ពេលរំលឹកដល់គ្រួសារអ្នកមីងធីបឹងនៅភូមិ៥ ឃុំសាភៀង ទីក្រុងកឹងធើ មាមីងខ្មែរអ្នកណា ក៏ស្គាល់និងកោតសរសើរ ពីព្រោះជីវភាពគ្រួសារខ្វះខាត ប៉ុន្តែគាត់ខិតខំប្រឹងប្រែងចិញ្ចឹមកូន ៥ នាក់រៀនសូត្រចប់ចុងចប់ដើម។

អ្នកមីងធីបឹង គំរូឆ្លងកាត់ការលំបាកចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម។
សំណេះសំណាលជាមួយយើងខ្ញុំ អ្នកមីងធីបឹង ឱ្យដឹង៖ គ្រួសារខ្ញុំប្រកបរបរកសិកម្មប៉ុន្មានជំនាន់មកហើយ បានត្រឹមគ្រប់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ ពេលមកដល់ជំនាន់កូន ប្តីប្រពន្ធខ្ញុំប្តេជ្ញាគិតគូរឱ្យកូនរៀនសូត្រ ដើម្បីមានអនាគតភ្លឺស្វាង”។ ហេតុដូច្នោះហើយ ទើបប្តីប្រពន្ធអ្នកមីងស៊ូនឿយហត់ ខិតខំបង្កលក្ខណៈធ្វើយ៉ាងណាដើម្បីកូនៗបានទៅសាលារៀន។ ខណៈពេលកូនៗរៀនឡើងថ្នាក់ខ្ពស់ សេដ្ឋកិច្ចគ្រួសារកាន់តែលំបាក ប៉ុន្តែអ្នកមីងនៅតែប្តេជ្ញាចិត្តគិតគូរឱ្យកូនៗទាំង ៥ នាក់បានរៀនសូត្រ។
នេះជាកម្លាំងជំរុញដើម្បីប្តីប្រពន្ធអ្នកមីងជម្នះការលំបាក ពេលឃើញកូនៗចេះស្ដាប់បង្គាប់ រៀនពូកែ។ អ្នកមីងធីបឹង ឱ្យដឹង៖ “ពេលប្រឡងជាប់មហាវិទ្យាល័យកូនៗសួរខ្ញុំថា តើមានសមត្ថភាពចិញ្ចឹមបងប្អូនកូនរៀនមហាវិទ្យាល័យទេ? ខ្ញុំបានឆ្លើយទៅវិញ៖ ជីវិតឪពុកម្តាយនឿយហត់ ប៉ុន្តែទោះបីក្រលំបាកនឿយហត់យ៉ាងណាក៏ដោយ ទោះលក់អស់ដីក៏ឪពុកម្តាយនៅតែចង់ឱ្យបងប្អូនកូនទាំង ៥ នាក់ រៀនសូត្រចប់ចុងចប់ដើមដែរ”។ ផ្តើមពីនោះ ចន្លោះពី ២ - ៣ ឆ្នាំ គឺមានកូនម្នាក់ចូលរៀនមហាវិទ្យាល័យជាបន្តបន្ទាប់។ ដើម្បីមានប្រាក់គ្រប់គ្រាន់គិតគូរដល់កូន គ្មានអ្វីក្រៅពីធ្វើស្រែ ចិញ្ចឹមជ្រូក មាន់ ទា និងដាំដំណាំរួមផ្សំ... ទោះជាធ្វើការងារច្រើនក៏ដោយ ប៉ុន្តែនៅតែមិនគ្រប់ប្រាក់គិតគូរការរៀនសូត្ររបស់កូនៗ ម្ល៉ោះហើយត្រូវទៅខ្ចីបុលពីខាងក្រៅ។ ដល់ពេលគ្មានសមត្ថភាពសងបំណុល ទើបអ្នកមីងបង្ខំចិត្តបញ្ចាំដីស្រែ។ ទោះបីនឿយហត់ ថែមទាំងបញ្ចាំអស់ដីស្រែក៏ដោយ ប៉ុន្តែប្តីប្រពន្ធអ្នកមីងមិនដែលត្អូញត្អែរមួយម៉ាត់សោះឡើយ ផ្ទុយទៅវិញតែងលើកទឹកចិត្តឱ្យកូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រជានិច្ច។ ដោយឃើញដូច្នេះ កូនៗរបស់អ្នកមីងគ្រប់គ្នាតែងខិតខំប្រឹងប្រែងរៀនសូត្រប្រឡងជាប់ចេញសាលា។ កូនប្រុសទី៤ ក្វាច់ហ្វាងមិញ រីករាយឱ្យដឹង៖ “ឪពុកម្តាយតែងជាគំរូសម្រាប់យើងខ្ញុំជានិច្ច។ ខ្ញុំមានមោទនភាពចំពោះឪពុកម្តាយដែលលះបង់សព្វបែបយ៉ាងគិតគូរឱ្យបងប្អូនយើង ខ្ញុំរៀនសូត្រ។ រឹតតែកោតសរសើរជាងទៀត ដើម្បីប្តូរយកអនាគតភ្លឺស្វាងឱ្យកូនៗ ឪពុកម្តាយខ្ញុំគ្មានការសោកស្តាយពេលដែលយកដីស្រែទាំងអស់ទៅបញ្ចាំ”។
នៅពេលកូនទាំង៥ នាក់ប្រឡងបញ្ចប់មហាវិទ្យាល័យ អ្នកមីងធីបឹងនៅសល់តែដីចម្ការ២កុង ដើម្បីដាំឈើហូបផ្លែប៉ុណ្ណោះ ហើយចិញ្ចឹមជ្រូកនិងចិញ្ចឹមត្រីសម្រាប់គិតគូរជីវភាពប្រចាំថ្ងៃ។ សព្វថ្ងៃ ការលះបង់ទាំងនោះក៏បានតបមកវិញ ខណៈពេលកូនៗរបស់អ្នកមីងតែងមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹងហើយបានសង់ផ្ទះរឹងមាំមួយខ្នងជូនឪពុកម្តាយ។ “សព្វថ្ងៃ ឃើញកូនៗមានការងារធ្វើ រកបានប្រាក់ចំណូលលំនឹងជីវភាព ធូរធារប្តីប្រពន្ធខ្ញុំត្រេកអរនិងមោទនភាពណាស់។ ក្តីរំភើបកាន់តែខ្លាំងខណៈពេលកូនៗមានគ្រួសារសុទ្ធតែជាបុគ្គលិករដ្ឋ និងលុះក្នុងដំបូន្មានឪពុកម្តាយ” - អ្នកមីងធីបឹង ឱ្យដឹងដោយក្តីរីករាយដូច្នេះ៕
ថាញវ៉ាង - លីសៀ