ក្រោយពីប្រឡងជាប់មហាបរិញ្ញាប័ត្រពុទ្ធសាសនានៅសិរីលង្កា ព្រះតេជព្រះគុណត្រឹងវាំុងថា វិលមកប្រទេសនិងទទួលនាទីជាព្រះចៅអធិការវត្តសិរីតាម៉ឺន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។
ព្រះតេជព្រះគុណត្រឹងវាំុងថា។
ព្រះតេជព្រះគុណ ត្រឹងវាំុងថា មានថេរដីកា៖ "អាស្រ័យបានគណៈជនជាតិ សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិ ស្ថាប័នរដ្ឋអំណាច គណៈ ផ្នែកនានារបស់ខេត្តនិងពុទ្ធបរិស័ទឧបត្ថម្ភ ទើបអាត្មាភាពមានឱកាសនិមន្តទៅសិក្សានៅប្រទេសភូមា។ ដូច្នោះអាត្មាភាពតែងដាស់តឿនខ្លួនឯងថា ត្រូវតែខិតខំរៀនសូត្រឲ្យបានល្អដើម្បីនាំយកចំណេះដឹងមកបម្រើការងារសាសនានៅភូមិភាគ"។ ក្រោយពីប្រឡងជាប់សញ្ញាប័ត្រ នៅមហាវិទ្យាល័យផ្សព្វផ្សាយពុទ្ធសាសនាទក្ខិណានិកាយអន្តរជាតិនៅប្រទេសភូមា ព្រះតេជព្រះគុណត្រឹងវាំុងថា បានរៀនកម្រិតឧត្ដមសិក្សាជាបន្តនៅមហាវិទ្យាល័យ Kelaniya ប្រទេសសិរីលង្កា។ ឆ្នាំ២០០៨ ព្រះតេជព្រះគុណ ត្រឹងវាំុងថា ប្រឡងជាប់មហាបរិញ្ញាប័ត្រ រួចនិមន្តវិលត្រឡប់មកវត្តបានគណៈកម្មការវត្តនិងពុទ្ធបរិស័ទតែងតាំង ជាព្រះចៅអធិការវត្តរហូតដល់សព្វថ្ងៃ។
ព្រះតេជព្រះគុណ ត្រឹងវាំុងថា ថែមទាំងឧស្សាហ៍ចលនាពុទ្ធបរិស័ទ អនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ។ ចលនាពុទ្ធបរិស័ទគិតគូរអភិវឌ្ឍផលិតកម្ម ចិញ្ចឹមកូនចៅរៀនសូត្រសម្រេចជោគជ័យ។ល។ ពិសេសព្រះតេជព្រះគុណនៅទាំងបវារណាពុទ្ធបរិស័ទរួមវិភាគទានជាទឹកប្រាក់ កម្លាំងពលកម្មកសាងស្ពានជនបទបាន៣ខ្នងនៅភូមិដៃនង ឃុំលីវទូ និងជូនអំណោយអង្ករដល់អ្នកក្រ។ល។ ទទួលនាទីជាព្រះចៅអធិការក្នុងស្ថានភាពវត្តកំពុងស្ថិតក្នុងស្ថានភាព ទ្រុឌទ្រោមយ៉ាងខ្លាំង ម្ល៉ោះហើយព្រះតេជព្រះគុណ ត្រឹងវាំុងថាបានបវារណាពុទ្ធបរិស័ទរួមវិភាគទានកសាងសាលាទាន ព្រះវិហារ និងអគារសិក្សា៤បន្ទប់រោងបាយនិងសមណកុដិសម្រាប់ព្រះសង្ឃគង់នៅរៀនសូត្រ។ល។ អាស្រ័យហេតុដូច្នោះ ទើបវត្តសិរីតាម៉ឺនមានគ្រប់លក្ខណសម្បត្តិអាចបើកថ្នាក់បង្រៀនពុទ្ធិកបឋមសិក្សា ចាប់ពីបាលីថ្នាក់ទី១រហូតដល់បាលីថ្នាក់ទី៣ ជូនព្រះសង្ឃទាំងក្នុងនិងក្រៅខេត្តមកសិក្សារៀនសូត្រជាង៥០អង្គ។ លោកគឹមឆោន ពុទ្ធបរិស័ទចំណុះជើងវត្ត ឲ្យដឹង៖ "ព្រះតេជព្រះគុណ ត្រឹងវាំុងថា គឺជាព្រះសង្ឃមួយអង្គដែលចេះដឹងជ្រៅជ្រះ ម្ល៉ោះហើយសំណង់នានាក្នុងវត្តត្រូវបានកសាងប្រកបដោយគុណភាពល្អស្អាត ហើយថវិកាចំណាយក៏ទាបបង្គួរ។ តួយ៉ាងដូច ជាសមណកុដិ អាស្រ័យព្រះតេជព្រះគុណ ត្រឹងវាំុងថា រចនាប្លង់ដោយផ្ទាល់ គឺជាន់ផ្ទាល់ដី និងជាន់លើអស់តម្លៃទឹកប្រាក់ជាង៤ពាន់លានដុង រយៈពេលចាប់ផ្តើមកសាងរហូតសម្រេចមិនដល់២ឆ្នាំផង។ ចំពោះព្រះសង្ឃបួសរៀនក្នុងវត្តត្រូវបានព្រះតេជព្រះគុណគ្រប់គ្រងយ៉ាងហ្មត់ចត់ ម្ល៉ោះហើយសមណសិស្សប្រឡងបញ្ចប់ថ្នាក់សម្រេចអត្រាខ្ពស់។ អាស្រ័យហេតុដូច្នោះ មាមីងពុទ្ធបរិស័ទតែងគោរពគុណធម៌របស់ព្រះតេជព្រះគុណ"។ ទន្ទឹមនឹងនោះ ព្រះតេជព្រះគុណ ត្រឹងវាំុងថា នៅទាំងឧបត្ថម្ភថវិកាជូនព្រះសង្ឃ១២អង្គ រៀនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ៤អង្គ រៀននៅប្រទេសភូមា ថៃ និង២អង្គរៀននៅមហាវិទ្យាល័យត្រាវិញ វិជ្ជាស្ថានពុទ្ធសាសនាខ្មែរនៅកឹងធើ។ ក្នុងឱកាសវិស្សមកាល ព្រះតេជព្រះគុណ ត្រឹងវាំុងថា នៅទាំងចាត់ព្រះសង្ឃក្នុងវត្តនិមន្តចុះទៅថ្នាក់រៀនតាមភូមិ ដើម្បីបង្រៀនអក្សរខ្មែរចាប់ពីថ្នាក់ទី១ ដល់ទី៤ជូនសិស្សានុសិស្សជាង៣៣០រូប នៅឃុំវៀងប៊ិញ និងលីវទូ។ សិស្សានុសិស្សទាំងឡាយដែលបានចូលរៀន សុទ្ធតែបានព្រះតេជព្រះគុណជំនួយសិក្ខូបករណ៍ មានប៊ិច សៀវភៅជាដើម។
លីធាន - សេរី