ជាច្រើនឆ្នាំកន្លង ផ្នែកសុខាភិបាលទីក្រុងកឹងធើ បានពង្រឹងសមត្ថភាពសុខាភិបាលនៅមូលដ្ឋានជាបន្តបន្ទាប់ បង្កមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការងារថែទាំសុខភាពជូនប្រជាជន ពិសេសគឺនៅតំបន់ជនជាតិភាគតិច។

ដំណាក់សុខាភិបាលឃុំឡុងភូ អស់ពីចិត្តថែទាំសុខភាពជូនប្រជាជន។
ដោយទស្សនៈ “យកប្រជាជនធ្វើជាស្នូលនិងជាអង្គសំខាន់ក្នុងគោលនយោបាយ ការពារ ថែទាំ និងលើកកម្ពស់សុខភាព” ទីក្រុងកឹងធើ បានកំណត់ថា សុខាភិបាលមូលដ្ឋានគឺជាគ្រឹះនិងជា “អ្នកយាមទ្វារ” ក្នុងប្រព័ន្ធថែទាំសុខភាពប្រជាជន។ ផ្អែកលើមូលដ្ឋាននេះ ទិសដៅសំខាន់ៗក៏បានដាក់ចេញរហូតដល់ឆ្នាំ ២០៣០ រួមមាន៖ អត្រាគ្របដណ្តប់នៃការធានារ៉ាប់រងសុខាភិបាលសម្រេចជាង ៩៥% នៃចំនួនប្រជាជន; ប្រជាជនពិនិត្យសុខភាពតាមកាលកំណត់ និងពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ព្រមទាំងបានគ្រប់គ្រងសុខភាពដោយសៀវភៅសុខភាពអេឡិចត្រូនិកតាមវដ្តជីវិត។
ទន្ទឹមនឹងនោះ ទីក្រុងមានទិសដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលចាប់ពីថ្នាក់មូលដ្ឋាន ជាមួយទិសដៅបង្កើនអត្រាពិនិត្យនិងព្យាបាលជំងឺ តាមរយៈការធានារ៉ាប់រងសុខភាពនៅតាមដំណាក់សុខាភិបាលឃុំ សម្រេចជាង ២០% និងអត្រាចាក់វ៉ាក់សាំងបង្ការសម្រេចជាង ៩៥%។ ជាពិសេស ដំណាក់សុខាភិបាលឃុំទាំង១០០% នឹងបានវិនិយោគព្រមៗគ្នាអំពីមូលដ្ឋានសម្ភារ គ្រឿងបរិក្ខារពេទ្យ និងធនធានមនុស្ស ខិតខំដល់ឆ្នាំ ២០២៧ នៅតាមដំណាក់សុខាភិបាលនីមួយៗនឹងមានវេជ្ជបណ្ឌិតពី ៤-៥ រូប ដើម្បីបំពេញតម្រូវការថែទាំសុខភាពដំបូងជូនប្រជាជន។
លោកហ្វាងក្វឹកគឿង នាយកមន្ទីរសុខាភិបាលទីក្រុងកឹងធើ មានប្រសាសន៍៖ “វិស័យសុខាភិបាល កំពុងផ្តោតលើការស្រាវជ្រាវនិងសំណើនូវវិធានការនានា ដើម្បីនាំយកសេវាសុខាភិបាលប្រកបដោយគុណភាពខិតជិតនឹងប្រជាជន សំខាន់ គឺជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិង កាត់បន្ថយបន្ទុកចំណាយលើថ្លៃសេវាសុខាភិបាល”។
អនុវត្តតាមទិសដៅរួមរបស់ទីក្រុង ឃុំឡុងភូ បាន និងកំពុងខិតខំប្រឹងប្រែងពង្រឹងនិងលើកកម្ពស់សមត្ថភាពសុខាភិបាលមូលដ្ឋាន ដោយចាត់ទុកនេះជាភារកិច្ចគន្លឹះដើម្បីបង្រួមគម្លាតក្នុងការទទួលបានសេវាសុខាភិបាលរបស់ប្រជាជន។
បច្ចុប្បន្ននេះ ដំណាក់សុខាភិបាលឃុំឡុងភូ បានរៀបចំទីតាំងសេវា ២ កន្លែង នៅភូមិតឹងឡឹប និងភូមិទី៥ ដោយមានគ្រូពេទ្យនិងបុគ្គលិកចំនួន ១៦ រូប ក្នុងនោះ មានវេជ្ជបណ្ឌិត ៣ រូប ចូលរួមផ្ទាល់ក្នុងការពិនិត្យនិងព្យាបាលជំងឺ រួមចំណែកនាំយកសេវាសុខាភិបាលខិតជិតនឹងប្រជាជន។
ពូថាច់ធឿង ប្រជាជននៅភូមិតឹងឡឹប ចែករំលែក៖ “អាស្រ័យមានដំណាក់សុខាភិបាល និងប័ណ្ណធានា រ៉ាប់រងសុខភាព មាមីងទៅពិនិត្យជំងឺមានភាពងាយ ស្រួលជាងមុនច្រើនណាស់។ យើងខ្ញុំសង្ឃឹមថា រដ្ឋ នឹងបន្តយកចិត្តទុកដាក់វិនិយោគ ដើម្បីដំណាក់សុខាភិបាលមានលក្ខណៈគ្រប់គ្រាន់បំពេញតួនាទី បម្រើប្រជាជនកាន់តែល្អប្រសើរ”។
លោកត្រឹងហ្វាងត្វង នាយករងដំណាក់សុខាភិបាលឃុំឡុងភូ មានប្រសាសន៍៖ “ដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពដល់ប្រជាជនពីមួយថ្ងៃកាន់តែល្អប្រសើរ យើងខ្ញុំពិតជាត្រូវការបន្ថែមធនធានមនុស្ស និងការវិនិយោគគ្រឿងសម្ភារៈពេទ្យ បំពេញបន្ថែមនូវយន្តការសកម្មភាព។ នៅពេលដែលសុខាភិបាលមូលដ្ឋានបានពង្រឹង ប្រជាជននឹងទទួលបានការថែទាំសុខភាពទាន់ពេលនៅនឹងភូមិភាគ”៕
ហុងទើ-ត្រឹងរ៉ូន