(អ.ឡ) - នាព្រឹកថ្ងៃទី២៩ ខែមិថុនា នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ បានថ្លែងចង្អុលការដឹកនាំដ៏សំខាន់។ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ សូមដកស្រង់នូវខ្លឹមសារមួយចំនួនដូចខាងក្រោម។
លោកឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងចង្អុលការដឹកនាំក្នុងពិធីបើកសម័យប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុង។ រូបថត៖ អាញយ៉ុង
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ ក្នុងលក្ខណៈដែលនៅជួបការលំបាក និងមានបញ្ហាប្រឈមជាច្រើន ទីក្រុងបានរក្សានូវស្ថិរភាព រក្សាបានសម្ទុះកំណើន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ សេដ្ឋកិច្ចបន្តស្តារឡើងវិញ និងអភិវឌ្ឍន៍ជាវិជ្ជមាន បរិយាកាសវិនិយោគ និងធ្វើអាជីវកម្មត្រូវបានកែលម្អជាបណ្តើរៗ...។
ទីក្រុងបានប្រមូលផ្តុំអនុវត្តយ៉ាងប្តូរផ្តាច់នូវការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋ ដំណើរការទម្រង់រដ្ឋបាលភូមិភាគ ២ ថ្នាក់ បង្កើនការវិមជ្ឈការ និងវិសហមជ្ឈការ កែទម្រង់រដ្ឋបាល បម្រើប្រជាជន និងអាជីវកម្ម។ សកម្មភាពរបស់ប្រព័ន្ធនយោបាយជាសារវន្តមានភាពរលូននិងស្ថិរភាព។ បណ្តាវិស័យវប្បធម៌ អប់រំ សុខាភិបាល ពលកម្ម ការងារ សុខុមាលភាពសង្គមបានយកចិត្តទុកដាក់។ ការពារប្រទេស សន្តិសុខបានរក្សាយ៉ាងរឹងមាំ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមបានធានា។ ការងារកសាងបក្ស និងប្រព័ន្ធនយោបាយបន្តបានពង្រឹង ការផ្លាស់ប្តូរឌីជីថល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទិន្នន័យប្រើប្រាស់រួម និងប្រព័ន្ធបណ្តាញបម្រើដល់ការគ្រប់គ្រង ដឹកនាំមានជំហានវិវឌ្ឈន៍ល្អ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះតួនាទី ការទទួលខុសត្រូវ និងការរួមចំណែកដ៏សំខាន់ៗរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ក្នុងការផ្លាស់ថ្មីនូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព លើកកម្ពស់គុណភាពសម័យប្រជុំ ការឃ្លាំមើល ស្ទង់មតិ និងចេញសេចក្តីសម្រេចចិត្តបានទាន់ពេលចំពោះបញ្ហាសំខាន់ៗ។
ទន្ទឹមនឹងលទ្ធផលសម្រេចបាននោះ ក៏គប្បីពិនិត្យមើលដោយត្រង់ថា លទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ទីក្រុងនៅមិនទាន់សមស្របនឹងសក្តានុភាព ឧត្តមភាពនិងតម្រូវការដាក់ចេញនៅឡើយ។ សន្ទុះកំណើនទោះបីជាសម្រេចបានល្អបង្គួរប៉ុន្តែនៅមានគម្លាតបើធៀបនឹងទិសដៅដាក់ចេញពេញមួយឆ្នាំ វឌ្ឍនភាពនៃការអនុវត្ត និងផ្តល់ផ្ទេរទុនវិនិយោគលើសំណង់ និងគម្រោងមួយចំនួននៅយឺតយ៉ាវ ការកៀរគរនិងទាញយកប្រភពធនធានសម្រាប់ការអភិវឌ្ឍមិនទាន់មានប្រសិទ្ធភាពពិតប្រាកដ។ ភាគកម្រិតមួយចំនួននៃការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ថ្មី ច្នៃប្រតិដ្ឋមិនទាន់សម្រេចបានដូចការរំពឹងទុក។ នៅមានចំណុចរាំងស្ទះមួយចំនួនអូសបន្លាយមិនទាន់បានដោះស្រាយដាច់ស្រឡះ សមត្ថភាពចាត់តាំងអនុវត្តនៅកន្លែងខ្លះនៅមានកម្រិត ស្មារតីហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់កម្មាភិបាលនិងស្ថាប័នមួយភាគមិនទាន់ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍។
