មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

01/07/2026 - 07:00

ព្រួត​ដៃ​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ 

រយៈ​ពេល​កន្លង សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ ជំ​រុញ​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​និង​ឧបត្ថម្ភ​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​យល់​ដឹង​របស់​ប្រ​ជា​ជន​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ តាម​រយៈ​នោះ កសាង​បរិស្ថាន​រស់​នៅ​សុវត្ថិ​ភាព ស៊ី​វិល័យ សុភ​មង្គល។

ចាត់​តាំង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ជា​ច្រើន​អំ​ពី​សម​ភាព​យេន​ឌ័រ
និង​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ។

ប្រ​ការ​គួរ​កត់​សម្គាល់ ក្នុង​ឆ្នាំ​កន្លង ការ​ផ្សព្វ​ផ្សាយ​គម្រោង ៨ “អនុ​វត្ត​សម​ភាព​យេន​ឌ័រ និង​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​ចំ​ពោះ​នា​រី​និង​កុមារ” លើ​ភូមិ​ឋាន​ទី​ក្រុង​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន បង្ហាញ​ច្បាស់​ពី​តួ​នា​ទី​និង​ភារ​កិច្ច ក៏​ដូច​ជា​ភាព​ម្ចាស់​ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ងារ​ធ្វើ​សេ​នា​ធិ​ការ ចាត់​តាំង​និង​ចំ​ណាត់​ការ​អនុ​វត្ត។

ការ​ងារ​ឃោស​នា​បាន​ផ្សព្វ​ផ្សាយ​រវៀស​រវៃ សម្បូរ​បែប​អំ​ពី​ទម្រង់​រូប​ភាព សម​ស្រប​នឹង​ក្រុម​មុខ​សញ្ញា​នី​មួយៗ ចាត់​តាំង​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​បាន​ជាង ៤០ លើក ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ “ផ្នត់គំ​និត របៀប​ធ្វើ” រួម​ចំ​ណែក​បំ​បាត់​ការ​រើស​អើង​ភេទ​ក្នុង​គ្រួ​សារ​និង​សហ​គមន៍។ ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នៅ​ក្នុង​ពេល​ប្រ​ជុំ​សាខា​បក្ស ប្រ​ជុំ​ក្រុម សមា​គម​នៅ​ទាំង​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ពង្រីក​ប្រ​សិទ្ធ​ភាព​បណ្តាញ​ផ្សព្វ​ផ្សាយ ដូច​ជា​គេ​ហ​ទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូ​និក ក្រុម Zalo ក្នុង​ប្រ​ព័ន្ធ​សមា​គម Zalo OA, Fanpage និង​បណ្តាញ​សង្គម​របស់​កម្មា​ភិ​បាល សមា​គម។

ជា​ពិ​សេស កង​ជួរ​កម្មា​ភិបាល​សមា​គម​នៅ​មូល​ដ្ឋាន ប្រ​ធាន​សាខា​សមា​គម ប្រ​ធាន​ក្រុម​នា​រី​និង​ឃោស​និកស្នូល​ក៏​បាន​ពង្រីក​តួ​នា​ទី​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គោះ​ទ្វារ​គ្រប់​ផ្ទះ” ដើម្បី​ផ្សព្វ​ផ្សាយ ចលនា​និង​ណែ​នាំ​ដោយ​ផ្ទាល់​ដល់​សមា​ជិកា​និង​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​យល់​ដឹង​អំ​ពី​សម​ភាព​យេន​ឌ័រ និង​ការ​បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ។ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ត្រូវ​បាន​រួម បញ្ចូល​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ចលនា​ប្រ​ឡង​ប្រ​ណាំង មាន​ដូច “កសាង​គ្រួ​សារ ៥​គ្មាន ៣​ស្អាត”,”គ្រួ​សារ ៥​មាន ៣​ស្អាត” ចលនា​នា​រី​ជួយ​គ្នា​ពង្រីក​សេដ្ឋ​កិច្ច កសាង​គ្រួ​សារ​សុភ​មង្គល​និង​ចីរ​ភាព។

បង​ស្រី​ត្រឹង​ធី​កឹម​ហឿង នៅ​ភូមិ​អាង​ងេប ឃុំ​កូវ​ឡាវ​យុង ចែក​រំលែក៖ “អា​ស្រ័យ​បាន​ចូល​រួម​ក្នុង​វគ្គ ផ្សព្វ​ផ្សាយ​របស់​សមា​គម​នា​រី ខ្ញុំ​រឹត​តែ​យល់​ច្បាស់​ពី​សិទ្ធិ​និង​តួ​នា​ទី​របស់​នា​រី​ក្នុង​គ្រួ​សារ​។ នាង​ខ្ញុំ​ក៏​បាន​យល់​ដឹង​ពី​របៀប​ប្រ​ព្រឹត្ត​ឱ្យ​បាន​សម​ស្រប កសាង​គ្រួ​សារ​ស្រុះ​ស្រួល​លែង​មាន​ទំ​នាស់​ដូច​មុន។ នាង​ខ្ញុំ សង្កេត​ឃើញ​ថា សកម្ម​ភាព​នេះ​ពិត​ជា​មាន​ប្រ​យោជន៍​ជាក់​ស្តែង រំ​ពឹង​ថា​នឹង​រក្សា​ជា​ប្រ​ចាំ”។

តាម​ប្រ​សាសន៍​អ្នក​ស្រី​ត្រឹង​ធី​ហាំង អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ៖ “ការ​ផ្សព្វ​ផ្សាយ គម្រោង​៨ បាន​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្បាស់​លាស់ ក្នុង​ការ​យល់​ដឹង​និង​សកម្ម​ភាព​របស់​សមា​ជិកា ក៏​ដូច​ជា​សហ​គមន៍​អំ​ពី​សម​ភាព​យេន​ឌ័រ។ នៅ​ពេល​ខាង​មុខ សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់​នឹង​បន្ត​ធ្វើ​ការ​ផ្លាស់​ថ្មី​នូវ​ខ្លឹម​សារ វិធី​សាស្ត្រ​ផ្សព្វ​ផ្សាយ បង្កើន​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន ព្រម​ទាំង​ពង្រីក​តួ​នា​ទី​កង​ជួរ​កម្មា​ភិបាល​នៅ​មូល​ដ្ឋាន ដើម្បី​នាំ​យក​គោល​ការណ៍ គោល​ន​យោ​បាយ​ដល់​ប្រ​ជា​ជន រួម​ចំ​ណែក​កសាង​គ្រួ​សារ​សម្បូរ​សប្បាយ ជឿន​លឿន​និង​សុភ​មង្គល”៕

                                         ដា​លីន-មុនី

ចែករំលែកអត្ថបទ