ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/01/2026 - 17:44

អង្គការយូណេស្កូចុះផ្សាយសារអបអរសាទរចំពោះសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម 

តាមភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំការនៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៨ ខែមករា គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិបានចុះផ្សាយសារអបអរសាទររបស់អង្គការ​យូ​ណេស្កូចំពោះសេចក្តីសម្រេចចិត្តលេខ៨០-NQ/TW របស់ការិយាល័យនយោបាយនៃបក្សកុម្មុយ​នីស្ត​វៀត​ណាម ស្តីពីការអភិវឌ្ឍវប្បធម៌​វៀតណាម។

លោកអគ្គលេខាបក្ស តូឡឹម ទទួលបដិសណ្ឋារៈអគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audrey Azoulay នាខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងសារ អង្គការយូណេស្កូបានកត់សម្គាល់និងអបអរសាទរចំពោះការចេញសេចក្តីសម្រេចចិត្តលេខ៨០-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌។ នេះគឺជាឯកសារដ៏មានសារៈសំខាន់ពិសេស ដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍ តាមនោះវប្បធម៌មិនត្រឹមតែជាវិស័យគាំទ្រប៉ុណ្ណោះទេ នៅទាំងជាសសរស្តម្ភមួយក្នុងចំ​ណោមសសរស្តម្ភស្មើភាពទាំង​​បួន​នៃការអភិវឌ្ឍប្រកបដោយចីរភាព ទន្ទឹមនឹងសេដ្ឋកិច្ចសង្គមនិងបរិស្ថាន។ ទិសដៅនេះរបស់វៀតណាមគឺស្របទៅនឹងចក្ខុវិស័យរួម និង​​ការខិតខំប្រឹងប្រែងរបស់អង្គការយូណេស្កូក្នុងការដាក់បញ្ចូលវប្បធម៌ទៅជាទិសដៅអភិវឌ្ឍប្រ​កប​ដោយចីរភាព ឯករាជ្យ នៅក្នុងកម្មវិធីវារៈទូទាំងពិភព​លោក​ក្រោយឆ្នាំ២០៣០។

សេចក្តីសម្រេចចិត្តលេខ៨០-NQ/TW បានចេញមុនមហាសន្និបាតទូទាំងប្រទេសលើកទី១៤របស់បក្ស-ជា​មហា​សន្និ​បាត​ដ៏សំខាន់មួយក្នុងការកំណត់ចក្ខុវិស័យអភិវឌ្ឍប្រទេសដល់ឆ្នាំ២០៤៥និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដល់ឆ្នាំ២០៣០។ ប្រការនេះសឱ្យឃើញថា បណ្តាការប្តេជ្ញាចិត្តអន្តរជាតិត្រូវបានបញ្ចូលយ៉ាងច្បាស់លាស់ទៅក្នុងដំណើរការកំណត់គោលនយោបាយជាយុទ្ធសាស្ត្ររបស់ប្រទេស។ សេចក្តីសម្រេចចិត្តលេខ៨០-NQ/TW បានដាក់ចេញផែនការបង្ហាញផ្លូវនៃគោលនយោបាយសម្រាប់ដំណើរការផ្លាស់ប្តូរថ្មីក្នុងទម្រង់រចនាសម្ព័ន្ធវិស័យវប្បធម៌ សំ​ដៅ​ឈាន​ទៅ​កៀរគរធនធានក្នុងសង្គម ជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋនិងការពារភាពសម្បូរបែបនៃវប្បធម៌។ ឯកសារនេះគឺជាការបន្តនូវប្រពៃណីនៃការផ្តល់តម្លៃលើវប្បធម៌ដ៏យូរអង្វែងរបស់វៀតណាម ព្រមទាំងផ្តល់នូវក្របខ័ណ្ឌគោលន​យោ​បាយ​សម្រាប់ឆ្លើយតបទៅនឹងការសាកល្បងនិងឱកាសនៃយុគសម័យឌីជីថល ក៏ដូចជាបរិការណ៍ពិភពលោកដែល​ពោរ​ពេញ​ដោយការប្រែប្រួល។