ក្នុងដំណាក់កាលបច្ចុប្បន្ន តួនាទីរបស់ក្រុមប្រឹក្សាប្រជាជនមិនត្រឹមតែសម្រេចចិត្តលើបញ្ហានានាដែលស្ថិតក្នុងដែនសមត្ថកិច្ច និងអនុវត្តមុខងារឃ្លាំមើលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យគោលការណ៍របស់បក្សទៅជាយន្តការ និងគោលនយោបាយជាក់ស្តែង ដោះស្រាយចំណុចរាំងស្ទះនៃការអភិវឌ្ឍ បើកច្រកប្រភពធនធាន បង្កបរិយាកាសងាយស្រួលដើម្បីឱ្យប្រជាជននិងអាជីវកម្មអភិវឌ្ឍ។ រាល់សេចក្តីសម្រេចចិត្តដែលបានដាក់ចេញត្រូវតែចូលទៅក្នុងជីវភាពរស់នៅពិតប្រាកដ ដោះស្រាយចំបញ្ហាជាក់ស្តែងដែលបានដាក់ចេញ បង្កជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ទីក្រុង។
ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៦ បរិមាណការងារនៅមានទំហំធំណាស់ តម្រូវការដាក់ចេញគឺខ្ពស់ណាស់ចំពោះទីក្រុង។ ក្រុមប្រឹក្សាប្រជាជនទីក្រុង និងគ្រប់ថ្នាក់ គ្រប់ផ្នែក គប្បីផ្តុំកម្លាំងអនុវត្តឱ្យបានល្អនូវភារកិច្ចគន្លឹះមួយចំនួនដូចខាងក្រោម៖
ទីមួយ ប្រមូលផ្តុំជំរុញកំណើនសេដ្ឋកិច្ច គាំទ្រអាជីវកម្មពង្រីកការផលិត និងធ្វើអាជីវកម្ម កែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ លើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ទីក្រុង។ គ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់រាល់ភាគកម្រិត រាល់ភារកិច្ច កំណត់ឱ្យបានច្បាស់លាស់តើការងារណាដែលនៅយឺតយ៉ាវ ការងារណាដែលមានហានិភ័យមិនអាចសម្រេច មូលហេតុមកពីណា ការទទួលខុសត្រូវជារបស់អ្នកណា និងវិធានការដំណោះស្រាយយ៉ាងណា។ តាមរយៈនោះ មានវិធានការប្រមូលផ្តុំដើម្បីដោះស្រាយ។
ទីពីរ កៀរគរនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធានសម្រាប់ការវិនិយោគអភិវឌ្ឍន៍ ពិសេសគឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ត្រូវតែជំរុញល្បឿននៃបណ្តាសំណង់ និងគម្រោងសំខាន់ៗ លើកកម្ពស់ប្រសិទ្ធភាពនៃការវិនិយោគរបស់រដ្ឋ ពង្រីកតួនាទីនាំមុខនៃការវិនិយោគរបស់រដ្ឋក្នុងការទាក់ទាញការវិនិយោគក្នុងសង្គម។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមតែជាភារកិច្ចចំពោះមុខប៉ុណ្ណោះទេ គឺការវិនិយោគសម្រាប់អនាគត សម្រាប់សមត្ថភាពប្រកួតប្រជែង និងលំហអភិវឌ្ឍន៍របស់ទីក្រុងក្នុងពេលខាងមុខ។
ទីបី ទីក្រុងមិនអាចអភិវឌ្ឍន៍ឆាប់រហ័សដោយកម្លាំងចលករចាស់ មិនអាចលើកកម្ពស់ទិន្នផលដោយវិធីសាស្ត្រចាស់ ហើយកាន់តែមិនអាចកសាងមូលដ្ឋានគ្រឹះរដ្ឋបាលទំនើបដោយផ្នត់គំនិតគ្រប់គ្រងបែបប្រពៃណីនោះដែរ។ ហេតុដូច្នេះ ត្រូវតែជំរុញការកសាងរដ្ឋអំណាចឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ជំរុញការអនុវត្តទិន្នន័យឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗក្នុងការគ្រប់គ្រងរដ្ឋ ការផ្តល់សេវារដ្ឋ ការផលិតនិងធ្វើអាជីវកម្ម អភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋ។
