ទោះបីមិនធ្លាប់បានឆ្លងកាត់សាលាបណ្តុះបណ្តាលត្រឹមត្រូវ ហើយក៏មិនមានទេពកោសល្យគូរគំនូរតាំងពីតូចក៏ដោយ ប៉ុន្តែដោយការស្រឡាញ់ពេញចិត្ត និងការខិតខំព្យាយាមមិនឈប់ឈរ បងលីហ្វាយផុង នៅភូមិបឹង ឃុំញូយ៉ា ទីក្រុងកឹងធើ ក៏អាចរចនាផ្ទាំងគំនូរដ៏មានភាពរស់រវើកនិងស្រស់ស្អាត។

បងលីហ្វាយផុង កំពុងផ្ចិតផ្ចង់គូរគំនូរ។
ពេលនឹកដល់ដំណើរការផ្សារភ្ជាប់នឹងរបរគំនូរ បងផុងរៀបរាប់ឱ្យដឹង កាលនោះគាត់បួសរៀនបាន១០វស្សា។ ដោយចៃដន្យបានជួបបងយ័ញថាញ់ដាក នៅខេត្តអាងយ៉ាង មកគូរគំនូរនិងឆ្លាក់ក្បូរក្បាច់រចនានៅវត្តអំពូយារ។ ដោយឃើញក្បូរក្បាច់រចនាស្អាត ហេតុនោះគាត់ក៏សុំរៀន ចំណាយពេល ៣ ឆ្នាំទើបចេះឆ្លាក់ក្បូរក្បាច់រចនាបានស្ទាត់ជំនាញ។ នៅពេលចេះស្ទាត់ជំនាញហើយ គាត់ចង់រៀនគូរបន្តទៀត អារម្មណ៍ថ្ងៃដំបូងកាន់ជក់ មិនមែនជាការងាយស្រួលទេ។
បងផុង រៀបរាប់៖ “រៀនប្រមាណ ២ ឆ្នាំទើបខ្ញុំចេះគូរបានបន្តិចបន្តួច។ ដំបូងខ្ញុំមិនធ្លាប់គិតថាខ្លួនអាចគូរបានទេ ពីព្រោះខ្ញុំមានវ័យក៏ចាស់ ហើយតែងបារម្ភខ្លាចគូរមិនស្អាត”។
មានពេលខ្លះគាត់ធ្លាក់ទឹកចិត្ត និងចង់បោះបង់ពាក់កណ្តាលការ ពីព្រោះឃើញរៀនយូរហើយតែគ្មានរីកចម្រើនអ្វីសោះ។ ប៉ុន្តែក្រោយមកគាត់បានប្តេជ្ញាចិត្ត បើចង់ជោគជ័យត្រូវតែខិតខំ។ ផ្តើមពីគំនិតនោះ គាត់បន្តកាន់ជក់ និងកាន់តែខិតខំខ្លាំងជាងទៀត។
ដំណាក់ការបង្កើតផ្ទាំងគំនូរនីមួយៗ ត្រូវទាមទារការអត់ធ្មត់ខ្ពស់ ចាប់ពីការលាយពណ៌ រហូតដល់សម្រេចផលិតផលនីមួយៗ។ ផ្តើមពីការប្តេជ្ញា និងការយកចិត្តទុកដាក់នោះ ទើបផ្ទាំងគំនូរទាំងនោះមានភាពស្រស់ស្អាតនិងទាក់ទាញអារម្មណ៍។ មិនត្រឹមតែគូរគំនូរខ្នាត់តូចប៉ុណ្ណោះទេ គាត់ក៏អាចគូរគំនូរខ្នាតធំនៅលើជញ្ជាំងទៀតផង។
បងផុង ឱ្យដឹងបន្ថែម៖ “ប្រភេទគំនូរដែលខ្ញុំគូរតាមតម្រូវការរបស់អតិថិជន ពេលខ្លះគឺរូបគំរូដែលអតិថិជនផ្តល់ឱ្យពេលខ្លះគឺរូបគំរូដែលខ្ញុំមានស្រាប់ ភាគច្រើនគឺរូបប្រាសាទអង្គរវត្ត ទេសភាពស្រុកកំណើត រូបក្ងោក រូបត្រី... អតិថិជនចូលចិត្តរូបអ្វី ខ្ញុំគូរហ្នឹង”។ ដោយសារផ្ចិតផ្ចង់ទៅលើផ្ទាំងគំនូរ ពេលណាក៏យកចិត្តទុកដាក់ដល់គុណភាព ម្ល៉ោះហើយ ផ្ទាំងគំនូរនីមួយៗនៅពេលសម្រេចរួចរាល់ តែងបានអតិថិជនពេញចិត្ត។
អតិថិជនដឹងឮពីផ្ទាំងគំនូររបស់បងភាគច្រើនតាម រយៈការបង្ហោះរូបលើ Face book, TikTok និង Zalo។ ពេលឃើញពេញចិត្ត ពួកគាត់ផ្ញើសារសួរតម្លៃ។ បើឃើញតម្លៃសមរម្យ អតិថិជនក៏កម្មង់ទិញ។ ផ្ទាំងគំនូរនីមួយៗរបស់គាត់មានតម្លៃចាប់ពី ៥០០ .០០០ដុង រហូតដល់ខ្ពស់បំផុត ១,៥ លានដុងអាស្រ័យលើទំហំ។
ពេលគូររួចស្រេច បើអតិថិជននៅក្នុងទីក្រុង (ខេត្ត) គាត់យកទៅប្រគល់ដល់កន្លែង បើអតិថិជននៅខេត្តក្រៅ គាត់នឹងផ្ញើតាមប្រៃសណីយ៍។
ផ្ទាំងគំនូរដ៏ស្រស់ស្អាត និងរស់រវើករបស់បងលីហ្វាយផុង គឺជាភស្តុតាងច្បាស់លាស់នៃភាពអត់ធ្មត់ និងការខិតខំដោយមិនឈប់ឈរ។ សមិទ្ធផលដែល បងសម្រេចបាននៅថ្ងៃនេះ បានបង្ហាញឱ្យឃើញនូវប្រការមួយដ៏មានអត្ថន័យ៖ ជោគជ័យតែងកើតមាន ចំពោះអ្នកណាដែលខិតខំព្យាយាម។ ត្រូវមានការប្តេជ្ញា ស្រឡាញ់ពេញចិត្ត និងខិតខំដោយមិនឈប់ឈរចំពោះការងារដែលស្រឡាញ់ពេញចិត្ត នោះទើបការខិតខំពិតជានឹងទទួលបានផលត្រចះត្រចង់៕
វឌ្ឍា - វិមាន