់ស្រាយ។ ឆ្នាំ ២០១៥ សមាគមទេសចរណ៍វាលរាបទន្លេគឺវឡុង បានទទួលស្គាល់មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធ គឺជាគោលដៅទេសចរណ៍ដ៏ឆ្នើមនៅតំបន់វាលរាបទន្លេគឺវឡុង។
ឃ្លាតពីបណ្ដុំវប្បធម៌ ភ្ញៀវទេសចរអាចបន្តដំណើរតាមផ្លូវជាតិលេខ ៥៣ ឆ្ពោះទៅខេត្តត្រាវិញ មានចម្ងាយផ្លូវប្រហែល ២ គីឡូម៉ែត្រទៀត នឹងបានឃើញវត្តពុទ្ធសាសនាខ្មែរដែលមានក្បូរក្បាច់រចនាដ៏ស្រស់ស្អាត នោះគឺវត្តសង្ឃមង្គល ដែលលាកខ្លួនក្រោមម្លប់ឈើត្រឈឹងត្រឈៃមានអាយុកាលរាប់រយឆ្នាំ៕
ហាថាញ-ទីទុយ