ដើម្បីបានទទួលស្គាល់ជាឃុំជនបទថ្មីកម្រិតខ្ពស់ បក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំ ភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ បានអនុវត្តយ៉ាងសកម្មនូវភារកិច្ចជាច្រើននិងសម្រេចលក្ខឋាន ១៩/១៩ តាមសេចក្តីកំណត់។

ដោយមានប្រភពទុនសម្រាប់កសាងជនបទថ្មី ឃុំភឿកហ៊ឹង បានវិនិយោគ
កសាងផ្លូវជនបទនៅភូមិបែនជួរកាន់តែធំទូលាយ។
លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង មានប្រសាសន៍៖ “ប៉ុន្មានឆ្នាំមុននេះ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមរបស់ឃុំនៅមានកម្រិត ជីវភាពរបស់ប្រជាជននៅលំបាក ប្រាក់ចំណូលទាប។ ដោយមូលដ្ឋានអភិវឌ្ឍន៍ផលិតកម្មផ្អែកលើសក្ដានុពលដីធ្លី និងកម្លាំងពលកម្មដែលមាននៅក្នុងមូលដ្ឋាន ឃុំបានណែនាំប្រជាជនបង្វែរផ្ទៃដីដែលផលិតស្រូវមិនសូវបានផលងាកមកដាំដំណាំវិញ ដោយអនុវត្តទម្រង់រោងសំណាញ់ដាំបន្លែសុវត្ថិភាព បន្លែជ្រះ និងទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់។ អាស្រ័យហេតុនេះ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើង មុខមាត់តំបន់ជនបទកាន់តែផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ២០២៤ លទ្ធផលធ្វើអង្កេតឃើញថា ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ឃុំសម្រេច ៧២,៨៨ លានដុង/ឆ្នាំ”។
ដោយបានឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ឃុំភឿកហ៊ឹង លោកគឹមង៉ុកចឿង នៅភូមិបែនជួរ ឱ្យដឹង៖ “កាលមិនទាន់បានកសាងឃុំជនបទថ្មី ផ្លូវជនបទភាគច្រើនជាផ្លូវដី។ ក្រោយពីបានកសាងជនបទថ្មីរួច ផ្លូវដីក៏បានក្លាយជាផ្លូវបេតុង និងកៅស៊ូរឹងមាំ បានតភ្ជាប់ពីភូមិទៅដល់មជ្ឈមណ្ឌលឃុំ។ ប្រជាជនងាយស្រួលក្នុងការធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផល ធានាបានទាំងរដូវប្រាំងរដូវវស្សា។ ក្រៅពីនេះ ការកសាងជនបទថ្មីរបស់ឃុំបានរួមចំណែកដ៏សំខាន់ ជួយប្រជាជនអនុវត្តល្អនូវគោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ អនុវត្តល្អគោលនយោបាយសុខុមាលភាពសង្គម សេដ្ឋកិច្ច-សង្គមកាន់តែរីកចម្រើន”។
បច្ចុប្បន្ន ឃុំភឿកហ៊ឹង សម្រេចលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ ១៩/១៩ ហើយបានបំពេញសំណុំបែបបទរង់ចាំការទទួលស្គាល់ពីថ្នាក់លើ។ លោកគឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំភឿកហ៊ឹង ឱ្យដឹងបន្ថែម៖ “ទោះជាសម្រេចលក្ខឋាននៃឃុំជនបទថ្មីកម្រិតខ្ពស់ក៏ដោយ ឃុំក៏នៅតែជំរុញការពង្រឹងនិងលើកកម្ពស់គុណភាពលក្ខឋានដើម្បីធានាចីរភាព។ ចំណុចលេចធ្លោក្នុងដំណើរការកសាងឃុំជនបទថ្មីកម្រិតខ្ពស់របស់ឃុំភឿកហ៊ឹង រយៈពេលកន្លង គឺបក្ខភាគនិងរដ្ឋអំណាចឃុំ អនុវត្តល្អការងារឃោសនា ចលនា ជួយប្រជាជនយល់ច្បាស់ពីខ្លឹមសារ គោលបំណងនិងសារៈសំខាន់នៃគោលនយោបាយកសាងឃុំជនបទថ្មី ក៏ដូចជាគោលលំនាំនិងយន្តការអនុវត្ត។ អាស្រ័យហេតុនោះ កម្មាភិបាល បក្ខជន និងប្រជាជនក្នុងឃុំភាគច្រើនបានឯកភាពនិងរួមកម្លាំងគាំទ្រគោលការណ៍ជាក់ស្តែងនេះ ផ្តើមពីនោះ ជួយភូមិស្រុកឃុំភឿកហ៊ឹង មានភាពផ្លាស់ប្តូរជាបន្តបន្ទាប់”៕
សើុងម៉ាល័យ-ត្រឹងរ៉ូន