អាស្រ័យគោលនយោបាយឧបត្ថម្ភបានផ្សព្វផ្សាយព្រមៗគ្នា និងទាន់ពេល ម្ល៉ោះហើយជីវភាពរបស់ជនរួមជាតិភាគតិចនៅខេត្តបាកលីវ មានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ អត្រាគ្រួសារក្រីក្រថយចុះជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ទម្រង់ដាំដំណាំរួមផ្សំ ជួយកសិករខ្មែរជាច្រើននៅភូមិកាយយ៉ា បង្កើន
បានប្រាក់ចំណូលលំនឹងជីវភាព។
យោងតាមគណៈជនជាតិនិងសាសនាខេត្តបាកលីវ រយៈពេលកន្លង ការអនុវត្តសេចក្ដីសម្រេចលេខ ៣១ សេចក្ដីសម្រេចលេខ ៥៤ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ខេត្តបានជំនួយដល់គ្រួសារជនជាតិតំបន់លំបាកខ្លាំងជាង ១.៧០០ គ្រួសារបានបុលដើមទុន សរុបទឹកប្រាក់ជាង ៣២ ពាន់លានដុង ដើម្បីគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រអភិវឌ្ឍផលិតកម្ម លក់ដូរ។ ទន្ទឹមនឹងនោះ អនុវត្តគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបររកស៊ីនិងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ដោយជួយឧបត្ថម្ភជិត ៨.២០០ គ្រួសារ សរុបទឹកប្រាក់ជិត ២៩ ពាន់លានដុង ដើម្បីជំនួយគ្រឿងម៉ាស៊ីន សម្ភារៈ កសិកម្ម ពូជដំណាំ ពូជសត្វចិញ្ចឹម និងហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ។ ផ្ដើមពីនោះ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រ បានខិតជិតប្រភពទុន មានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។ បងសើុងមី នៅភូមិកាយយ៉ា ឃុំហឹងហោយ ស្រុកវិញឡើយ ឱ្យដឹង៖ “គ្រួសារខ្ញុំបានរដ្ឋសង់ផ្ទះឱ្យនិងឧបត្ថម្ភបុលទុន ម្ល៉ោះហើយខ្ញុំបានកែប្រែដី ១ កុងសម្រាប់ដាំដំណាំរួមផ្សំ មានដូច៖ ត្រកួន ស្ពៃចង្កឹះ ស្ពៃខៀវ ផ្ទី ភ្លៅកង្កែប។ល។ ផ្សំជាមួយនឹងប្រាក់ចំណូលពីកម្មករសំណង់ ម្ល៉ោះហើយជីវភាពគ្រួសារខ្ញុំបានធូរធារជាងមុន”។ បងស្រីសើុងធីហុងសេន នៅភូមិកាយយ៉ា ឃុំហឹងហោយ បានរ៉ាយរ៉ាប់៖ “ពេលបានសម្ព័ន្ធយុវជនឧបត្ថម្ភបុលទុន ហ្វឹកហាត់បច្ចេកទេស និងបញ្ជូនទៅទស្សនកិច្ចទម្រង់ដាំឈើហូបផ្លែនៅខេត្តមួយចំនួន ខ្ញុំមិនអល់អែកបង្វែរផ្ទៃដី ៣ កុងមកដាំត្របែក។ ដ្បិតអី ការដាំត្របែកគ្មានប្រើប្រាស់ជាតិគីមី ម្ល៉ោះហើយត្របែកលក់បានថ្លៃ។ អាស្រ័យមានប្រភពទុនបុលទើបខ្ញុំមានលក្ខណសម្បត្តិដាំឈើហូបផ្លែនិងរកបានប្រាក់ចំណូលលំនឹង”។
តាមប្រសាសន៍ លោកត្រិញថាញផុង ប្រធានគណៈជនជាតិនិងសាសនាខេត្តបាកលីវ មុនពេលឧបត្ថម្ភទុន រដ្ឋអំណាចភូមិភាគ បានត្រួតពិនិត្យនិងក្ដោបក្ដាប់គោលបំណងរបស់ប្រជាជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ អាស្រ័យហេតុនោះ ប្រភពទុន ពូជដំណាំ ពូជសត្វចិញ្ចឹម ត្រូវបានជំនួយចំមុខសញ្ញា ប្រើប្រាស់ចំគោលដៅ។ មកទល់ពេលនេះ មានទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាពជាច្រើន មានដូច៖ ដាំដំណាំរួមផ្សំ ចិញ្ចឹមមាន់ ទា បង្គា បង្កង គួបផ្សំនឹងផលិតស្រូវ។ល។ ជួយគ្រួសារជនជាតិភាគតិចជាច្រើនចាកផុតពីភាពក្រីក្រដោយចីរភាព៕
យ្វីអាញ - ថាច់ធី