កសិករខ្មែរនៅខេត្តសុកត្រាំង មោះមុតក្នុងការផ្លាស់ប្ដូរនិងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផល ម៉្លោះហើយបង្កើនបានទិន្នផលប្រាក់ចំណូល លំនឹងជីវភាព។
ដំណាំម្ទេស គូឆៃ ជួយកសិករខ្មែរនៅស្រុកមីស្វៀង រកបានប្រាក់ចំណូលលំនឹង។
ពេលបានឧបត្ថម្ភទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម បងថាច់ហ្វាងឌែប នៅឃុំថាញ់ភូ ស្រុកមីស្វៀង ជ្រើសអនុវត្តទម្រង់ដាំដំណាំរួមផ្សំដើម្បីកែលម្អជីវភាព។ ទម្រង់នេះបានជួយគ្រួសារបងចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។ បងឌែប ឱ្យដឹង៖ “មុននេះ ខ្ញុំបានរដ្ឋជំនួយសង់ផ្ទះ ព្រមទាំងឱ្យបុលទុន ៣០ លានដុង។ បានដើមទុននេះ ខ្ញុំយកទៅវិនិយោគដាំស្ពៃក្តោប ពោត ម្រះ ស្ពៃខាត់ណា។ល។ ម៉្លោះហើយ រកបានប្រាក់ចំណូលជាប្រចាំ។ អាស្រ័យការថែទាំត្រឹមត្រូវ ជ្រើសពូជដំណាំសមស្របនឹងរដូវកាល ទើបដំណាំលូតលាស់ល្អ បានផល លក់បានថ្លៃ ចំណេញខ្ពស់បង្គួរ។ បច្ចុប្បន្ន គ្រួសារខ្ញុំមានជីវភាពធូរធារ សង់បានផ្ទះឥដ្ឋសមរម្យ និងជួលដីស្រែបាន ៣,៥ កុងនិងដីចម្ការ ១ កុង ដើម្បីពង្រីកការបង្កបង្កើនផល”។
ចិញ្ចឹមគោសាច់ ជួយកសិករខ្មែរជាច្រើននៅសុកត្រាំង ចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារ។
លោកត្រាជឿន នៅភូមិត្រឿងខាញ់ ស្រុកឡុងភូ ជ្រើសអនុវត្តទម្រង់ចិញ្ចឹមគោសាច់ ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។ លោកជឿន ឱ្យដឹង៖ “ពេលចិញ្ចឹមគោ ខ្ញុំបានគិតគូរច្បាស់លាស់ រយៈពេល ៣ ឆ្នាំដំបូង គោកើតប៉ុន្មានទុកចិញ្ចឹមទាំងអស់ដើម្បីពង្រីកហ្វូង។ ចាប់ពីឆ្នាំទី ៤ ឡើងទៅ មធ្យមភាគក្នុងមួយឆ្នាំខ្ញុំលក់គោពី ២-៣ ក្បាល ថ្លៃលក់ក្នុងមួយក្បាលតម្លៃពី ១០- ២០ លានដុង ដើម្បីផ្គត់ផ្គង់ជីវភាព។ អាស្រ័យចិញ្ចឹមគោសាច់មានការរីកចម្រើន ទើបគ្រួសារខ្ញុំមានជីវភាពធូរធារ សង់បានផ្ទះសមរម្យ និងលោះដីស្រែដែលបញ្ចាំពីមុនចំនួន ៥ កុងឡើងវិញ”។ តាមប្រសាសន៍លោកជឿន ចិញ្ចឹមគោសាច់មិនលំបាកទេ គ្រាន់តែអនាម័យរោងគោឱ្យបានស្អាតបាត ផ្គត់ផ្គង់ស្មៅនិងចំបើងឱ្យស៊ីគ្រប់គ្រាន់ គោនឹងឆាប់ធំធាត់។ បច្ចុប្បន្ន គាត់នៅទាំងចិញ្ចឹមពូជគោបារាំង ពីព្រោះពូជគោនេះចិញ្ចឹមឆាប់ធំ លក់បានថ្លៃ។ ជាក់ស្ដែងនៅពេលកូនៗគាត់ទាំង ៨ នាក់មានគ្រួសារនៅដោយឡែក គាត់ចែកគោឱ្យម្នាក់ ២ ក្បាល ដើម្បីធ្វើដើមទុន។ អាស្រ័យហេតុនេះ កូនៗរបស់គាត់ក៏មានជីវភាពធូរធារផ្តើមពីការចិញ្ចឹមគោសាច់នេះដែរ។
តាមប្រសាសន៍លោក ឡឹមសិទ្ធ ប្រធានគណៈជនជាតិខេត្តសុកត្រាំង ខេត្តបានផ្សព្វផ្សាយអនុវត្តនូវទម្រង់គោលនយោបាយពិសេសដោយឡែកសម្រាប់គ្រួសារជនរួមជាតិខ្មែរ ម៉្លោះហើយ មាមីងខ្មែរមានដើមទុនដើម្បីផលិតស្រូវគុណភាពខ្ពស់ ចិញ្ចឹមគោទឹកដោះ គោសាច់ ចិញ្ចឹមមាន់ ដាំដំណាំរួមផ្សំ ។ល។ ឈានឡើងចាកផុតពីភាពក្រីក្រ ប្រកបដោយចីរភាពនិងធ្វើមានធ្វើបាន៕
យ្វីអាញ-មុនី