ក្រុមសិល្បៈមហាជនខ្មែរ នៅភូមិពល អាស្រ័យវត្តជ្រៃតាសូ ឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ទោះបីទើបបង្កើតបានជាង២ឆ្នាំក៏ពិតមែន ប៉ុន្តែក្រុមសិល្បៈតែងទទួលបានការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋាន។
ព្រះតេជព្រះគុណថាច់ឌីណេ ព្រះចៅអធិការវត្តជ្រៃតាសូ (ខាងស្តាំ)ថតរូបជាមួយក្រុមសិល្បៈរបាំឆៃយុាំ។
ក្រុមឆៃយុាំសម្តែងក្នុងពិធីបុណ្យរបស់ជនរួមជាតិខ្មែរ។
ប៉ុន្មានឆ្នាំជិតៗនេះ ក្រៅពីការជួសជុលកុដិ សាលា វត្តខ្មែរជាច្រើននៅត្រាវិញ ក៏បានយកចិត្តទុកដាក់អភិវឌ្ឍចលនាវប្បធម៌សិល្បៈផងដែរ។ នៅវត្តជ្រៃតាសូ ព្រះចៅអធិការនិងគណៈកម្មការវត្តបានបង្កើតក្រុមសិល្បៈ ដើម្បីសម្តែងក្នុងឱកាសបុណ្យផ្សេងៗ នៅក្នុងវត្តនិងតាមភូមិ ស្រុក។ ថ្វីត្បិតតែប្អូនៗវ័យនៅក្មេងក៏ដោយ ប៉ុន្តែដោយទឹកចិត្តស្រឡាញ់សិល្បៈ សមាជិកក្នុងក្រុមតែងហាត់សមជាប្រចាំ ដើម្បីសម្ដែងបម្រើជូនមាមីងក្នុងភូមិស្រុក។ តាំងពីបង្កើតក្រុមសិល្បៈឡើង មាមីងខ្មែរនៅក្នុងនិងក្រៅភូមិស្រុកបានទទួលនូវ “ចំណីអារម្មណ៍” ក្រោយពីពលកម្មនឿយហត់។ ប្អូនថាច់ធីសឿង ប្រធានក្រុមសិល្បៈ វត្តជ្រៃតាសូ ឱ្យដឹង៖ “ចាប់ផ្ដើមហាត់ដំបូង ឃើញថាពិបាកណាស់ដែរ។ ចំពោះចម្រៀងប្រជាប្រិយ ហាត់មួយរយៈពេលខ្លី ប្អូនអាចនឹងច្រៀងបាន។ រីឯរបាំវិញនោះ ហាត់រយៈពេលប្រមាណជាង១ខែ ទើបអាចសម្តែងបាន។ បច្ចុប្បន្នក្រុម បានដើរសម្តែងបម្រើមាមីងក្នុងនិងក្រៅជើងវត្ត”។
ក្រៅពីបង្កើតក្រុមសិល្បៈរបាំ វត្តជ្រៃតាសូ ថែមទាំងបង្កើតបានក្រុមឆៃយុាំសម្តែងបានជាងមួយឆ្នាំកន្លង។ សមាជិកក្រុមឆៃយុាំ ចេះប្រគំភ្លេង ពិណពាទ្យផងនិងចេះសម្តែងតួយក្សផង។ វត្តបានរកគ្រូមកបង្រៀនដល់ក្រុមឆៃយុាំ។ ពូគឹមសារ៉ឹម នៅឃុំង៉ូវឡាក ស្រុកយ្វៀងហាយ ឱ្យដឹង៖ “ខ្ញុំមានសោមនស្សរីករាយ ពេលឃើញវប្បធម៌សិល្បៈខ្មែរមានការអភិរក្សដូច្នេះ”។
ព្រះតេជព្រះគុណថាច់ឌីណេ ព្រះចៅអធិការវត្តជ្រៃតាសូ បានឧបត្ថម្ភទាំងស្រុង ពេលក្រុមសិល្បៈទើបបង្កើត ព្រះអង្គមានថេរដីកា៖ “បង្កើត ក្រុមសិល្បៈបានបង្កសួនកម្សាន្តមួយដ៏មានប្រយោជន៍ ជួយប្អូនៗមានឱកាសដើម្បីពង្រីកទេពកោសល្យខាងសិល្បៈ សម្រាប់បម្រើតម្រូវការ កម្សាន្តដល់មាមីងពុទ្ធបរិស័ទ ខណៈពេលមកចូលរួមពិធីបុណ្យក្នុងវត្តម្ដងៗ”៕
សឺនម៉ាល័យ-លីសៀ