ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2026 - 22:16

ឯក​ភាព​ក្នុង​ការ​រៀប​ចំ​ភូមិ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ 

អនុ​វត្ត​ផែន​ការ​លេខ​ ២៥០/KH-UBND របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​រៀប​ចំ​និង​ចាត់​តាំង​ភូមិ​ មណ្ឌល​ឡើង​វិញ​ ឆ្នាំ​២០២៦ រយៈ​ពេល​កន្លង​ មាន​ភូមិ​ភា​គជា​ច្រើន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ សកម្ម​ផ្សព្វ​ផ្សាយ​និង​អនុ​វត្ត​ការ​រៀប​ចំ​សម្រេច​រួច​រាល់​ រួម​បញ្ចូល​ភូមិ​នា​នា​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​។ ក្រោយ​ពី​ការ​ពិ​និត្យ​ឡើង​វិញ​ បាន​រួម​បញ្ចូល​បណ្តា​ភូមិ​ដែល​មាន​ទ្រង់​ទ្រាយ​ពុំ​ទាន់​សម​ស្រប​ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើបាន​រៀប​ចំ​សម្រេច​រួច​រាល់​ បង្ក​ការ​ឯក​ភាព​ខ្ពស់​ក្នុង​កង​ជួរ​កម្មា​ភិបាល​ បុគ្គលិក​ កម្ម​ករ​និយោជិត​និង​ប្រ​ជា​ជន​។

មី​ហឿងចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេច​ក្តី​សម្រេច​អំ​ពី​ការ​រៀប​ចំ​ រួម​បញ្ចូល​ភូមិ​។ 

តាម​ផែន​ការ​ដែល​បាន​ផ្សព្វ​ផ្សាយ​ ទូ​ទាំង​ឃុំ​មី​ហឿងបាន​បន្ថយ​ពី​២៦ភូមិ​ នៅ​ត្រឹម​១៩ភូមិ​ ព្រម​ទាំង​ពង្រឹង​ការ​រៀប​ចំ​អង្គ​ការ​បក្ស​បន្ថយ​ពី​២៦សាខា​បក្ស​ នៅ​ត្រឹម​១៩សាខា​បក្ស​។ ក្នុង​នោះ​ បង្កើត​ភូមិ​ថ្មី​ចំ​នួន​៧ និង​សាខា​បក្ស​ថ្មី​ចំ​នួន​៧ ផ្អែក​លើ​មូល​ដ្ឋាន​រួម​បញ្ចូល​១៤ភូមិ​ និង​១៤សាខា​បក្ស​ដែល​មាន​ស្រាប់​ ព្រម​ទាំង​រក្សា​ទុក​ដដែល​នូវ​ភូមិ​ចំ​នួន​១២និង​សាខា​បក្ស​ចំ​នួន​១២។ អ្នក​ស្រី​ ចូវ​ធី​ម៉ុយ​ ប្រ​ធាន​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ឃុំ​មី​ហឿង ឱ្យ​ដឹង​៖"ឃុំ​បាន​កំ​ណត់​ច្បាស់​ការ​រួម​បញ្ចូល​ភូមិ​គឺ​ជា​គោល​ការណ៍​ធំ​ ត្រូវ​យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល​ ដូច្នេះ​ការ​ងារ​ផ្សព្វ​ផ្សាយ​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​។ ហេ​តុ​នេះ​ ឃុំ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ដោយ​ទម្រង់​រូប​ភាព​ជា​ច្រើន​ ដូច​ជា​៖ ក្នុង​ការ​ប្រ​ជុំ​ប្រ​ជា​ជន​ ប្រ​ជុំ​ជីវ​ភាព​សាខា​បក្ស​ រហូត​ដល់​ការ​ផ្សព្វ​ផ្សាយ​លើ​បណ្តា​ញសង្គម​និង​ Zalo ជា​ដើម​។ ព្រម​ជា​មួយ​នោះ​ កម្មា​ភិបាល​ក៏​បាន​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ ស្តាប់​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ដោះ​ស្រាយ​រាល់​ការ​ចម្ងល់និង​បញ្ហា​ប្រ​ឈម​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រួម​បញ្ចូល​ភូមិ​។អា​ស្រ័យ​ហេ​តុ​នេះ​ ប្រ​ជា​ជន​យល់​ច្បាស់​និង​ឯក​ភាព​គាំ​ទ្រ​គោល​ការណ៍​ ទើប​ដំ​ណើរ​ការ​រួម​បញ្ចូល​ភូមិ​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​ ត្រូវ​តាម​ផែន​ការ​"។

គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង ប្រ​គល់​សេច​ក្តី​សម្រេច​ដល់​លេខា​សាខា​បក្ស​ថ្មី​។

ទិស​ដៅ​រួម​នៃ​គោល​ការណ៍​រួម​បញ្ចូល​ភូមិ​ និង​ការ​រៀប​ចំ​ភូមិ​ឡើង​វិញ​ គឺ​សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​គ្រប់​គ្រង​ ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​នូវ​ប្រ​ភព​ធន​ធាន​និង​បម្រើ​ប្រ​ជា​ជន​កាន់​តែ​ប្រសើរ​ឡើង​ ហេ​តុ​នេះ​ ទទួល​បាន​ការ​ឯក​ភាព​គាំ​ទ្រ​យ៉ាង​ឆាប់​រហ័ស​ពី​សំ​ណាក់​ប្រ​ជា​ជន​។ លោក​ត្រេ​វស៊ុន​ នៅ​ភូមិ​បឹង​កក់​ ឱ្យ​ដឹង​៖"ដំ​បូង​ពេល​ស្តាប់​ព័ត៌​មាន​អំ​ពី​ការ​រួម​បញ្ចូល​ភូមិ​ ខ្ញុំ​និង​មា​មីង​ខ្មែរ​មាន​ការ​ព្រួយ​បា​រម្ភ​ក្រែង​ក្រោយ​ៗនេះ​ទៅ​ធ្វើ​លិខិត​ស្នាម​មាន​ភាព​ស្មុគ​ស្មាញ​។ ប៉ុន្តែ​ នៅ​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ពេល​បាន​ស្តាប់​កម្មា​ភិបាល​ឃុំ​ ភូមិ​ពន្យល់​ច្បាស់​លាស់​ ទើប​យល់​ពី​ការ​រួម​បញ្ចូល​ភូមិ​ គឺ​ជួយ​ឱ្យ​ភូមិ​មាន​ការ​អភិវឌ្ឍ​រឹង​មាំ​ជាង​ ងាយ​ស្រួល​ក្នុង​ការ​ប្រ​មូល​ផ្តុំ​វិនិយោ​គក​សាង​ផ្លូវ​ ស្ពាន​ លូ​ ទំ​នប់​ជា​ដើម​។ចំ​ណែក​បែប​បទ​ឯក​សារ​ តែង​បាន​ផ្នែក​សមត្ថ​កិច្ច​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ប្រ​ព័ន្ធ​ VneID ទាំង​អស់​ ហេ​តុ​នេះ​ មា​មីង​យល់​ច្បាស់​និង​ឯក​ភាព​គាំ​ទ្រ​ ១០០%"។

