ក្រោយពេលអនុវត្តគោលការណ៍រៀបចំអង្គភាពរដ្ឋបាលឡើងវិញ ឃុំតឹងថាញ់ ទីក្រុងកឹងធើ បានបង្កើតឡើងដោយការរួមបញ្ចូលឃុំចំនួនបី រួមមាន ឃុំតឹងហឹង ចូវខាញ់ និងតឹងថាញ់។ ដោយមានចំនួនប្រជាជនជាង ៣៥ ពាន់នាក់ ក្នុងនោះ ជនរូមជាតិខ្មែរមានប្រមាណ ៣០% ភូមិភាគនេះមានសក្តានុភាពជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែក៏បានដាក់ចេញនូវតម្រូវការថ្មីអំពីការធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការប្រឆាំងអំពើអបាយមុខសង្គម ពិសេសគឺអំពើអបាយមុខគ្រឿងញៀន។ ផ្ដើមពីភាពជាក់ស្តែងនេះ នាខែសីហា ឆ្នាំ២០២៥ ទម្រង់ “ភូមិឋានឃុំតឹងថាញ់គ្មានគ្រឿងញៀន” បានដំណើរការ ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់ពីប្រព័ន្ធនយោបាយទាំងមូល និងការស្របចិត្តគំនិតខ្ពស់ពីប្រជាជន។

កម្លាំងនគរបាលសហការជាមួយអង្គការមហាជនឃុំតឹងថាញ់់ ចុះទៅដល់ផ្ទះប្រជាជនដើម្បីផ្សព្វផ្សាយពីការបង្ការ ប្រឆាំងគ្រឿងញៀន។
ចាប់តាំងពីថ្ងៃដំបូងអនុវត្ត គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ រួមជាមួយកម្លាំងនគរបាលឃុំ បានប្រមូលផ្តុំជំរុញខ្លាំងការងារផ្សព្វផ្សាយ តាមរយៈទម្រង់ដ៏សម្បូរបែបជាច្រើន ស្របតាមក្រុមមុខសញ្ញានីមួយៗ។
នៅតាមបណ្តាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ការងារផ្សព្វផ្សាយបានអនុវត្តទាំងពីរភាសា គឺភាសាវៀតនិងភាសាខ្មែរ តាមរយៈការប្រជុំប្រជាជន ការប្រជុំសាខាបក្ស រហូតដល់សកម្មភាពវប្បធម៌ សិល្បៈ ហាត់ប្រាណ និងកីឡានៅភូមិភាគ សុទ្ធតែបានបញ្ចូលនូវខ្លឹមសារផ្សព្វផ្សាយអំពីបាបគ្រោះគ្រឿងញៀន បទប្បញ្ញត្តិនៃច្បាប់និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងការងារបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន។ អាស្រ័យហេតុនេះ ជួយលើកកម្ពស់ការយល់ដឹង និងភាពម្ចាស់ការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិឋាន។ ជាពិសេស ព្រះសង្ឃនិងអ្នកមានប្រិយភាពក្នុងសហគមន៍ជនរួមជាតិ បានពង្រីកតួនាទីជាកម្លាំងស្នូល ក្លាយជាអ្នកឃោសនាយ៉ាងសកម្ម រួមចំណែកនាំយកគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋបង្ខិតជិតនឹងប្រជាជន។ លោកហ្វិញគុងតាយ ប្រធានក្រុមសន្តិសុខសណ្តាប់ធ្នាប់ នៅភូមិតឹងលិច ឃុំតឹងថាញ់ បានចែករំលែក៖ “ចាប់តាំងពីបង្កើតមក ខ្ញុំរួមជាមួយសម្ព័ន្ធយុវជន និងនគរបាលឃុំ បានចុះទៅដល់ផ្ទះប្រជាជនផ្ទាល់ ដើម្បីផ្សព្វផ្សាយ ណែនាំ យុវជនកាត់បន្ថយការដើរលេងពេលយប់ជ្រៅ កុំទំនាក់ទំនងជាមួយមុខសញ្ញាសេពគ្រឿងញៀន។ តាមរយៈការឃោសនា យុវជនជៀសឆ្ងាយពីគ្រឿងញៀន”។ ចំណុចលេចធ្លោមួយនៃទម្រង់នេះ គឺការចូលរួមយ៉ាងសកម្មពីសំណាក់កងកម្លាំងសម្ព័ន្ធយុវជន ពិសេសគឺសម្ព័ន្ធយុវជនជនជាតិខ្មែរ ។ តាមរយៈសកម្មភាពរបស់សម្ព័ន្ធយុវជន និងសមាគម វេទិកា “យុវជននិយាយថាទេចំពោះគ្រឿងញៀន” ពីធីប្រឡងស្វែងយល់ច្បាប់ សមាជិកនិងសម្ព័ន្ធយុវជនជាច្រើន បានលើកកម្ពស់ស្មារតីភ្ញាក់រលឹក ម្ចាស់ការជៀសឆ្ងាយពីអំពើអបាយមុខសង្គម។ មិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេ ប្អូនៗយុវជនទាំងឡាយថែមទាំងក្លាយជាអ្នកផ្សព្វផ្សាយដ៏សកម្ម រួមចំណែកផ្សព្វផ្សាយ រីកសាយភាយសារនៃការរស់នៅល្អត្រឹមត្រូវ មានប្រយោជន៍ដល់សហគមន៍និងសង្គម។ “ក្នុងនាមប្អូនជាយុវជនម្នាក់ មុនដំបូងត្រូវស្តាប់បង្គាប់ឪពុកម្តាយ គ្រួសារ និងលោកគ្រូអ្នកគ្រូ ហើយពេលរៀនសូត្រត្រូវខិតខំប្រឹងប្រែង។ បានពូៗនគរបាលមកផ្សព្វផ្សាយអំពីការបង្ការនិងប្រឆាំងគ្រឿងញៀន ខ្ញុំកាន់តែយល់ច្បាស់និងដឹងពីផលវិបាកនៃគ្រឿងញៀន” ប្អូនផាមក្វឹកគៀក នៅភូមិតឹងលិច ឃុំតឹងថាញ បានឱ្យដឹងដូច្នេះ។ ទន្ទឹមនឹងការផ្សព្វផ្សាយ កម្លាំងនគរបាលឃុំតឹងថាញ់ ថែមទាំងបន្តដើរពិនិត្យឃ្លាំមើលជាប្រចាំ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវមុខសញ្ញាដែលមានហានិភ័យខ្ពស់ សហការជាមួយអង្គការមហាជន ចាត់តាំងអនុវត្តការអប់រំកែប្រែខ្លួន ជួយដល់គ្រួសារដែលមានកូនចៅមានហានិភ័យល្មើសច្បាប់ ឬធ្លាក់ចូលក្នុងអំពើអបាយមុខគ្រឿងញៀន។ អាស្រ័យការគួបផ្សំព្រមៗគ្នារវាងការផ្សព្វផ្សាយ គ្រប់គ្រង និងការបង្ការ បានរួមចំណែកលើកកម្ពស់ស្មារតីគោរពច្បាប់ក្នុងស្រទាប់យុវជន ជាសន្សឹមៗកសាងបានបរិស្ថានរស់នៅសុវត្ថិភាពនិងល្អប្ររសើរនៅភូមិភាគ។

កម្លាំងនគរបាលសហការជាមួយអង្គការមហាជនឃុំតឹងថាញ់ ផ្សព្វផ្សាយបង្ការ ប្រឆាំងគ្រឿងញៀន នៅវត្តព្រះពុទ្ធសាសនាខ្មែរថេរវាទលើភូមិឋានឃុំ។
តាមប្រសាសន៍ លោកវរសេនីយ៍ទោ ទ្រឿងហ្វាងណាម អនុប្រធាននគរបាលឃុំតឹងថាញ់ បានឱ្យដឹង ចាប់តាំងពីអនុវត្តទម្រង់ “ឃុំតឹងថាញ់គ្មានគ្រឿងញៀន” គឺថ្នាក់ដឹកនាំនគរបាលឃុំបានផ្តោតលើការចង្អុលការកម្លាំងជំនាញ ពិនិត្យឡើងវិញនិងក្តាប់បញ្ជីឈ្មោះមុខសញ្ញាញៀន និងមានហានិភ័យញៀនគ្រឿងញៀននៅក្នុងភូមិឋាន។ បន្ទាប់មក សហការជាមួយបណ្តាគណៈ ផ្នែក និងអង្គការមហាជន ដើម្បីផ្សព្វផ្សាយ ណែនាំ បង្កើនចំណេះដឹងដល់គ្រួសារដែលមានកូនចៅញៀនឬមានហានិភ័យធ្លាក់ចូលក្នុងអំពើអបាយមុខគ្រឿងញៀន។ តាមរយៈការផ្សព្វផ្សាយ យុវជនភាគច្រើនបានយល់ដឹងពីបទប្បញ្ញត្តិច្បាប់ស្តីពីការបង្ការ ប្រឆាំងគ្រឿងញៀន គោរពបានល្អនូវបទប្បញ្ញត្តិស្តីពីការបង្ការ ប្រឆាំងគ្រឿងញៀន មុខសញ្ញាញៀនគ្រឿងញៀន តែងតែប្រមូលផ្តុំគ្នានៅពេលយប់ជ្រៅ ក៏បានកាត់បន្ថយយ៉ាងច្រើន ស្ថានភាពសន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅក្នុងភូមិឋានក៏បានរក្សាយ៉ាងរឹងមាំ។
អាចបញ្ជាក់ថា ទម្រង់ “ភូមិឋានឃុំតឹងថាញ់គ្មានគ្រឿងញៀន” មិនត្រឹមតែជាដំណោះស្រាយបង្ការបទល្មើសប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងបង្ហាញពីកម្លាំងសាមគ្គីនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់។ ជាមួយនឹងលទ្ធផលវិជ្ជមានដំបូងនេះ ទម្រង់កំពុងតែបង្កើតបរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព ល្អត្រឹមត្រូវ រួមចំណែកកសាងឃុំតឹងថាញ់ ពីមួយថ្ងៃកាន់តែអភិវឌ្ឍ ទំនើប ស៊ីវីល័យ និងក្លាយជាចំណុចលេចធ្លោក្នុងការចលនាទូទាំងប្រជាជន ចូលរួមការពារសន្តិសុខមាតុភូមិលើភូមិឋានទីក្រុងកឹងធើ៕
ថាញវ៉ាង-ត្រឹងរ៉ូន