មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

01/06/2021 - 08:32

ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ អស់​ពី​ព្រះ​ទ័យ​ចំ​ពោះ​សាសនា​និង​សង្គម​

ជិត​ ៥០ ឆ្នាំ​ផ្នួស ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​ឧត្តមប្រ​ជុំ​វង្សា (ព្រែក​ត្រកួន​) ឃុំ​ថាញ់​ក្វើយ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ តែង​យក​ព្រះ​ទ័យ​គិត​គូរ​កសាង​វត្ត​អា​រាម​ និង​ខ្នះ​ខ្នែង​ការ​សិក្សា​របស់​ព្រះ​សង្ឃ​ និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​មាមីង​ពុទ្ធ​បរិស័ទ​តែង​មាន​ទំ​នុក​ចិត្ត​និង​គោ​រព​រាប់​អាន​ព្រះ​អង្គ​។​

 ​ ព្រះ​ឧបជ្ឈាយ៍ យឿងណេ។​

ឆ្នាំ ១៩៧២ ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ ចូល​សាង​ផ្នួសនៅ​វត្ត​ព្រែក​ត្រកួន​ គោល​បំ​ណង​ដើម្បី​បាន​សិក្សា​ធម៌​អាថ៌ វិន័យ​និង​អក្សរ​សាស្រ្ត​។​ ឆ្នាំ​ ១៩៧៥ ព្រះ​អង្គ​បាន​សិក្សា​ចប់​កម្រិត​អនុវិទ្យា​ល័យ​ ក៏​បាន​សិក្សា​បន្ត​ផ្នែក​គរុ​កោ​សល្យ​តាម​រយៈ​កម្ម​វិធី​សិក្សា​ ៩+៤ នៅ​សាលា​អនុ​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ខេត្ត​សុក​ត្រាំង​។​ បន្ទាប់​មក​ ព្រះ​ឧបជ្ឍាយ៍ក៏​បាន​បង្រៀន​នៅ​សាលា​បឋម​សិក្សា​ថាញ់​ក្វើយ ៤ (សាលា​មាន​ទីតាំង​នៅ​ក្នុង​វត្ត​ព្រែក​ត្រកួន​) ។​ ឆ្នាំ​ ២០០៦ ព្រះ​ចៅ​អធិ​ការ​វត្ត​បាន​អនិច្ចធម្ម​ ពេល​នោះ​ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ ក៏​ទទួល​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ មាន​ថេរ​ដី​កា​៖ “ពេល​ទទួល​តួនា​ទីជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ អា​ត្មា​ក៏​ខិត​ខំ​គិត​គូរ​កសាង​វត្ត​អា​រាម​ និង​ដឹក​នាំព្រះ​សង្ឃ​រៀន​សូត្រ​”។​ ព្រះ​ឧបជ្ឈាយ៍ បាន​ចលនា​ ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​ ដើម្បី​ជួស​ជុល​ កសាង​ ឧបដ្ឋាន​សា​លា​ សមណ​កុដិ​ ទីធ្លានិង​របង​វត្ត​ឱ្យ​កាន់​តែសម​រម្យ​និង​មាន​សោ​ភណ​ភាព​។​ ទន្ទឹម​នឹង​នោះ​ តម្រង់​ទិស​និង​បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​ព្រះ​សង្ឃ​សិក្សា​ទាំង​ផ្នែក​ធម្ម​វិន័យ​ ទាំង​ផ្លូវ​លោក​ និង​រៀន​មុខ​របរ​ដើម្បី​ប្រ​យោជន៍​ទៅ​ថ្ងៃ​អនា​គត។​ ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​គ្រប់​អង្គ​ តែង​បាន​ព្រះ​ឧបជ្ឈាយ៍ ជួយ​ទំ​នុក​បម្រុង​បច្ច័យ​មួយ​ផ្នែក​សម្រាប់​គិត​គូរ​ការ​សិក្សា​។​ ជា​រៀង​រាល់​ឆ្នាំ​ រដូវ​វិស្សម​កាល​ម្ដង​ៗ​ ព្រះ​ឧបជ្ឈាយ៍ តែង​បើក​ថ្នាក់​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ​ ឱ្យ​កូន​ចៅ​មាមីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​មក​ចូល​រៀន​ជាង​ ៤០០ នាក់ តាំង​ពី​ថ្នាក់​ទី ១-៥។​ ក្រៅ​ពី​នោះ​ វត្ត​នៅ​ទាំង​បរិច្ចាគ​ដី​ ១.០០០ ម៉ែត្រការ៉េ​ និង​ចលនា​ពុទ្ធ​បរិស័ទ​បរិច្ចាគ​ដី​ ១.៥០០ ម៉ែ​ត្រ​ការ៉េ​ទៀត​ ដើម្បី​រដ្ឋ​សាង​សង់​សាលា​បឋម​សិក្សា​ថាញ់ក្វើយ ៤ ។​

ទិដ្ឋ​ភាព​វត្ត​ព្រែក​ត្រកួន​ ។​

ព្រះ​ឧបជ្ឈាយ៍​យឿង​ណេ នៅ​ទាំង​ខិត​ខំ​ថែ​រក្សា​ទូក​គែ​ហ៊ៅនិង​ទូក​-ងរបស់​វត្ត​ ដើម្បី​ចូល​រួម​ពិធីប្រ​ណាំងទូក​-ងប្រ​ពៃ​ណី​ជន​ជាតិ​របស់​ខេត្ត​និង​តំ​បន់​។​ ព្រះ​ឧបជ្ឈាយ៍ តែង​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោលនយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ចលនា​មាមីង​ពុទ្ធ​បរិស័ទ​កិញ - ខ្មែរ​ - ចិន​ រស់​នៅ​សាម​គ្គី​ ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច្នេះ​ ទើប​បង្កើត​បាន​ការ​ជឿទុក​ចិត្ត​ និង​ទាក់​ទាញ​មាមីង​ទាំង​ ៣ ជន​ជាតិ​មក​វត្ត​ធ្វើ​បុណ្យ​ទាន​ និង​ធ្វើ​ការ​ងារ​សប្បុរស​ធម៌​ ដើម្បី​ជួយ​អ្នក​ក្រ​ជា​ដើម​។​

លោក​ ត្រឺងង៉ុក​យុីប លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថាញ់​ក្វើយ ឱ្យ​ដឹង​៖ “ព្រះ​ឧបជ្ឈាយ៍ យឿង​ណេ ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​គិត​គូរ​ការ​ងារ​ពុទ្ធ​សាសនា​និង​សង្គម​ ព្រម​ទាំង​ការ​ងារ​សប្បុរស​ធម៌​ជាច្រើន​។​ អា​ស្រ័យ​ដោយ​ ព្រះ​ឧបជ្ឈាយ៍ ផ្សព្វ​ផ្សាយ​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​រួម​គ្នា​បរិច្ចាគ​ដី​ ដំ​ណាំ​ កម្លាំង​ពល​កម្ម​ ទឹក​ប្រាក់។​ល។​ ដើម្បី​កសាង​សម្រេច​រួច​រាល់​សំ​ណង់​ជន​បទ​ និង​អនុវត្ត​នូវ​លក្ខ​ឋាន​ជា​ច្រើន​ទៀត​ រួម​ចំ​ណែក​ជំ​រុញ​ឱ្យ​ឃុំ​ថាញ់​ក្វើយ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ឆ្នាំ​ ២០១៩ ”៕​

                                លីធាន​-ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