ទោះបីនៅជួបការលំបាកនៅឡើយ ក៏ប៉ុន្តែពូថាច់សំណាង នៅភូមិធូងរូង ឃុំត្រាកូង ស្រុកត្រាអូង ខេត្តវិញឡុងតែងខំប្រឹងចិញ្ចឹមកូន៤នាក់ រៀនសូត្រចប់ចុងចប់ដើម សក្តិសមជាគំរូសង្វាតរៀនសូត្រឲ្យគ្រួសារដទៃទៀតនៅភូមិភាគយកតម្រាប់តាម។
បច្ចុប្បន្ន គ្រួសារពូសំណាង បានចាកផុតពីភាពក្រីក្រ ឈានឡើងជាគ្រួសារធូរធារ។
ពូថាច់សំណាង មិនលាក់បាំងនូវមោទនភាព ពេលនិយាយដល់កូនៗរបស់ខ្លួន។ កូនស្រីច្បង ចន្ទសម្ផស្សប្រឡងជាប់សញ្ញាប័ត្រ អនុមហាវិទ្យាល័យគរុកោសល្យ មត្តេយ្យខេត្តវិញឡុង បច្ចុប្បន្ន កំពុងបម្រើការងារនៅសាលាមត្តេយ្យឃុំតឹងមី។ កូនស្រីបន្ទាប់ ចន្ទសូណា ប្រឡងជាប់សញ្ញាប័ត្រមហាវិទ្យាល័យគរុកោសល្យកឹងធើ បច្ចុប្បន្នកំពុងបង្រៀននៅសាលាមធ្យមសិក្សាចំណេះទូទៅឃុំហ្វាប៊ិញ ស្រុកត្រាអូង។ កូនប្រុសផ្លោះទាំងពីរទើបតែប្រឡងជាប់សញ្ញាប័ត្រមហាវិទ្យាល័យ គរុកោសល្យកឹងធើ។ ពូថាច់សំណាង ឲ្យដឹង៖ "កាលពីមុន ប្រពន្ធខ្ញុំក៏ជាគ្រូបង្រៀនដែរ ប៉ុន្តែបានស្លាប់ទៅហើយ ពេលកូនប្រុសពៅទាំងពីរទើបតែកើត។ ម្ល៉ោះហើយ ខ្ញុំបានក្លាយទៅជាឪពុកពោះម៉ាយ ម្នាក់ឯងចិញ្ចឹមកូន។ ជីវភាពជួបការលំបាក ប៉ុន្តែខ្ញុំឃើញកូនៗខិតខំរៀនសូត្រ ធ្វើឲ្យខ្ញុំកាន់តែប្តេជ្ញាចិត្តដើម្បីបង្កលក្ខណៈឲ្យកូនៗរៀនសូត្រ និងមានរបរលំនឹង។ សម្រេចបានលទ្ធផលដូចសព្វថ្ងៃនេះ គឺអាស្រ័យទៅលើការខិតខំរៀនសូត្ររបស់កូនៗ"។
ពូសំណាងតែងទូន្មានកូនៗរស់នៅប្រកបដោយមនុស្សធម៌ និងទទួលខុសត្រូវចំពោះសង្គម។ មិនត្រឹមតែទូន្មានកូនចៅរៀនសូត្របានសម្រេចជោគជ័យ សុភាពរាបសាប៉ុណ្ណោះទេ ពូនៅទាំងចូលរួមការងារសង្គម ដូចជា៖ សកម្មភាពតបស្នងសងគុណ រួមចំណែកក្នុងការចលនានៅភូមិភាគ ពិសេសគឺការចលនាជំរុញការសិក្សា។ បច្ចុប្បន្ន ពូជាប្រធានសាខាសមាគមជំរុញការសិក្សាភូមិធូងរូង ឃុំត្រាកូង។ ក្នុងពេលប្រជុំភូមិម្តងៗ ពូតែងចលនាមាមីងខិតខំចិញ្ចឹមកូនរៀនសូត្រ បង្កើតមូលនិធិជំរុញការសិក្សារបស់ភូមិចលនាសប្បុរសជនរួមចំណែកក្នុងការជួយប្អូនៗក្រីក្រ ដែលមានស្ថានភាពក្រលំបាក ពិសេសគឺកូនចៅជនរួមជាតិខ្មែររស់នៅតំបន់ជ្រៅ តំបន់ឆ្ងាយដែលបោះបង់ការរៀនសូត្រពាក់កណ្តាលការ។ ពូថាច់សំណាង ឲ្យដឹងបន្ថែម៖" ភាពលំបាកលំបិនពីមុនទាំង ប៉ុន្មានឥឡូវបានរសាត់បាត់ទៅអង្គុយសញ្ជឹងគិតពីអតីតកាល ខ្ញុំសួរខ្លួនឯងថា កាលនោះ មិនដឹងកម្លាំងនៃឆន្ទៈមោះមុតមកពីណាបានជាឆ្លងកាត់រួចពីការលំបាកចិញ្ចឹមកូនៗ រៀនសូត្របានចប់ចុងចប់ដើមយ៉ាងនេះ។
ដើម្បីសម្រេចបានលទ្ធផលដូចថ្ងៃនេះ គ្រួសារខ្ញុំនិងកូនៗ របស់ខ្ញុំតែងបានទទួលនូវការលើកទឹកចិត្តរបស់អ្នករាល់គ្នា និងការខិតខំប្រឹងប្រែងដោយផ្ទាល់របស់ពួកគេ"។
គំរូសង្វាតរៀនសូត្ររបស់គ្រួសារ ពូសំណាង បានសមាគមជំរុញការសិក្សាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត កត់សម្គាល់និងកោតសរសើរ។ គ្រួសារពូសំណាងមានកិត្តិយស បានខេត្តវិញឡុងទទួលស្គាល់ជា" គ្រួសារសង្វាតរៀនសូត្រ"ថ្នាក់ខេត្ត៕
លីសៀ - សុផល