បងថាច់ភឿង លេខាសាខាសម្ព័ន្ធយុវជនភូមិកញ្ចោងខាងត្បូង ឃុំតឹបង៉ាយ ខេត្តវិញឡុង គឺជាគំរូលេចធ្លោម្នាក់ក្នុងជនរួមជាតិខ្មែរអំពីស្មារតីជម្នះការលំបាក រៀនសូត្រ និងធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ។ ផ្ដើមពីស្ថានភាពគ្រួសារក្បែរក្រ បងបានខិតខំប្រឹងប្រែងឈានឡើង លំនឹងជីវភាព ព្រមទាំងពង្រីកតួនាទីជាគំរូ ខ្នះខ្នែងចលនាសមាជិកសម្ព័ន្ធយុវជននិងយុវជននៅ ភូមិភាគដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងភូមិស្រុក។

បងថាច់ភឿង កំពុងឱ្យចំណីគោ។
សំណេះសំណាល់ជាមួយយើងខ្ញុំ បងថាច់ភឿង បានឱ្យដឹង អាស្រ័យទទួលបានជំនួយគោមេ ២ ក្បាលពីគោលនយោបាយជនជាតិ ជីវភាពគ្រួសារលោកបានលំនឹងជាបណ្តើរៗ និងឈានឡើងចាកផុតពីភាពក្រីក្រ។ ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងពលកម្មផលិតនិងរៀនសូត្រ ធ្វើតាមឧត្ដមគតិ សីលធម៌ ឥរិយាបថហូជីមិញ លោកក៏បានគណៈកម្មាធិការបក្សឃុំតឹបង៉ាយជូនលិខិតសរសើរ។
បងថាច់ភឿង ធ្លាប់ជាគ្រួសារក្បែរក្រ ដែលទើបតែចាកផុតពីភាពក្រីក្រក្នុងឆ្នាំ ២០២៤។ កាលពីមុន គ្រួសារបងមានការលំបាកខ្លាំងណាស់ ជាគ្រួសារស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្ររបស់ភូមិ។ ប្រពន្ធរបស់បងភឿង ជាកម្មការិនីដែលមានប្រាក់ចំណូលទាប; រីឯបងភឿងវិញនៅផ្ទះមើលថែទាំកូនទាំង ២ រៀនសូត្រ ព្រមទាំងឆ្លៀតធ្វើការឈ្នួលតាមរដូវកាល។ ទោះបីអាចរកចំណូលបានប្រហែល ២០០.០០០ ដល់ ៣០០.០០០ ដុងក្នុងមួយថ្ងៃ ប៉ុន្តែការងារនោះមិនមានស្ថិរភាពឡើយ ចំណូលរបស់ប្ដីប្រពន្ធគាត់ពីរនាក់គ្រាន់តែល្មមសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។ បងថាច់ភឿង ឱ្យដឹង៖ “ឆ្នាំកន្លងហើយ តាមរយៈប្រភពទុនគោលនយោបាយជនជាតិ គ្រួសារខ្ញុំទទួលបានជំនួយថវិកា ២៤ លានដុង ដើម្បីទិញគោពូជ ២ ក្បាល ក្នុងទម្រង់ចិញ្ចឹមគោវិលជុំសម្រាប់គ្រួសារខ្មែរដែលមានការលំបាក។ ដោយសារមានដីផលិតតិចតួច ខ្ញុំបានឆ្លៀតប្រើប្រាស់ដីតាមភ្លឺប្រឡាយនិងវាលស្មៅធម្មជាតិ ដើម្បីកាត់ស្មៅឱ្យគោ សំដៅបន្ថយការចំណាយ។ ក្រៅពីពេលទៅធ្វើការឈ្នួល ខ្ញុំផ្តុំកម្លាំងថែទាំហ្វូងគោ ដោយសង្ឃឹមថា គោនឹងកើតកូន ដើម្បីបង្កើនប្រភពចំណូលយូរអង្វែង។ សម្រាប់គ្រួសារខ្ញុំ គោ ២ ក្បាលនេះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាកម្លាំងជុំរុញជួយឱ្យគ្រួសារឈានឡើង និងគិតគូរឱ្យកូនៗរៀនសូត្រ”។
ក្រោយពេលចាកផុតពីភាពក្រីក្រ បងថាច់ភឿង បានបន្តបុលទុនអាទិភាពចំនួន ១០០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីសាងសង់ផ្ទះសម្បែងឱ្យបានសមរម្យ ជួយគ្រួសារមានកន្លែងរស់នៅស្ថិរភាព និងស្ងប់ចិត្តក្នុងពលកម្មផលិត។ មិនត្រឹមតែខិតខំអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ គាត់ថែមទាំងបំពេញល្អនូវតួនាទីជាលេខាសាខាសម្ព័ន្ធយុវជនភូមិកញ្ចោងខាងត្បូង តែងបង្ហាញស្មារតីជាគំរូ និងខ្នះខ្នែងចលនាសមាជិកសម្ព័ន្ធយុវជន និងយុវជនឱ្យជម្នះការលំបាក ឈានឡើងក្នុងជីវភាព។
លោក វ៉ថាញ់លីម លេខាសាខាបក្សភូមិកញ្ចោងខាងត្បូង ឱ្យដឹង៖ “តាមរយៈការជួយឧបត្ថម្ភពីគោលនយោបាយជនជាតិ រួមជាមួយស្មារតីស៊ូទ្រាំនឹងការលំបាក និងការទទួលខុសត្រូវខ្ពស់ លោក ថាច់ភឿង បានឈានឡើងលំនឹងក្នុងជីវភាព។ គាត់គឺជាគំរូលេចធ្លោក្នុងការរៀនសូត្រនិងធ្វើតាមគំរូអ៊ំ សាយភាយនូវឆន្ទៈឈានឡើងក្នុងចំណោមសមាជិកសម្ព័ន្ធយុវជននិងយុវជនខ្មែរក្នុងភូមិ”៕
សើុងម៉ាល័យ - ថាច់ធី