09/12/2024 - 15:43

អភិរក្សភ្លេងពិណពាទ្យ 

ឆ្នាំ២០២០ សិល្បៈប្រគំភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ លុះដល់ឆ្នាំ២០២៤ ការប្រគំភ្លេងពិណពាទ្យនៅខេត្តសុកត្រាំងក៏បង្កើតបានកំណត់ត្រាឯតទគ្គកម្មវៀតណាម។

ក្រុមនិងក្លឹបភ្លេងពិណពាទ្យដែលចូលរួមប្រគំនៅខេត្តសុកត្រាំងមានទ្រង់ទ្រាយធំបំផុតនៅវៀតណាម។

តាមប្រសាសន៍លោក ត្រឹងមិញលី  នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ខេត្តសុកត្រាំង ភ្លេងពិណពាទ្យ គឺជាភ្លេងប្រពៃណីដ៏ពេញនិយមនិងមានមកតាំងពីយូរលង់របស់ជនរួមជាតិខ្មែរណាមបូ។ ឆ្លងកាត់ដំណាក់កាលកកើតគង់វង្សនិងអភិវឌ្ឍន៍ ទម្រង់សិល្បៈនេះនៅតែបានរក្សាដល់សព្វថ្ងៃ និងមានអត្ថន័យសំខាន់ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ។ ភ្លេងពិណពាទ្យគឺជាវង់តន្រ្តីដែលរួមផ្គុំគ្នាមានអង្គ៥ គឺមាន រនាត ( រនាតឯក រនាតដែក រនាតធុង); មានគង ( គងវង់ធំនិងគងវង់តូច); មានស្រឡៃ; មានសម្ភោរ; និងមានស្គរធំពីរ។ ឧបករណ៍ភ្លេង៥មុខ នេះបានធ្វើពីវត្ថុធាតុផ្សេងៗ មានដូចជា ស្ពាន់  ដែក ឈើ និងស្បែក ម្ល៉ោះហើយពេលប្រគំក៏បន្លឺសូរសព្ទផ្សេងគ្នាដែរ។ តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន ភ្លេងពិណពាទ្យតែងមានវត្តមានគ្រប់ពិធីបុណ្យ ហើយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ។ ដូច្នេះ ភ្លេងពិណពាទ្យមានតម្លៃផ្នែកខាងប្រវត្តិសាស្ត្រ វប្បធម៌ ស្មារតី សីលធម៌ សិល្បៈ សោភណភាពនិងការផ្សារភ្ជាប់ក្នុងសហគមន៍ផង។

ទិដ្ឋភាពនៃរាត្រីប្រគំភ្លេងពិណពាទ្យនៅខេត្តសុកត្រាំង ដែលមានទ្រង់ទ្រាយធំបំផុតនៅវៀតណាម។

អនុវត្តគម្រោង “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍” ខេត្ដសុកត្រាំង បានវិនិយោគជាវភ្លេងពិណពាទ្យជាច្រើនវង់ជូនដល់ក្លឹបទាំងឡាយនិងវត្តខ្មែរនានា។ ព្រមទាំងបើកថ្នាក់បណ្តុះបណ្តាលនិងបង្ហាត់ដល់សិស្សា​នុសិស្ស និងកូនចៅជនរួមជាតិខ្មែរដែលស្រឡាញ់ចូលចិត្តភ្លេងមករៀន។ ប្អូនថាច់ហុងលឹង ក្រុមភ្លេងពិណពាទ្យភូមិតាយកុង ឃុំតាយវ៉ាន់  ស្រុកត្រឹងដេ និយាយថា៖ “ប្អូនមករៀនភ្លេងពិណពាទ្យនៅវត្ត ហើយបានចេះប្រគំនិងបានទៅតាមក្រុមប្រគំក្នុងពិធីបុណ្យផ្សេងៗ នៅតាមភូមិស្រុក២ឆ្នាំមកហើយ។ នៅពេលបានចូលរួម “ប្រគំភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ដែលមានទ្រង់ទ្រាយធំបំផុតនៅវៀតណាម” ក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូក-ងខេត្តសុកត្រាំង ថ្នាក់តំបន់វាលរាបទន្លេគឺវឡុង លើកទី៦ បង្កើតបានជាកំណត់ត្រាឯតទគ្គកម្មវៀតណាមនោះ គឺប្អូនរីករាយនិងមោទនភាពណាស់។ ចាប់ពីពេលនេះទៅ ប្អូននឹងព្យាយាមហាត់រៀនឱ្យបានច្រើនបទ ដើម្បីចូលរួមអភិរក្សវប្បធម៌ជនជាតិ”។

លោកត្រឹងមិញលី ឱ្យដឹង៖ “ការប្រគំភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង មានទ្រង់ទ្រាយធំបំផុតនៅវៀតណាម បានប្រមូលផ្តុំភ្លេងពិណពាទ្យជាង២០វង់និងមានតន្ត្រីករជាង២០០នាក់ មកពីភូមិស្រុកនានា និងបង្កើតបានឯតទគ្គកម្មវៀតណាម។ ប្រការនេះបានបញ្ជាក់ថា ទោះបីជីវភាពសង្គមមានការផ្លាស់ប្ដូរជាច្រើនក៏ដោយ ប៉ុន្តែភ្លេងពិណពាទ្យនៅតែបញ្ជាក់ពីតួនាទីដ៏សំខាន់និងឋិតថេរជានិច្ចក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ”៕

      លីធាន-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