បណ្តាកម្មវិធី គម្រោងរបស់រដ្ឋដែលវិនិយោគដល់តំបន់មានជនជាតិភាគតិចរស់នៅកុះករនៅខេត្តអាងយ៉ាង បាននិងកំពុងពង្រីកប្រសិទ្ធភាព។ ចាប់ពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

ការប្រណាំងទូក-ងខ្នាតតូច នៅវត្តតាមុម មានប្រជាជនចូលរួមគាំទ្រលើកទឹកចិត្តយ៉ាងច្រើនកុះករ។
ព្រះតេជគុណយ័ញមិញទ្វឹង ចៅអធិការវត្តតាមុម ឃុំឌិញហ្វា បានជូនដំណឹងពីពិធីប្រណាំងទូក-ងខ្នាតតូច នៅវត្តតាមុម លើកទី៣ ក្នុងឱកាសបុណ្យសែនដូនតាឆ្នាំ ២០២៥។ ព្រះតេជគុណយ័ញមិញត្វឹង មានថេរដីកា៖ “ឆ្នាំនេះ មានទូក-ងបុរសខ្នាតតូច ៣២ទូក និងទូក-ង នារី ៥ ទូកចូលរួមអុំប្រណាំង។ ចំនួនទូក-ងដែល ចុះឈ្មោះឆ្នាំនេះច្រើនជាងឆ្នាំមុនៗ ដូច្នេះ អាត្មារីករាយណាស់។ ពីព្រោះមានមាមីងពុទ្ធបរិស័ទចូលរួមប្រណាំងនិងគាំទ្រលើកទឹកចិត្តយ៉ាងច្រើន មានន័យថា ជីវភាពសម្ភារៈបានលំនឹង ទើបមាមីងមានលក្ខណៈចូលរួមកីឡាដើម្បីបង្កភាពសប្បាយរីករាយ។ រាល់សកម្មភាពសិល្បៈ កីឡា ប្រពៃណីបានរួមចំណែកអភិរក្សនូវតម្លៃវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ ម៉្លោះហើយនរណាក៏ចូលរួមជាកម្លាំងនិងថវិកាដែរ”។
តាមលោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង អនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៥ ខេត្តគៀងយ៉ាង (ចាស់) បានជំនួយឧបករណ៍បំពងសំឡេង ឧបករណ៍តន្ត្រីសម្រាប់សកម្មភាពសិល្បៈជូនវត្តខ្មែរ ១៥/៧៦។ ក្រៅពីក្រុមសិល្បៈខ្មែរជំនាញគៀងយ៉ាងនៅមានក្លឹប ក្រុមសិល្បៈមហាជនខ្មែរចំនួន១០ ដែលសកម្មភាពមានប្រសិទ្ធភាពនៅមូលដ្ឋាន។ សិល្បករយឿងវ៉ាន់ អនុប្រធានទទួលបន្ទុកក្រុមសិល្បៈខ្មែរខេត្តអាងយ៉ាង ឱ្យដឹង៖ “គម្រោងអភិរក្សនិងពង្រីកតម្លៃសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរ ដំណាក់កាល ២០២១ -២០២៥” របស់ខេត្តគៀងយ៉ាង (ចាស់) ឋិតក្នុងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១- ២០៣០។ ក្រុមសិល្បៈយើងខ្ញុំបានចូលរួមគម្រោងដោយសកម្មភាពជាក់ស្តែង ដូចជា ជំនួយដល់ក្លឹប ក្រុមសិល្បៈមហាជន បើកថ្នាក់ហាត់ច្រៀង ហាត់របាំ ប្រើប្រាស់ឧបករណ៍ភ្លេងប្រពៃណីនៅតាមវត្តទក្ខិណនិកាយខ្មែរ។ល។ សកម្មភាពទាំងនេះ បានរួមចំណែកក្នុងការអនុវត្តជោគជ័យគម្រោង”។
លោកយ័ញភុក បានឱ្យដឹងបន្ថែម ពិនិត្យជារួមមកដល់ពេលនេះ រាល់សកម្មភាពចម្បងរបស់គម្រោងគឺបង្កើតសំណុំឯកសារបេតិកភណ្ឌវប្បធម៌អរូបី ជំនួយដល់ក្រុមសិល្បៈមហាជន ចាត់តាំងពិធីបុណ្យទាននិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ទន្ទឹមនឹងនោះ កែលម្អជីវភាពជូនជនរួមជាតិខ្មែរបានអនុវត្តមានប្រសិទ្ធភាព។ និយាយបន្ថែមពីគម្រោងនេះ សិល្បករឆ្នើមយ័ញតៀង ប្រធានក្រុមសិល្បៈខ្មែរឃុំឌិញហ្វា(ចាស់) ឱ្យដឹង៖ “អាស្រ័យមានការជំនួយរបស់រដ្ឋ ទើបយើងខ្ញុំបង្កើតបានក្រុមសិល្បៈខ្មែរ ហើយមានសកម្មភាពយ៉ាងសម្បូរបែប ដូច៖ ច្រៀង រាំ និងប្រគំភ្លេងពិណពាទ្យជាដើម។ល។ ក្រុមសិល្បៈមិនត្រឹមតែសម្តែងក្នុងឃុំប៉ុណ្ណោះទេ នៅទាំងចូលរួមសម្តែងបម្រើក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរនិងក្នុងពិធីប្រឡងសិល្បៈអាស្រ័យខេត្តចាត់តាំងទៀតផង”៕
ហាថាញ-ដាលីន