(CTO) - នាថ្ងៃទី ៣ ខែកក្កដា លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ និងលោក ត្រឹន វ៉ាន់ហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង មានកិច្ចប្រជុំធ្វើការជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ ផ្នែក និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ អាស៊ាន អំពីទិសដៅអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ក្រុងកឹងធើក្នុងដំណាក់កាលថ្មី។
នៅក្នុងកិច្ចប្រជុំ ក្រុមហ៊ុនភាគហ៊ុនវិនិយោគ អាស៊ាន បានដាក់ចេញនូវសំណើកំណត់ច្បាស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ក្រុងកឹងធើដល់ឆ្នាំ ២០៣០ ជាមួយនឹងគោលដៅក្លាយក្រុងកឹងធើទៅជាមជ្ឈមណ្ឌលទេសចរណ៍ - សេវាកម្ម - សេដ្ឋកិច្ចពេលរាត្រី - ឡូជីស្ទីក - ឧស្សាហកម្មវប្បធម៌ឈានមុខនៅតំបន់មេគង្គ។ ក្នុងនោះ កំណត់ទីតាំងទេសចរណ៍ក្រុងកឹងធើជាទីក្រុងឆ្លាតវៃ ទំនើប ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិបៃតង តំបន់ទឹកទន្លេ និងសេវាកម្មលំដាប់ខ្ពស់ សម្បូរបែប តាំងពីការលំហែកាយ ការកម្សាន្ត រហូតដល់ធ្វើបទពិសោធន៍វប្បធម៌ដែលមានតែមួយគត់។

តំណាងក្រុមហ៊ុនភាគហ៊ុនវិនិយោគ អាស៊ាន ចែករំលែកអំពីគម្រោងវិនិយោគជាមួយថ្នាក់ដឹកនាំក្រុងកឹងធើ។
មានសសរស្តម្ភចំនួន ៣ បានកំណត់ច្បាស់ជាទីក្រុងទេសចរណ៍ទឹកទន្លេមេគង្គ ទីក្រុងកម្សាន្ត - កាស៊ីណូ - ព្រឹត្តិការណ៍ ទីក្រុងលំហែកាយ - វប្បធម៌ - បទពិសោធន៍។ ក្នុងនោះ ផ្ដោតសំខាន់លើការទាញយកផលពីប្រព័ន្ធអេកូឡូស៊ីទន្លេហូវ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្លូវទឹកដ៏សម្បូរបែប; អភិវឌ្ឍន៍តំបន់កម្សាន្តខ្នាតធំ សេដ្ឋកិច្ចពេលរាត្រី ដើម្បីបង្កើនការចំណាយ និងរយៈពេលស្នាក់នៅរបស់ភ្ញៀវទេសចរ; អភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌នៅតំបន់ណាមបូ ផ្គួបផ្សំជាមួយទេសចរណ៍ថែទាំសុខភាព។
គោលដៅដែលបានដាក់ចេញគឺ ទទួលភ្ញៀវទេសចរឱ្យបានពី ២០ ដល់ ២២ លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៣០ ដោយអត្រាភ្ញៀវអន្តរជាតិកើនឡើងពី ១៥% - ២០% នៅក្នុងរចនាសម្ព័ន្ធប្រភពភ្ញៀវទេសចរសរុប។ ចំណូលសរុបពីវិស័យទេសចរណ៍នឹងកើនឡើងពី ៤ ទៅ ៥ ដង បើធៀបនឹងបច្ចុប្បន្ន សម្រេចប្រមាណពី ៥០.០០០ ដល់ ៧០.០០០ ពាន់លានដុង។ បង្កើតម៉ាកសញ្ញារបស់ក្រុងកឹងធើជា “Capital of Mekong” នៅលើផែនទីទេសចរណ៍អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនភាគហ៊ុនវិនិយោគ អាស៊ាន បានដាក់ចេញនូវសំណើខាងលើផ្អែកលើមូលដ្ឋានគ្រឹះចំនួន ៥ រួមមាន៖ គោលនយោបាយនិងស្ថាប័ន, ផ្លាស់ប្តូរឌីជីថល, អភិវឌ្ឍន៍ធនធានមនុស្ស, យុទ្ធសាស្ត្រទូរគមនាគមន៍, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងគម្រោងចំនួន ១៤ អំពីផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសដោយឡែកសម្រាប់ក្រុងកឹងធើ។
នៅក្នុងកិច្ចប្រជុំនេះ អ្នកតំណាងទាំងឡាយបានចូលរួមមតិយោបល់ជាច្រើន ក្នុងនោះផ្ដោតលើធនធាននានាដើម្បីកសាងផលិតផលទេសចរណ៍ប្លែកពីគេ ប្រកបដោយអត្តសញ្ញាណវប្បធម៌តំបន់ទឹកទន្លេ ហេដ្ឋារចនាសម្ព័ន្ធបម្រើទេសចរណ៍, គោលនយោបាយគ្រប់គ្រាន់ដើម្បីទាក់ទាញការវិនិយោគ និងកសាងយន្តការគ្រប់គ្រងទំនើប...

លោក ឡេ ក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
លោក ឡេ ក្វាងទុង បានកត់សម្គាល់នូវរាល់សំណើរបស់អង្គភាពវិនិយោគ និងមតិយោបល់របស់តំណាងចូលរួមទាំងអស់។ ទន្ទឹមនឹងនោះ លោកក៏បានចង្អុលការគប្បីឆាប់កសាងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក្នុងបូរណកម្មផែនការរួមរបស់ទីក្រុង។ បណ្តាមន្ទីរ ផ្នែកពាក់ព័ន្ធគប្បីត្រួតពិនិត្យឡើងវិញ ដើម្បីសហការអនុវត្តការងារនានា សំដៅជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះផ្ដោតសំខាន់លើទេសចរណ៍ឆ្លាតវៃ។ ក្រុងកឹងធើនឹងរួមដំណើរ បង្កលក្ខណៈងាយស្រួលដល់វិនិយោគក្នុងការអនុវត្តគម្រោង។
អាយឡាម - វ៉ាន់តឹន