ថ្មីៗនេះ ខុទ្ទកាល័យរដ្ឋាភិបាលបានចេញលិខិតផ្លូវការលេខ ៩៨៥៩/VPCP-KGVX ចុះថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ ដោយផ្សព្វផ្សាយនូវមតិដឹកនាំរបស់នាយករដ្ឋមន្ត្រី ផាមមិញជិញ ស្តីពីការឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាម និងទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានឯកភាពលើផែនការឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាម បិញង៉ រយៈពេល ៩ ថ្ងៃជាប់ៗគ្នា។
ជាក់ស្តែង នាយករដ្ឋមន្ត្រី ផាមមិញជិញ បានឯកភាពជាមួយនឹងសំណើរបស់ក្រសួងមហាផ្ទៃ (ក្នុងលិខិតផ្លូវការលេខ ៨៧៦៤/BNV-CVL ចុះថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៥) ស្តីពីផែនការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីវៀតណាម និងទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានជូនដំណឹងដល់ស្ថាប័នរដ្ឋបាល អង្គភាពបម្រើបុព្វហេតុរដ្ឋ អង្គការនយោបាយ អង្គការនយោបាយ-សង្គម ព្រមទាំងសហគ្រាស និងកម្មករនិយោជិតតាមបទប្បញ្ញត្តិ។
បណ្តាស្ថាប័ន និងអង្គភាពត្រូវរៀបចំ ចាត់ចែងផ្នែកប្រចាំការតាមបទប្បញ្ញត្តិ និងធ្វើការដោយសមស្រប ដើម្បីដោះស្រាយការងារប្រកបដោយនិរន្តរភាព ធានាដល់ការបម្រើសេវាជូនប្រជាជន។
បណ្តាក្រសួង ស្ថាប័ន និងរដ្ឋអំណាចភូមិភាគត្រូវមានផែនការ វិធានការជាក់លាក់ និងសមស្រប ដើម្បីលើកទឹកចិត្តដល់អង្គភាព សហគ្រាស អង្គការ និងបុគ្គលម្នាក់ៗ សកម្មនិងម្ចាស់ការផ្សព្វផ្សាយអនុវត្តនូវបណ្តាវិធានការអភិវឌ្ឍផលិត ធ្វើអាជីវកម្ម សកម្មភាពសេដ្ឋកិច្ច-សង្គម ធានាការផ្គត់ផ្គង់និងតម្រូវការទំនិញ សេវាកម្ម ស្ថិរភាពតម្លៃ និងទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អនុវត្តការសន្សំសំចៃ ប្រឆាំងនឹងការខ្ជះខ្ជាយ ក្នុងអំឡុងពេលមុន ក្នុងនិងក្រោយពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីវៀតណាម និងទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦។
* មុននេះ ក្រសួងមហាផ្ទៃបានចេញលិខិតផ្លូវការលេខ ៨៧៦៤/BNV-CVL ចុះថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៥ ដាក់ជូននាយករដ្ឋមន្ត្រី ស្នើអំពីផែនការឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាម និងទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦។ តាមផែនការដែលបានស្នើឡើងដោយក្រសួងមហាផ្ទៃ អ្នករដ្ឋការ បុគ្គលិករដ្ឋនឹងឈប់សម្រាកបុណ្យចូលឆ្នាំវៀតណាម ចាប់ពីថ្ងៃសៅរ៍ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃទី ២៧ ខែ ១២ តាមច័ន្ទគតិ ឆ្នាំអឹកទី) រហូតដល់ថ្ងៃអាទិត្យ ទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃទី ៦ ខែ ១ តាមច័ន្ទគតិ ឆ្នាំបិញង៉)។ ដូច្នេះ ការឈប់សម្រាកបុណ្យចូលឆ្នាំបិញង៉ មានរយៈពេល ៩ ថ្ងៃជាប់ៗគ្នា រួមមាន ៥ ថ្ងៃឈប់សម្រាកតាមបទប្បញ្ញត្តិនៃក្រមការងារ និង៤ ថ្ងៃឈប់សម្រាកចុងសប្តាហ៍។
ក្រសួងមហាផ្ទៃក៏បានស្នើផងដែរថា ក្នុងឱកាសឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦ អ្នករដ្ឋការ បុគ្គលិករដ្ឋនឹងឈប់សម្រាកនៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦ (តាមសុរិយគតិ) និង ១ ថ្ងៃ មុនថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦; ដោយមានការផ្លាស់ប្តូរថ្ងៃធ្វើការនៅថ្ងