ដោយការយល់ច្បាស់ពីតួនាទីរបស់គ្រួសារចំពោះការអភិវឌ្ឍសង្គម រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំអាងនិញ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់លើសកម្មភាពជួយដល់នារីកសាងគ្រួសារសុភមង្គល។ ក្នុងនោះ “ក្រុមនារីគ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន” អាស្រ័យសមាគមសហព័ន្ធនារីឃុំបង្កើតឡើង ជាជំហានៗបាននិងកំពុងនាំមកនូវប្រសិទ្ធភាព រួមចំណែកលើកកម្ពស់តួនាទីរបស់នារីក្នុងជីវភាពសង្គម។
លើកកម្ពស់ការយល់ដឹងរបស់សមាជិកានារី អំពីការកសាងគ្រួសារសុភមង្គល គឺមានតួនាទីដ៏សំខាន់ណាស់ ព្រោះថានារីគឺជាអ្នក “រក្សាភ្លើង” ក្នុងគ្រួសារ។ ជាក់ស្តែង ជីវភាពគ្រួសារមិនមែនពេលណាសុទ្ធតែមានភាពសុខដុមរមនានោះទេ ពេលខ្លះក៏អាចកើតមានបញ្ហាប្រទុក្ខប្រដាក់ និងភាពស្មុគស្មាញផ្សេងៗ។ នៅពេលនោះ ត្រូវការជំនាញនៃការប្រព្រឹត្តរបស់សមាជិកក្នុងគ្រួសារ ដើម្បីដោះស្រាយភាពតានតឹង។ ដូច្នេះ ពេលចូលរួមសកម្មភាព “ក្រុមនារីគ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំលុះក្នុងដំបូន្មាន” បងប្អូននារីមិនត្រឹមតែទទួលបានការលើកកម្ពស់បំណិនក្នុងការកសាងគ្រួសារសុភមង្គលប៉ុណ្ណោះទេ ថែមទាំងអាចចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍ និងវិធីសាស្ត្ររក្សាភាពសុខដុមរមនាក្នុងគ្រួសារ ដើម្បីឱ្យគ្រួសារមានភាពចុះសម្រុងគ្នា និងពោរពេញដោយសុភមង្គលជានិច្ច។

សមាជិកា “ក្រុមនារីគ្រួសារមានសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន” អ្នកស្រីលីធីចាវ នៅឃុំអាងនិញ ជានារីដែលយកចិត្តទុកដាក់អប់រំកូនលុះក្នុងដំបូន្មាននិងធ្វើសេដ្ឋកិច្ចពូកែ។
ជាសមាជិកាមួយរូបដែលធ្វើសេដ្ឋកិច្ចពូកែ ព្រមទាំងយកចិត្តទុកដាក់ចិញ្ចឹមបីបាច់និងអប់រំកូនលុះក្នុងដំបូន្មាន អ្នកស្រី លីធីចាវ សមាជិកា “ក្រុមនារីគ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន” ចែករំលែក៖ “ចាប់តាំងពីបានចូលរួមក្នុងក្រុមមក ខ្ញុំបានរៀនសូត្រនូវចំណេះដឹងជាច្រើន អំពីការចិញ្ចឹមបីបាច់និងអប់រំកូនលុះក្នុងដំបូន្មាន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជីវភាពប្តីប្រពន្ធក៏មានភាពសុខដុមរមនាជាងមុន មានបញ្ហាអ្វីតែងពិភាក្សានិងដោះដូរយោបល់គ្នា។ ខ្ញុំសង្ឃឹមថា ក្រុមនេះនឹងបន្តដំណើរការដើម្បីឱ្យសមាជិកាយើងខ្ញុំ មានឱកាសក្នុងការរៀនសូត្រនិងដោះដូរបទពិសោធន៍ក្នុងជីវភាពរស់នៅ”។ អ្នកស្រី ហ្វិញធីង៉ុកទីម ប្រធានសមាគមសហព័ន្ធនារីឃុំអាងនិញ ឱ្យដឹង៖ “បច្ចុប្បន្ន “ក្រុមនារីគ្រួសារមានសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន” មានសមាជិកាជាង ២០ នាក់ នៅលើភូមិឋានឃុំអាងនិញ។ សមាជិកាមានអាយុនិងស្ថានភាពគ្រួសារខុសៗគ្នា។ ចាប់តាំងពីបង្កើតមក ក្រុមនេះបានឆ្លើយតបនឹងតម្រូវការនិងសេចក្តីប្រាថ្នារបស់សមាជិកានិងបងប្អូននារី។ តាមរយៈសកម្មភាពរបស់ក្រុម បងប្អូននារីមានឱកាសបានជួបជុំ សំណេះសំណាល ដោះដូរយោបល់គ្នា ហើយបានសមាគមផ្សព្វផ្សាយអំពីបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងគ្រួសារ វិធីបង្ការនិងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អបាយមុខសង្គម ព្រមទាំងវិធីចិញ្ចឹមកូនឱ្យមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មានជាដើម”។

សមាគមសហព័ន្ធនារីឃុំអាងនិញ សកម្មផ្សព្វផ្សាយនូវខ្លឹមសារអំពីការកសាងគ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន តាមរយៈយុទ្ធនាការចលនារបស់សមាគម។
ទន្ទឹមនឹងការលើកកម្ពស់ការយល់ដឹងគ្រប់ជ្រុងជ្រោយដល់បងប្អូននារី សមាគមសហព័ន្ធនារីឃុំអាងនិញ ក៏បានបង្កលក្ខណ:ដល់បងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយទម្រង់រូបភាពជាច្រើន ក្នុងនោះ មានការទាញយកប្រភពទុនឥណទាន ដើម្បីឧបត្ថម្ភបងប្អូននារីបុលសម្រាប់វិនិយោគក្នុងការផលិត បង្កើនប្រាក់ចំណូល។ ហើយនៅពេលសេដ្ឋកិច្ចគ្រួសារអភិវឌ្ឍន៍ស្ថិរភាព នោះជាមូលដ្ឋានគ្រឺះដ៏សំខាន់ជួយឱ្យបងប្អូននារី ស្ងប់អារម្មណ៍ក្នុងការបំពេញតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងគ្រួសារ ព្រមទាំងកសាងគ្រួសារមានសុភមង្គលយ៉ាងពិតប្រាកដ។ “ដើម្បីពង្រីកនូវលទ្ធផលដែលសម្រេចបាន នៅពេលខាងមុខ សមាគមសហព័ន្ធនារីឃុំអាងនិញ នឹងបន្តជំរុញសកម្មភាពរបស់ “ក្រុមនារីគ្រួសារសុភមង្គល ចិញ្ចឹមកូនមានសុខភាពល្អ អប់រំកូនលុះក្នុងដំបូន្មាន” ដើម្បីទាក់ទាញសមាជិកាចូលរួមកាន់តែច្រើន។ ទន្ទឹមនឹងនោះ នឹងចលនាដល់សមាជិកាឱ្យអនុវត្តល្អនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ជួយនារីអភិវឌ្ឍខ្លួនបានគ្រប់ជ្រុងជ្រោយ កសាងគ្រួសារឱ្យមានជីវភាពធូរធារ ស្មើភាព ជឿនលឿននិងសុភមង្គល រួមចំណែកកសាងជីវភាពវប្បធម៌និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ” អ្នកស្រី ហ្វិញធីង៉ុកទីម ប្រធានសមាគមសហព័ន្ធនារីឃុំអាងនិញ បានឱ្យដឹងដូច្នេះ៕
ថាញវ៉ាង - ពេជ្រសឿន