ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២៦ តម្លៃអង្ករនាំចេញស្ថិតក្នុងកម្រិតទាប បណ្តាលឱ្យតម្លៃស្រូវធ្លាក់ចុះយ៉ាងខ្លាំង កសិករផលិតស្រូវមិនទាន់ទទួលបានប្រាក់ចំណេញតាមការចង់បាននៅឡើយ។ ដើម្បីឱ្យផ្នែកស្រូវអង្ករអភិវឌ្ឍចីរភាព បញ្ហាដែលដាក់ចេញគឺត្រូវលើកកម្ពស់គុណភាពស្រូវអង្ករ ពង្រីកទីផ្សារនាំចេញ និងលើកកម្ពស់ប្រាក់ចំណូលរបស់កសិករផលិតស្រូវ។

រដូវស្រូវប្រាំង ២០២៥-២០២៦ កសិករប្រមូលផលសម្រេចបានទិន្នផលខ្ពស់ ប៉ុន្តែតម្លៃលក់ទាប ប្រាក់ចំណេញមិនទាន់ដូចការរំពឹងទុក។ ក្នុងរូប៖ ការប្រមូលផល និងការដឹកជញ្ជូនស្រូវនៅសង្កាត់វីតឹង ទីក្រុងកឹងធើ។
នៅមានកង្វល់ច្រើន
ឆ្នាំ២០២៥ វៀតណាមនាំចេញអង្ករបានប្រមាណ ៨,០៦ លានតោន ក្លាយជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ដោយនាំមុខទាំងប្រទេសថៃ។ នេះមិនត្រឹមតែជាសមិទ្ធផលនៃទិន្នផលប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីឋានៈគ្រាប់អង្ករវៀតណាមនៅលើទីផ្សារអន្តរជាតិផងដែរ។ ពិសេស វៀតណាមបានកសាងជាបណ្តើរៗនូវពូជស្រូវក្រអូបដែលមានអត្តសញ្ញាណផ្ទាល់ខ្លួនដូចជាពូជ ST, OM និងដាយថើម។ល។ ដែលបានទីផ្សារអន្តរជាតិទទួលស្គាល់និងពេញនិយម។
ផ្តើមពីការប្រកួតប្រជែងជាចម្បងលើបរិមាណ និងតម្លៃទាប អង្ករវៀតណាមបានប្តូរជាបណ្តើរៗមកប្រកួតប្រជែងដោយគុណភាព ម៉ាកយីហោ និងតម្លៃបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ ភាពផ្ទុយគ្នាដ៏ធំនៃផ្នែកស្រូវអង្ករវៀតណាម ទោះជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ប៉ុន្តែកសិករផលិតស្រូវនៅតែជាក្រុមមួយក្នុងចំណោមក្រុមដែលមានប្រាក់ចំណូលទាបបំផុត បើធៀបនឹងផ្នែកផលិតកសិកម្មដទៃទៀត។ នេះគឺជាអ្វីដែលត្រូវបារម្ភ ព្រោះប្រសិនបើកសិករផលិតស្រូវមិនទាន់បានធូរធារដោយសារគ្រាប់អង្ករទេនោះ គឺជោគជ័យនៃផ្នែកស្រូវអង្ករនៅតែមិនទាន់អាចចាត់ទុកថាមានចីរភាពបានឡើយ។
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៦ វៀតណាមនាំចេញអង្ករបានប្រមាណ ៣,៣៣ លានតោន ទទួលបានចំណូលប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិក។ ដោយឡែកទីផ្សារហ្វីលីពីនមានចំនួនប្រមាណ ១,៥ លានតោន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនាំចេញជាមធ្យមបានត្រឹមតែប្រមាណ ៤៦៨ ដុល្លារ/តោន ថយចុះប្រមាណ ១០% បើធៀបនឹងកម្រិតមធ្យមក្នុងឆ្នាំ២០២៥ ដែលមានប្រមាណ ៥០៨ ដុល្លារ/តោន។ នេះក៏ជាកម្រិតតម្លៃទាបបំផុតក្នុងរយៈពេលប្រមាណ ៥ ឆ្នាំចុងក្រោយនេះ។ ក្នុងរដូវស្រូវប្រាំង ២០២៥-២០២៦ មានពេលខ្លះតម្លៃស្រូវស្រស់នៅវាលស្រែត្រឹមតែជាង ៥.