មក​ទល់​ពេល​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​មី​ហឿង បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​កាស​និង​ប្រ​គល់​សេច​ក្តី​សម្រេច​បង្កើត​សាខា​បក្ស​ថ្មី​ តែង​តាំង​គណៈ​កម្មា​ធិ​ការ​បក្ស​ លេខា​ អនុ​លេខា​សាខា​បក្ស​ តែង​តាំង​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ បង្កើត​គណៈ​កិច្ច​ការ​រណ​សិរ្ស​និង​តែង​តាំង​ប្រ​ធាន​គណៈ​កិច្ច​ការ​រណ​សិរ្ស​ភូមិ​ ក្រោយ​ពី​ការ​រៀប​ចំ​ឡើង​វិញ​ បង្ក​លក្ខ​ណៈដើម្បី​បណ្តា​អង្គ​ភាព​ថ្មី​ឆាប់​លំ​នឹង​អង្គ​ការ​និង​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​។ លោក​ត្រឹង​មិញ​ហ៊ុង លេខា​សាខា​បក្ស​ភូមិ​បឹង​កក់​ ឱ្យ​ដឹង​៖"បច្ចុប្បន្ន​ ភូមិ​បឹង​កក់​ថ្មី​ដំ​ណើរ​ការ​លើ​មូល​ដ្ឋាន​នៃ​ការ​រួម​បញ្ចូល​ភូមិ​ពពុះ​ទឹក​និង​ភូមិ​បឹង​កក់​ ដោយ​មាន​ប្រ​ជា​ជន​១.១៤២គ្រួ​សារ​ រួម​មាន​៥តំ​បន់​។ ពេល​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​តែង​តាំង​ធ្វើ​ជា​លេខា​សាខា​បក្ស​ ខ្ញុំ​ក៏​បាន​បើក​កិច្ច​ប្រ​ជុំ​ប្រ​គល់​ភារៈ​ ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ជាក់​ស្តែង​ដល់​បក្ខ​ជន​ម្នាក់​ៗទទួល​បន្ទុក​បណ្តា​អង្គ​ការ​មហា​ជន​ ដើម្បី​ត្រួត​ពិ​និត្យ​ គ្រប់​គ្រង​តំ​បន់​ក្តាប់​ច្បាស់​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ក៏​ដូច​ជា​នាំ​យក​គោ​លន​យោ​បាយ​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​។ពិ​សេស​ ត្រូវ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ ពេល​ប្រ​ជា​ជន​ត្រូវ​ការ​ គឺ​ត្រូវ​ត្រៀម​ជា​ស្រេច​"។

សាខា​បក្ស​ភូមិ​បឹង​កក់​ប្រ​ជុំ​ប្រ​គល់​ភារ​កិច្ច​ជាក់​ស្តែង​ដល់​បក្ខ​ជន​ ដើម្បី​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង​នៅ​មូល​ដ្ឋាន​។

តាម​ប្រ​សាសន៍​អ្នក​ស្រី​ ង្វៀង​ធី​ហុង​កឹម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​មី​ហឿង គោល​ការណ៍​រៀប​ចំ​ រួម​បញ្ចូល​ភូមិ​មិន​ត្រឹម​តែ​ផ្លាស់​ថ្មី​ សម្រិត​សម្រាំង​ប្រ​ព័ន្ធ​គ្រប់​គ្រង​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ចំ​ណាត់​ការ​របស់​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ជំ​ហាន​យុទ្ធ​សាស្ត្រ​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ បង្ក​ជា​កម្លាំង​ចលករ​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។ បណ្តា​ប្រ​ភព​កម្លាំង​វិនិយោគ​ត្រូវ​បាន​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​គមនាគមន៍​ ធា​រា​សាស្ត្រ​ អគ្គិ​សនី​ ទឹក​ស្អាត​ សា​លា​រៀន​ អា​គារ​វប្ប​ធម៌​និង​សំ​ណង់​ផ្សេង​ៗបម្រើ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ ទ្រង់​ទ្រាយ​ចំ​នួន​ប្រ​ជា​ជន​និង​ផ្ទៃ​ដី​ធំ​ជាង​ ក្រោយ​ពី​រួម​បញ្ចូល​ក៏​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​រៀប​ចំ​ផែន​ការ​ផលិត​ អភិវឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​មូល​ផ្តុំ​ ចង​សម្ព័ន្ធ​សង្វាក់​តម្លៃ​។ កសិ​ករ​នឹង​មាន​ឱ​កាស​ចូល​រួម​បណ្តា​សហ​ករណ៍​ ក្រុម​សហ​ការ​ផលិត​ ពង្រីក​តំ​បន់​ផលិត​មុខ​ទំនិញ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​និង​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​វិស័យ​កសិ​កម្ម​ រួម​ចំ​ណែក​ជំ​រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​នៅ​ជន​បទ​។ នេះ​ជា​ប្រ​ធាន​បទ​ដ៏​សំ​ខាន់​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន​និង​កសាង​ជន​បទ​មី​ហឿងកាន់​តែ​អភិវឌ្ឍ​ឆាប់​រហ័ស​និង​ចីរ​ភាព​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