ក្នុងជំនួបពិភាក្សាការងារជាមួយអគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ ថ្នាក់ដឹកនាំទីក្រុងកឹងធើបានប្តេជ្ញាគាំទ្រទាន់ពេលវេលា បង្កបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ស្ថិរភាព និងលក្ខណៈងាយស្រួលសម្រាប់ដៃគូនានាដែលមកសហការ និងវិនិយោគនៅទីក្រុង។
នាថ្ងៃទី ១០ ខែមីនា លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធ បានទទួលជួបនិងធ្វើការជាមួយលោក Etienne Ranaivoson អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ។

ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ផ្តល់ព័ត៌មានដោះដូរពីបញ្ហានៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងកឹងធើ និងបណ្តាដៃគូបារាំងជាមួយលោកអគ្គកុងស៊ុលបារាំង។
ក្នុងជំនួបនេះ លោកស្រី ង្វៀងធីង៉ុកឌេប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គកុងស៊ុលដែលបានមកបំពេញទស្សនកិច្ច និងធ្វើការនៅទីក្រុង។ ដំណើរទស្សនកិច្ចលើកនេះកាន់តែមានអត្ថន័យពិសេស នៅពេលលោកអគ្គកុងស៊ុលនឹងប្រគល់ស្លាកបញ្ជាក់គុណភាពអប់រំ Label FrancÉducation ដោយផ្ទាល់ដល់បណ្តាសាលារៀនលើភូមិឋានទីក្រុង។ នេះមិនត្រឹមតែជាការទទួលស្គាល់អំពីវិធីសាស្រ្តសិក្សាភាសាបារាំងប៉ុណ្ណោះទេ នៅទាំងជាការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់ចលនាបង្រៀននិងរៀនភាសាបារាំងនៅកឹងធើទៀតផង។
ឧទ្ទេសនាមអំពីទីក្រុងកឹងធើ លោកស្រី ង្វៀងធីង៉ុកឌេប បានសង្កត់ធ្ងន់ថា កឹងធើមានទីតាំងយុទ្ធសាស្ត្រសំខាន់ផ្នែកចរាចរណ៍ ឡូជីស្ទីក (Logistics) និងការតភ្ជាប់តំបន់។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងឡូជីស្ទីកកាន់តែមានភាពសុក្រឹត បរិយាកាសវិនិយោគ ធ្វើអាជីវកម្មបានកែលម្អជាបន្តបន្ទាប់ បង្កលក្ខណៈងាយស្រួលសម្រាប់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ជូនអំណោយអនុស្សាវរីយ៍ដល់លោក Etienne Ranaivoson អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ។
លោកស្រី ង្វៀងធីង៉ុកឌេប បានផ្តល់ព័ត៌មានថា កឹងធើបាននិងកំពុងជំរុញយ៉ាងសកម្មនូវសកម្មភាពសហប្រតិបត្តិការជាក់ស្តែងជាមួយដៃគូបារាំងលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ អប់រំ ដោះដូរវប្បធម៌ ដោះដូររវាងប្រជាជននិងប្រជាជន និងការអភិវឌ្ឍសហគមន៍និយាយភាសាបារាំង។ ចំពោះកិច្ចសហប្រតិបត្តិការថ្នាក់ភូមិភាគ ទំនាក់ទំនងរវាងទីក្រុងកឹងធើជាមួយទីក្រុង Nice និង La Seyne-sur-Mer បានបង្កជាស្ពានតភ្ជាប់វប្បធម៌ សុខាភិបាល និងអប់រំប្រកបដោយប្រសិទ្ធភាព។ ក្នុងដំណើរការអភិវឌ្ឍ ក្រៅពីកត្តាផ្ទៃក្នុង ទីក្រុងពិតជាត្រូវការកិច្ចសហប្រតិបត្តិការពីខាងក្រៅ ហេតុនេះលោកស្រី ង្វៀងធីង៉ុកឌេប សង្ឃឹមថា បន្ទាប់ពីដំណើរបំពេញការងារនេះ លោកអគ្គកុងស៊ុលនឹងផ្តល់ការគាំទ្រកាន់តែច្រើនថែមទៀតដល់ទីក្រុងលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ លោកស្រីបានប្តេជ្ញានឹងរួមដំណើរ គាំទ្រទាន់ពេលវេលា បង្កបរិយាកាសវិនិយោគប្រកបដោយតម្លាភាព ស្ថិរភាពដល់ដៃគូនានា។
ថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំទីក្រុង លោក Etienne Ranaivoson អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ បានឱ្យដឹងថា នេះជាលើកដំបូងដែលលោកមកបំពេញទស្សនកិច្ចនៅកឹងធើ និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់ទីក្រុង ជាពិសេសគឺការដែលថ្នាក់ដឹកនាំទីក្រុងយកចិត្តទុកដាក់លើការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីធ្វើជាកម្លាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ចភូមិភាគ។ ក្នុងរយៈពេលកន្លង ដំណើរការសហប្រតិបត្តិការរវាងដៃគូបារាំងនិងកឹងធើ ក្រៅពីសមិទ្ធផលល្អប្រសើរ ក៏នៅមានការលំបាកខ្លះៗ ហើយក្នុងអាណត្តិកាលនេះ លោកនឹងខិតខំជំរុញការពង្រីកទំនាក់ទំនងសហប្រតិបត្តិការទាំងនេះបន្ថែមទៀត៕
ប្រភព÷ baocantho.com.vn - សុផន