តុលាការប្រជាជនស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាមាវ ទើបកាត់ក្ដីសាលាដំបូងនិងផ្ដន្ទាទោសចុងចោទឈ្មោះឡឹមមិញហ៊េប (អាយុ ២៧ ឆ្នាំ នៅស្រុកដឹមយើុយ ខេត្តកាមា៉វ ជាកម្មករសម្ព័ន្ធក្រុមហ៊ុនជលផលមិញភូ នៅកាមា៉វ) ជាប់គុកមួយឆ្នាំពីបទចម្លងជំងឺគ្រោះថ្នាក់ដល់មនុស្ស។
ស្ថាប័នសមត្ថកិច្ចបិទខ្ទប់តំបន់ប្រជាជនតាំងទីលំនៅ ២ កន្លែងដែលឡឹមមិញហ៊េប បានចម្លងជំងឺ។
យោងតាមសំណុំរឿង នៅល្ងាចថ្ងៃ ២៣ ខែសីហា ឆ្នាំ ២០២១ ហ៊េបបានជួបប្រាស្រ័យជាមួយអ្នកជំងឺឈ្មោះ N ដែលស្នាក់នៅជួរផ្ទះសំណាក់ជាមួយគ្នា នៅសង្កាត់ ៨ ក្រុងកាមា៉វ។ ក្រោយមកនោះ ហ៊េបបាននាំប្រពន្ធទៅស្រុកកំណើតនៅភូមិ ១ ឧសភា ឃុំខាន់ប៊ិញ ស្រុកត្រឹងវ៉ាន់ថើយ។ លុះដល់ថ្ងៃ ២៥ ខែសីហា ហ៊េបបានទទួលដំណឹងពីម្ចាស់ផ្ទះសំណាក់ប្រាប់ថា ឈ្មោះ N ក្លាយជាអ្នកជំងឺ F0 ប៉ុន្តែហ៊េបមិនទៅរាយការណ៍សុខាភិបាល ព្រោះខ្លាចត្រូវទៅធ្វើចត្តាឡីស័កប្រមូលផ្ដុំ។ បន្ទាប់ពីនោះ ហ៊េបបានចម្លងជំងឺដល់សាច់ញាតិខាងប្រពន្ធ ៥ នាក់ រួមមាន៖ ប្រពន្ធរបស់ហ៊េប ឪពុកម្ដាយក្មេកបងថ្លៃស្រី និងក្មួយថ្លៃម្នាក់អាយុក្រោម ១៦ ឆ្នាំ។
ដំណាក់កាលសើុបអង្កេតនិងនៅចំពោះមុខតុលាការ ហ៊េបបានសារភាពទង្វើរបស់ខ្លួន គឺបានប្រព្រឹត្តបំពានលើសេចក្ដីកំណត់ពីការបង្ការប្រឆាំងជំងឺ COVID-១៩។ ទោះបីហ៊េបដឹងពីកំហុសនិងកែប្រែខ្លួន ហើយបានជំនួយទឹកប្រាក់ដល់អ្នកដែលខ្លួនចម្លងជំងឺនោះក្នុងមួយនាក់មួយលានដុង ដើម្បីជម្នះនូវផលវិបាក ប៉ុន្តែដោយសារលក្ខណៈនៃទង្វើគ្រោះថ្នាក់លាក់បាំងជំងឺរាតត្បាត ក៏ដូចជាការក្រើនរំលឹករួមដល់សង្គម ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមដាក់គុកហ៊េបមួយឆ្នាំ៕
យោងតាមកាសែតកឹងធើ ប្រែសម្រួល៖ ពេជ្រសឿន