០០០ ដុង/គីឡូក្រាម; តម្លៃអង្ករនាំចេញមានពេលខ្លះត្រឹមតែប្រមាណ ១០.០០០ ដុង/គីឡូក្រាម។ ប្រការនេះជះឥទ្ធិពលផ្ទាល់ដល់ប្រសិទ្ធភាពផលិត និងប្រាក់ចំណូលរបស់កសិករ។
លោកហ្វិញវ៉ាំងធៀង នៅសង្កាត់វីតឹង ទីក្រុងកឹងធើ ប្រមូលផលស្រូវរដូវប្រាំងពូជ RVT លើផ្ទៃដី ១,២ ហិកតា នៅដើមខែឧសភា លក់ឱ្យឈ្មួញក្នុងតម្លៃ ៦.៤០០ ដុង/គីឡូក្រាម។ ជាមួយនឹងទិន្នផលសម្រេចបានជាង ១ តោន/កុង (ខ្នាតធំ) បន្ទាប់ពីដកការចំណាយ ប្រាក់ចំណេញបានប្រមាណ ២,៥ លានដុង/កុង។ ជាមួយនឹងប្រភពប្រាក់ចំណេញដែលទទួលបាន លោកធៀង មានការព្រួយបារម្ភថាមិនមានដើមទុនគ្រប់គ្រាន់ដើម្បីវិនិយោគឡើងវិញលើការផលិតរដូវថ្មី។
យោងតាមសមាគមស្បៀងអាហារវៀតណាម មូលហេតុដែលតម្លៃស្រូវអង្ករទាបគឺមានកត្តាចិត្តសាស្ត្រទីផ្សារ។ ឱ្យតែលេចឮព័ត៌មានថាហ្វីលីពីនកាត់បន្ថយការនាំចូល ភ្លាមៗនោះអាជីវកម្មជាច្រើននឹងលក់ចេញយ៉ាងគំហុកដើម្បីរក្សាទីផ្សារ និងបញ្ចេញទំនិញដែលស្តុកក្នុងឃ្លាំង។ នៅពេលទីផ្សារត្រូវលក់ចេញយ៉ាងខ្លាំងក្នុងរយៈពេលខ្លី តម្លៃនឹងធ្លាក់ចុះភ្លាមៗ។ ជាលទ្ធផល អាជីវកម្មនាំចេញអង្ករជួបការលំបាក កសិកររងការខាតបង់ច្រើនជាងគេ ចំណែកតម្លៃបន្ថែមក្នុងខ្សែសង្វាក់ភាគច្រើនបានទៅលើឈ្មួញកណ្តាល។
ភាពជាក់ស្តែងនេះ បញ្ជាក់ឱ្យឃើញថា ចំណុចខ្សោយធំបំផុតនៃផ្នែកស្រូវអង្ករនាពេលបច្ចុប្បន្ន គឺកសិករមិនទាន់មានសមត្ថភាពសម្រួលទីផ្សារ និងមិនទាន់ម្ចាស់ការលើពេលវេលាលក់ទំនិញ។ ក្នុងពេលនោះ ផ្នែកកសិផលមួយចំនួនទៀត កសិករមាននិន្នាការម្ចាស់ការក្នុងការរក្សាទុកផលិតផល ដើម្បីរង់ចាំពេលវេលាទីផ្សារអំណោយផលជាងទើបលក់ចេញ។ នេះគឺជាបញ្ហាដែលត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងនៃផ្នែកស្រូវអង្ករ។
ពង្រីកទីផ្សារ លើកកម្ពស់តម្លៃ
យោងតាមសមាគមស្បៀងអាហារវៀតណាម ដំណោះស្រាយដែលត្រូវអនុវត្តមុនគេ គឺការលើកកម្ពស់តួនាទីម្ចាស់ការរបស់កសិករក្នុងខ្សែសង្វាក់តម្លៃស្រូវអង្ករ។ ក្នុងនោះ ត្រូវជំរុញយន្តការដើម្បីឱ្យកសិករអាចស្តុកទុកស្រូវតាមរយៈការផ្សារភ្ជាប់ជាមួយសហករណ៍ ឬរក្សាទុកនៅប្រព័ន្ធឃ្លាំងរបស់អាជីវកម្មនាំចេញ។ សហករណ៍ អាជីវកម្មនាំចេញអាចសហការជាមួយធនាគារដើម្បីកសាងយន្តការផ្តល់ទុនសមស្របសម្រាប់កសិករក្រោយពេលប្រមូលផល។ លុះត្រាតែកសិករមានសមត្ថភាពស្តុកទុក និងម្ចាស់ការជ្រើសរើសពេលវេលាលក់ទំនិញ ទើបពួកគាត់ទទួលបានផលផ្លែផ្កាពីកម្លាំងពលកម្មផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ។ នៅពេលកសិករមានប្រាក់ចំណេញកាន់តែប្រសើរ ពួកគាត់នឹងវិនិយោគឡើងវិញលើពូជ គុណភាព និងការផលិតស្អាត។ នៅពេលនោះ ផ្នែកស្រូវអង្ករវៀតណាមទើបអាចអភិវឌ្ឍដោយចីរភាព។
បញ្ហាមួយទៀតគឺការបន្តដោះស្រាយការលំបាកអំពីទីផ្សារនាំចេញ និងភស្តុភារ (logistics)។ ទីផ្សារនាំចេញអង្ករធំជាងគេពីរវៀតណាមគឺចិន និងហ្វីលីពីន នៅតែគ្រប់គ្រងទីផ្សារតាមរយៈបទប្បញ្ញត្តិគោលនយោបាយ។ ក្នុងសន្និសីទជំរុញការនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធានាទិសដៅកំណើនការនាំចេញឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះ សមាគមស្បៀងអាហារវៀតណាមបានស្នើឱ្យរដ្ឋាភិបាល បណ្តាក្រសួង ផ្នែក បង្កើនការដោះដូរ និងសហប្រតិបត្តិការជាមួយភាគីចិន និងហ្វីលីពីន ដើម្បីបង្កលក្ខណៈងាយស្រួលជាងមុនសម្រាប់សកម្មភាពពាណិជ្ជកម្មអង្កររវាងភាគីនានា។ បន្តគាំទ្រពង្រីកទីផ្សារនាំចេញ ជាពិសេសតំបន់អាហ្វ្រិក ដែលនៅមានសក្តានុភាពច្រើនសម្រាប់អង្ករវៀតណាមនាពេលខាងមុខ។ ក្រៅពីនេះ បណ្តាក្រសួង ផ្នែក បន្តយកចិត្តទុកដាក់ដោះស្រាយការលំបាកអំពីភស្តុភារ និងការដឹកជញ្ជូននាំចេញអង្ករ។ បន្តជំរុញការវិនិយោគ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ ជាពិសេសនៅតំបន់វាលរាបទន្លេគឺវឡុង; អភិវឌ្ឍន៍ប្រព័ន្ធឃ្លាំង ដឹកជញ្ជូនតាមផ្លូវទឹក និងសមត្ថភាពបញ្ជូនទំនិញបម្រើផ្នែកស្រូវអង្ករ។
លោកឌោហាណាម ប្រធានសមាគមស្បៀងអាហារវៀតណាម បានចាត់ទុក៖ នាពេលបច្ចុប្បន្ន វៀតណាមមានពូជស្រូវក្រអូបគុណភាពខ្ពស់ជាច្រើនដែលពិភពលោកទទួលស្គាល់ ប៉ុន្តែម៉ាកយីហោអង្ករវៀតណាមនៅលើទីផ្សារអន្តរជាតិនៅមិនទាន់សមស្របនឹងគុណភាពជាក់ស្តែងនៅឡើយ។ ដល់ពេលដែលគ្រាប់អង្ករវៀតណាមត្រូវតែបានគេស្គាល់ដោយឈ្មោះពិត និងតម្លៃពិតនៅលើទីផ្សារអន្តរជាតិ។ ចង់ធ្វើបែបនោះបាន ត្រូវធានានូវភាពសុទ្ធនៃពូជស្រូវ ត្រួតពិនិត្យគុណភាពឱ្យបានឯកភាព កសាងប្រព័ន្ធបញ្ជាក់ប្រភពដើម និងអភិវឌ្ឍន៍ម៉ាកយីហោសម្រាប់អង្ករពិសេសនីមួយៗ។ លុះត្រាតែកសាងបានម៉ាកយីហោរឹងមាំ ទើបអាចឈានដល់លើកកម្ពស់សិទ្ធិកំណត់តម្លៃ និងតម្លៃគ្រាប់អង្ករវៀតណាមនៅលើទីផ្សារពិភពលោកជាបណ្តើរៗ។ល។៕
ហ្វាយថាញ - សុផន