រួមជាមួយសិស្សានុសិស្សទូទាំងប្រទេស សិស្សានុសិស្សជនជាតិខ្មែរនិយាយដោយឡែក និងសិស្សានុសិស្សជនជាតិភាគតិចនិយាយរួមនៅតំបន់វាលរាបទន្លេគឺវឡុង បានឈានចូលឆ្នាំសិក្សាថ្មី ២០២៤- ២០២៥។
អនុវិទ្យាល័យថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ ជាសាលានៅតំបន់មានសិស្សជនជាតិរស់នៅកុះករ បានវិនិយោគកសាងយ៉ាងសមរម្យនិងសម្រេចបទដ្ឋាន។
បម្រុងឱ្យឆ្នាំសិក្សាថ្មី សាលាជនជាតិអន្តេវាសិកនិងសាលានានានៅតំបន់ជនជាតិភាគតិច បានត្រៀមលក្ខណៈយ៉ាងហ្មត់ចត់។ អ្នកគ្រូធីហុងវ៉ាង នាយិកាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវ ខេត្តគៀងយ៉ាង ឱ្យដឹង៖ “ការងារត្រៀមបម្រុងត្រូវបានសាលាអនុវត្តជាប្រចាំក្នុងរដូវវិស្សមកាល។ តាំងពីការជួសជុលបន្ទប់រៀន អាហារដ្ឋាន បន្ទប់ស្នាក់នៅរហូតដល់ផ្ទះបាយ។ អាស្រ័យរៀងរាល់ឆ្នាំ សាលាតែងជ្រើសរើសសិស្សថ្មីថ្នាក់ទី៦ពី២-៣បន្ទប់ ហេតុនោះ ការជ្រើសគ្រូទទួលបន្ទុកថ្នាក់និងគ្រូបង្រៀនក្នុងថ្នាក់ ក៏បានក្រុមប្រឹក្សាគរុកោសល្យសាលា ប្រជុំពិភាក្សាយ៉ាងហ្មត់ចត់។ ពីព្រោះប្អូនៗទើបតែអាយុ១២ ឆ្នាំ ចូលស្នាក់នៅអន្តេវាសិកដ្ឋាននឹងមានភាពថ្មីថ្មោង ហេតុនោះសាលាត្រូវតែជ្រើសគ្រូដែលមានបទពិសោធន៍ទទួលបន្ទុកអន្តេវាសិកដ្ឋាន ក៏ដូចជាគ្រូបង្រៀនក្នុងថ្នាក់និងគ្រូទទួលបន្ទុកថ្នាក់ ដើម្បីពេលប្អូនៗត្រូវការពិគ្រោះពីអ្វី គឺអាចជួយប្អូនៗបានភ្លាម”។ ការយកចិត្តទុកដាក់របស់សាលា បង្កបានទំនុកចិត្ដសម្រាប់អាណាព្យាបាលសិស្សពេលឱ្យកូនចូលរៀនសាលាអន្តេវាសិក។ លោកយ័ញលុយ នៅឃុំឌិញហ្វា ឱ្យដឹង៖ “កូនប្រុសច្បងរបស់ខ្ញុំទើបចប់ថ្នាក់ទី១២ និងបានជាប់ចូលរៀនផ្នែកវេជ្ជសាស្រ្តដូចក្តីស្រមៃ។ កូនខ្ញុំក៏ធ្លាប់សិក្សានៅអនុវិទ្យាល័យជនជាតិអន្តេវាសិកហ្គក្វាវនេះដែរ រួចបានរៀនបន្តនៅវិទ្យាល័យជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង។ ព្រោះហេតុនោះ ឆ្នាំសិក្សានេះ ខ្ញុំសម្រេចចិត្តឱ្យកូនស្រីចូលរៀននៅសាលាជនជាតិអន្តេវាសិកទៀត។ កូនស្រី មានការបារម្ភជាង ប៉ុន្តែខ្ញុំទុកចិត្តលើលោកគ្រូ អ្នកគ្រូរបស់សាលា”។
មិនចំពោះតែសាលាជនជាតិអន្តេវាសិកត្រៀមបម្រុងល្អ ដើម្បីទទួលសិស្សនាឆ្នាំសិក្សាថ្មីនោះទេ គឺសាលាផ្សេងៗទៀតដែលមានសិស្សជនជាតិខ្មែររៀនសូត្រកុះករ ក៏បានត្រៀមលក្ខណៈជាស្រេចផងដែរ។ លោកគ្រូឌោដាក់ក្វាង នាយកសាលាបឋមសិក្សាកើ-ដ១ ស្រុកកើ-ដ ក្រុងកឹងធើ ឱ្យដឹង៖ “សាលាស្ថិតនៅភូមិថើយហ្វា B ជាភូមិមានជនជាតិខ្មែរច្រើនជាងគេនៅក្នុងស្រុក ហេតុនោះក្នុងរដូវវិស្សមកាល សាលាបានចាត់គ្រូបង្រៀនធ្វើការទំនាក់ទំនងក្តាប់បញ្ជីសិស្សខ្មែរ ដែលរៀនចប់មត្តេយ្យសិក្សា អាយុ៥ឆ្នាំ និងរួមជាមួយភូមិភាគ ពិនិត្យផ្ទៀងផ្ទាត់ប្អូនៗដែលរស់នៅលើភូមិសាស្រ្ត ប៉ុន្តែមិនបានចូលរៀនមតេ្តយ្យដែលស្ថិតក្នុងអាយុរៀនថ្នាក់ទី១។ បន្ទាប់ពីក្តាប់បានបញ្ជីឈ្មោះរួចនិងបែងចែកសមត្ថភាពនិយាយភាសាវៀតរបស់ប្អូនៗ សាលាបានចាត់គ្រូទទួលបន្ទុកបំប៉នភាសាវៀតដល់សិស្សជនជាតិខ្មែរ ដើម្បីប្អូនៗអាចតាមទាន់មេរៀននៅពេលចូលរៀនជាផ្លូវការ”។
លោកគ្រូង្វៀងង៉ុកខ្វាង ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកត្រាអូង ខេត្តវិញឡុង ឱ្យដឹង៖ “សាលានានានៅតំបន់ជនជាតិតឹងមី និងត្រាកូង បានរដ្ឋយកចិត្តទុកដាក់វិនិយោគ ហេតុនោះបានសម្រេចបទដ្ឋានជាតិស្ទើរតែទាំងអស់”។ ព្រោះហេតុនោះ ការងារត្រៀមលក្ខណៈបើកបវេសនកាលក៏មានភាពងាយស្រួល ម្ល៉ោះហើយសិស្សជនជាតិខ្មែរលើភូមិសាស្រ្ត មានក្តីរីករាយពេលឈានចូលឆ្នាំសិក្សាថ្មី២០២៤- ២០២៥”៕
ហាថាញ-ប្រែសម្រួល៖ វិមាន