យ័ញធីរ័ត្ននិងយ័ញថាញ់ឡឹង មិនគ្រាន់តែជាអ្នកមានស្មារតីរក្សានូវអត្តសញ្ញាណ វប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងមានបំណងក្លាយជាអ្នកស្នងបន្តសិល្បៈប្រពៃណីជូនអ្នកជំនាន់ក្រោយទៀតផង។
យ័ញធីរ័ត្ននិងយ័ញថាញ់ឡឹង គឺជាមិត្តយុវវ័យ២រូបដែលពោរពេញដោយទឹកចិត្តអភិរក្សនិងពង្រីកវប្បធម៌ជនជាតិ។
យ័ញធីរ័ត្ន ជាស្រ្តីម្នាក់ដែលមានភាពទន់ភ្លន់ សុភាពរាបសា និងចូលចិត្តរបាំប្រពៃណីខ្មែរ។ កាលនៅតូច ពេលតាមម្តាយទៅលេងបុណ្យទានម្តងៗ យ័ញធីរ័ត្ន តែងជក់ចិត្តនឹងរបាំខ្លាំងណាស់ ជួនកាលរ័ត្នក៏លួចហាត់រាំតាមចង្វាក់ភ្លេងទៀតផង។ យ័ញធីរ័ត្ន ឲ្យដឹង៖ មានគេសរសើរថា ដៃនាងខ្ញុំរាំទន់ភ្លន់ ខ្ញុំត្រេកអរណាស់ ដ្បិតអីខ្លួនបានរួមចំណែកថែរក្សាសិល្បៈប្រពៃណីរបស់ជនជាតិខ្លួន។ ដំបូងឡើយគ្រាន់តែមានទឹកចិត្តស្រឡាញ់ចំពោះរបាំប្រពៃណីប៉ុណ្ណោះ។ ប៉ុន្តែដើម្បីរក្សានិងពង្រីកនូវតម្លៃនោះ ទាមទារនូវការសាកល្បងនិងការទទួលខុសត្រូវផងដែរ”។
ឆ្នាំរៀនថ្នាក់ទី១១ រ័ត្នត្រូវបានសាលាជម្រើសចូលក្រុមសិល្បៈ ដើម្បីចូលរួមសម្តែងក្នុងមហោស្រពវប្បធម៌-កីឡា ជាមួយនឹងសាលាចំណេះទូទៅជនជាតិអន្តេវាសិកឯទៀតក្នុងទូទាំងប្រទេស។ ក្រោយពីប្រឡងជាប់ចេញសាលារ័ត្នបានចូលបំពេញការងារនៅក្រុមឃោសនាការសិល្បៈខ្មែរ (បច្ចុប្បន្នជាក្រុមសិល្បៈខ្មែររបស់ខេត្តកាម៉ាវ)។ នៅទីនោះ យ័ញធីរ័ត្នកាន់តែមានឱកាសចូលរួមហាត់របាំ ក៏ដូចជាវិស័យសិល្បៈផ្សេងៗ។ យ័ញធីរ័ត្ន ឲ្យដឹង៖ “តម្លៃវប្បធម៌ពីកាយវិការរាំ បានជះឥទ្ធិពលដល់ស្មារតី សតិអារម្មណ៍ ញាំុងឲ្យនាងខ្ញុំកាន់តែមានចិត្តស្រឡាញ់និងមានភារកិច្ចថែរក្សានិងពង្រីកវប្បធម៌ជនជាតិខ្លួនថែមទៀត”។
ចង្វាក់ភ្លេងនិងចម្រៀងរបស់មាមីងនៅតាមភូមិស្រុក បានទាក់ទាញអារម្មណ៍យ័ញថាញ់ឡឹង ឲ្យមានចិត្តស្រឡាញ់ខាងសិល្បៈតាំងពីនៅតូចដែរ។ រហូតមកដល់សព្វថ្ងៃ យ័ញថាញ់ឡឹងក្លាយជាតន្រ្តីករដ៏ចំណានម្នាក់។ យ័ញថាញ់ឡឹងចេះកូដទ្រតាំងពីអាយុ១០ឆ្នាំ។ ក្រោយពីសឹកពីបួស យ័ញថាញ់ឡឹង ក៏បន្តស្វះស្វែងរកគ្រូបង្ហាត់កូដទ្រសោ ទ្រអ៊ូ វាយស្គរធំ ស្គរតូច។ ។ល។ ឧបករណ៍ ភ្លេងណាក៏ដោយឲ្យតែទាក់ទិននឹងសិល្បៈប្រវេណី គឺយ័ញថាញ់ឡឹង ក៏តែងចង់រៀនចង់ចេះ។ លោកគ្រូដែលបង្ហាត់ថាញ់ឡឹងវាយស្គរធំ ស្គរតូចនោះ គឺសិប្បករផ្លុំប៉ីអម្នាក់ នៅពេលគាត់មានវ័យកាន់តែចាស់ខ្សោយត្រចៀក គាត់ក៏ប្តូរមកវាយស្គរឲ្យក្រុមភ្លេង។ លោកគ្រូបានបណ្តុះចិត្តឲ្យយ័ញថាញ់ឡឹង មានមនោសញ្ចេតនាផ្សារភ្ជាប់ជាមួយនឹងក្រុមភ្លេងប្រពៃណីខ្មែរ។ ខណៈពេលរៀនចេះប្រភេទឧបករណ៍ភ្លេងប្រពៃណី ឡឹងក៏មានឱកាសរៀនបទភ្លេងសម័យទៅតាមគោលបំណងរបស់ឪពុកម្តាយ។ មិនត្រឹមតែចេះប្រគំភ្លេងសម័យ ចេះភ្លេងប្រពៃណី ឡឹងថែមទាំងចេះចម្លាក់គូរគំនូរ។ល។ ដោយសារមានទេពកោសល្យខាងសិល្បៈប្រពៃណី ទោះបីជាវ័យនៅក្មេងក៏ពិតមែន ប៉ុន្តែឡឹងអាចធ្វើបានការងារជាច្រើន ដើម្បីរកបានប្រាក់ចំណូល ក្លាយជាកម្លាំងស្នូលសម្រាប់គ្រួសារ។
ដោយសារការជក់ចិត្តជាមួយនឹងសិល្បៈ តន្រ្តី នាំឲ្យឡឹងក្លាយជាអ្នកស្នងបន្តភ្លេងប្រជាប្រិយ។ លោកគ្រូម្នាក់ទៀតដែលបង្ហាត់ភ្លេងតាខេឲ្យឡឹង គឺសិប្បករចើនសុផារ៉ា (នៅក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ) ឡឹងឲ្យដឹង៖ “បច្ចុប្បន្ន តិចមានអ្នកចេះដេញតាខេនេះណាស់”។ អាយុមិនទាន់ដល់២០ឆ្នាំផង ឡឹងចេះលេងស្ទាត់ប្រភេទឧបករណ៍ភ្លេង
ជនជាតិ មានដូច៖ តាខេ ទ្រសោ ទ្រអ៊ូ ស្គរធំ ស្គរដៃ រនាតគង។ល។ ៕
ប្រភព៖កាសែតកាម៉ាវ- ថាច់សេរី