ដោយមានស្មារតីចង់រៀនសូត្រ ព្រមជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់ថ្នាក់ ជាច្រើនឆ្នាំកន្លង កសិករខ្មែរជាច្រើននៅទីក្រុងកឹងធើ បានមោះមុតអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិត ផ្តើមពីនោះ មានទម្រង់ជាច្រើនបានផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ច ជួយបង្កើនប្រាក់ចំណូល កែលម្អជីវភាពគ្រួសារ។

ទម្រង់ដាំដំណាំរបស់គ្រួសារលោកឡឹមប៊ិញ (ខាងស្តាំ) នៅឃុំតាយវុាំង។
គ្រួសារលោកឡឹមប៊ិញ នៅឃុំតាយវុាំង បានវិនិយោគប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅលើផ្ទៃដីដាំដំណាំរួមផ្សំ៣កុងរបស់គ្រួសារ។ អាស្រ័យអនុវត្តបច្ចេកទេសនេះ ទើបការស្រោចស្រពមានភាពងាយស្រួល ជួយឱ្យគាត់អាចដាំបានច្រើនរដូវក្នុងឆ្នាំ រួមទាំងដាំដំណាំខុសរដូវ ដោយមិនបង់កម្លាំងច្រើន។
លោកឡឹមប៊ិញ បានឱ្យដឹង៖ តាំងពីអនុវត្តប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិទៅក្នុងការផលិត ដំណាំរួមផ្សំរបស់គ្រួសារគាត់តែងទទួលបានទិន្នផលខ្ពស់។ ប្រសិនបើតម្លៃទីផ្សារលំនឹង គាត់អាចរកប្រាក់ចំណូលពីការដាំដំណាំរួមផ្សំជាង ១០០ លានដុងក្នុងមួយឆ្នាំ ។
តាមប្រសាសន៍របស់លោកប៊ិញ កាលមិនទាន់អនុវត្តវិទ្យាសាស្ត្របច្ចេកទេស ការថែទាំដំណាំរួមផ្សំនៅលើផ្ទៃដីដាំដំណាំមានការលំបាកណាស់ ម្នាក់ឯងមិនអាចធ្វើទាន់ឡើយ។ “ឥឡូវ ជាមួយនឹងផ្ទៃដី៣កុង ខ្ញុំគ្រាន់តែបើកប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិប្រហែល ១ ម៉ោង គឺរួច ស្រេចទៅហើយ។ អាស្រ័យហេតុនោះ ទើបខ្ញុំមានពេលធ្វើការងារផ្សេងទៀត។ អនុវត្តទម្រង់ នេះមិនត្រឹមតែបន្ថយកម្លាំងពលកម្មប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ទៀតផង ហើយជីវភាពគ្រួសារខ្ញុំកាន់តែបានលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ” - លោកប៊ិញ បានឱ្យដឹងដូច្នេះ។
បងស្រីថាច់ធីសាវី នៅភូមិស៊ើងតង ឃុំកូវឡាវយុង ទីក្រុងកឹងធើ គឺជាសមាជិកកសិករឆ្នើមមួយរូបមោះមុតបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របជាមួយនឹងដីធ្លីរបស់គ្រួសារ។ ដំបូង កាលទើបបង្វែរមកដាំដំណាំរួមផ្សំ ប្តីប្រពន្ធបងស្រីធ្វើបណ្តើរដកបទពិសោធន៍បណ្តើរ ម្ចាស់ការស្វែងរកបច្ចេកទេសផ្នែកជ្រើសរើសពូជ រៀបចំដីរហូតដល់ការថែទាំ បង្ការកម្ចាត់សត្វល្អិត ប្រើប្រាស់ជីសរីរាង្គ និងអតិសុខុមជីវសាស្ត្រឆ្លងតាមរយៈកាសែត ទូរទស្សន៍ និងបទពិសោធន៍ជាក់ស្តែងក្នុងរដូវផលិតនីមួយៗ។
បច្ចុប្បន្ន ប្តីប្រពន្ធបងស្រីកំពុងថែទាំដំណាំរួមផ្សំលើផ្ទៃដីជាង ៣.០០០ ម៉ែត្រក្រឡា ដាំប្តូរវេនគ្នា ដូចជា ស្ពៃខៀវ ស្ពៃចង្កឹះ សាឡាត ខ្ទឹម និងអំបើសជាដើម។ អាស្រ័យអនុវត្តបច្ចេកទេស និងរក្សាការផលិតជាបន្តបន្ទាប់ គ្រួសារគាត់រកបានប្រាក់ចំណូលជាង ១៥ លានដុងក្នុងមួយខែ ក្រោយពីទូទាត់រួចស្រេចនៅចំណេញបានប្រមាណ ១០ លានដុង។ មានដំណាក់កាលខ្លះ បងស្រីសាវី បានជួលដីបន្ថែម ដើម្បីពង្រីកផ្ទៃដីដាំឡើងដល់ជិត ១ ហិកតា បង្កការងារធ្វើជាប្រចាំដល់ពលករនៅភូមិភាគ ញ៉ាំងឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែលំនឹងជាងទៀត។
លោកស្រីង្វៀងធីហ្វា ប្រធានក្រុមការងាររណសិរ្សនិងជាប្រធានសាខាសមាគមនារីភូមិស៊ើងតង ឱ្យដឹង៖ បងស្រី ថាច់ធីសាវី គឺជាគ្រួសារផលិតនិងធ្វើអាជីវកម្មពូកែ ខ្នះខ្នែងធ្វើការរកស៊ី ជាគំរូលេចធ្លោដើម្បីនារីក្នុងភូមិយកតម្រាប់តាម។ ពីមុន គ្រួសារគាត់ក៏ជាគ្រួសារលំបាកដែរ មានដីពីរបីកុងប៉ុណ្ណោះ ប៉ុន្តែខិតខំប្រឹងប្រែងឈានឡើង និងបានសមាគមនារីឧបត្ថម្ភបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីវិនិយោគផលិត មកទល់ពេលនេះជីវភាពគ្រួសារគាត់មានភាពល្អប្រសើរ៕
ដាលីន-វិមាន