ទីបួន គិតគូរឱ្យបានល្អប្រសើរនូវជីវភាពរបស់ប្រជាជន អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាគោលនយោបាយសុខុមាលភាពសង្គម បណ្តាកម្មវិធីទិសដៅជាតិ លំនៅឋានសង្គម សុខាភិបាល អប់រំនិងការបន្ថយភាពក្រីក្រដោយចីរភាព។ អភិវឌ្ឍសេដ្ឋកិច្ចត្រូវដើរទន្ទឹមគ្នានឹងវឌ្ឍនភាព និងយុត្តិធម៌សង្គម កំណើនត្រូវផ្សារភ្ជាប់នឹងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។
ទីប្រាំ លើកកម្ពស់វិន័យ សណ្តាប់ធ្នាប់ និងការទទួលខុសត្រូវក្នុងការអនុវត្តការងាររដ្ឋ ជាពិសេសគឺការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ។ ក្នុងរយៈពេល ៦ ខែចុងឆ្នាំ២០២៦ ត្រូវតែបង្កើនល្បឿន ប្តូរផ្តាច់ ច្បាស់លាស់ការងារ ច្បាស់លាស់ការទទួលខុសត្រូវ ច្បាស់លាស់វឌ្ឍនភាព ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចបាននូវបណ្តាទិសដៅ និងភាគកម្រិតដែលបានដាក់ចេញ ជាពិសេសគឺគោលដៅកំណើនមានតួលេខពីរខ្ទង់។ គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ត្រូវតែម្ចាស់ការជាង ជិតដិតជាងទៀត ហ៊ានទទួលខុសត្រូវជាង មិនទុកឱ្យកើតមានស្ថានភាពគេចវេះ រុញច្រាន ធ្វើឱ្យយឺតយ៉ាវដល់ការអភិវឌ្ឍរបស់ទីក្រុង។
នៅក្នុងសម័យប្រជុំលើកទី៣ ក្រុមប្រឹក្សាប្រជាជនទីក្រុងពិនិត្យ និងចេញសេចក្តីសម្រេចចិត្តលើខ្លឹមសារសំខាន់ៗជាច្រើន តាមរយៈសេចក្តីសម្រេចចិត្តមួយចំនួនធំ សំដៅធ្វើជាក់ស្តែងនូវគោលការណ៍ដឹកនាំរបស់បក្ស ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ទីក្រុងក្នុងដំណាក់កាលថ្មី។ សំណូមពរដល់បណ្តាអ្នកតំណាងក្រុមប្រឹក្សាប្រជាជនទីក្រុង ពង្រីកខ្ពស់បំផុតនូវស្មារតីទទួលខុសត្រូវចំពោះមុខម្ចាស់ឆ្នោត និងប្រជាជន ស្រាវជ្រាវឱ្យបានហ្មត់ចត់នូវរាល់របាយការណ៍ សេចក្តីសំណើរ ពង្រាងសេចក្តីសម្រេចចិត្ត ពិភាក្សាប្រកបដោយប្រជាធិបតេយ្យ និងសត្យានុម័ត សួរឆ្លើយត្រង់ៗ និងផ្តោតលើបញ្ហាធំៗ បញ្ហាដែលនៅមានការលំបាកជំពាក់ជំពិន ដើម្បីលើកជាដំណោះស្រាយជាក់ស្តែង អាចអនុវត្តបាននិងមានប្រសិទ្ធភាព។
នៅពេលខាងមុខ ទីក្រុងនៅមានការលំបាក និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែឱកាសអភិវឌ្ឍន៍ក៏កំពុងបើកចេញធំធេងផងដែរ។ ឱកាសមិនអាចបំប្លែងទៅជាសមិទ្ធផល សក្តានុភាពមិនអាចក្លាយជាកម្លាំងចលករដោយខ្លួនឯង ហើយឧត្តមភាពក៏មិនអាចក្លាយជាកម្លាំងប្រកួតប្រជែងដោយខ្លួនឯងបានដែរ។ កត្តាសម្រេចគឺស្មារតីទទួលខុសត្រូវ សមត្ថភាពសកម្មភាព និងប្រសិទ្ធភាពនៃការចាត់ចែងអនុវត្តរបស់ប្រព័ន្ធនយោបាយទាំងមូល។
យើងជឿជាក់ថា ជាមួយនឹងប្រពៃណីសាមគ្គី សកម្ម ច្នៃប្រតិដ្ឋ ជាមួយនឹងឆន្ទៈឈានឡើងយ៉ាងខ្លាំងក្លារបស់បក្ខភាគ រដ្ឋអំណាច សហគមន៍អាជីវកម្ម និងប្រជាជនទីក្រុង យើងនឹងចាប់យកបាននូវឱកាសដ៏ល្អ ជម្នះរាល់ការលំបាក បំប្លែងរាល់គោលការណ៍ដ៏ត្រឹមត្រូវទៅជាសកម្មភាពជាក់ស្តែង បំប្លែងនូវសក្តានុភាពនិងឧត្តមភាពឱ្យទៅជាប្រភពធនធានអភិវឌ្ឍន៍ និងបំប្លែងឱកាសឱ្យទៅជាលទ្ធផលជាក់ស្តែងដើម្បីបម្រើប្រជាជន៕
ធ្វីខេ - សុផន