ក្នុងបរិការណ៍នៃអស្ថិរភាពភូមិសាស្ត្រនយោបាយដែលកាន់តែកើនឡើង តម្រូវការក្នុងការពង្រឹងកិច្ចសន្ទនានិងការផ្សារភ្ជាប់គ្នារវាងបណ្តាខឿនវប្បធម៌នានាកាន់តែមានភាពចាំបាច់ អង្គការយូណេស្កូ សូមកត់សម្គាល់ដោយក្តីសោ​មនស្សរីករាយចំពោះការដែលវៀតណាមបានកំណត់យកវប្បធម៌ជា "ប្រព័ន្ធសម្របសម្រួល" សម្រាប់ការអភិវឌ្ឍឆាប់រហ័សនិងប្រកបដោយចីរភាព តាមរយៈនោះបានរួមចំណែកយ៉ាងជាក់ស្តែងក្នុងការខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងសន្តិភាពទូទាំងពិភពលោក។ តាមរយៈការលើកកម្ពស់តម្លៃមនុស្សធម៌ យកមនុស្សជាចំណុចស្នូលនិងការរក្សានូវអត្តសញ្ញាណវប្បធម៌ វៀតណាមកំពុងជំរុញវិធីសាស្រ្តអភិវឌ្ឍដោយលើកកម្ពស់ទាំងកម្លាំងផ្ទៃក្នុងនិងទាំងម្ចាស់ការក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ អង្គការយូណេស្កូ សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការអនុវត្តនូវចក្ខុវិស័យនេះ ព្រមទាំងបញ្ជាក់ពីតួនាទីនៃវប្បធម៌ ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញយុត្តិធម៌ វិបុលភាពនិងការផ្សារភ្ជាប់សង្គមលើទូទាំងពិភពលោក។

វាយតម្លៃចំពោះការដែលអង្គការយូណេស្កូ បានចេញសារដ៏មានសារៈសំខាន់នេះ លោកស្រីង្វៀងធីវឹងអាញ ប្រធានបេសកកម្មតំណាងប្រចាំការវៀតណាមនៅអង្គការយូណេស្កូ បានសម្តែងនូវក្តីរីករាយដោយយល់ឃើញថា អង្គ​ការ​យូណេស្កូកាន់តែមានការចាប់អារម្មណ៍ យកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍរបស់វៀតណាមក្នុងដំណាក់កាលថ្មីដែលបក្សយើងដាក់ចេញ រួមទាំងទិសដៅយុទ្ធសាស្ត្រនៃម​ហា​សន្និបាតបក្សលើកទី១៤។ ការដែលអង្គការយូណេស្កូអបអរសាទរចំពោះសេចក្តីសម្រេចចិត្តលេខ៨០-NQ/TW របស់ការិយាល័យនយោបាយនៃបក្សកុម្មុយ​នីស្ត​វៀត​ណាម ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម បានបង្ហាញយ៉ាងច្បាស់ថា អង្គការយូណេស្កូវាយតម្លៃខ្ពស់ចំពោះគោលការណ៍ និងគោលនយោបាយថ្មីដែលមានសារៈដ៏សំខាន់នេះរបស់វៀតណាមក្នុងវិស័យវប្បធម៌។

លោកស្រីង្វៀងធីវឹងអាញ យល់ថា ប្រការនេះបានឱ្យឃើញ អង្គការយូណេស្កូ ផ្តល់តម្លៃពីតួនាទី ឋានៈនិងប្រិយភាពរបស់វៀតណាម ក៏ដូចជាកត់សំគាល់​នូវការរួមចំណែករបស់វៀតណាមក្នុងវិស័យវប្បធម៌នៅអង្គការយូណេស្កូ ក្នុងនោះមានការជំរុញកិច្ចសន្ទនានិងការផ្សារភ្ជាប់គ្នារវាងបណ្តាខឿនវប្បធម៌ ការថែរក្សាបេតិកភណ្ឌវប្បធម៌ ការការពារភាពសម្បូរបែបនៃវប្បធម៌ ព្រមទាំងម្ចាស់ការចូលរួមគោលគំនិតនិងការច្នៃប្រតិដ្ឋ ក៏ដូចជាការដែលវៀតណាមបានស្នើឱ្យមានសេចក្តីសម្រេចចិត្ត ក៏បានមហាសន្និបាតអង្គការយូណេស្កូ អនុម័តយល់ព្រម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានខ្លឹមសារសំខាន់គឺការស្នើឱ្យមហាសន្និបាតអង្គការសហប្រជាជាតិ ពិនិត្យនិងឆាប់បំផុសចលនា ទសវត្សរ៍អន្តរជាតិស្តីពីវប្បធម៌ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព៕

   យោងតាមៈ baocantho.com.vn-ដាលីន

ចែករំលែកអត្ថបទ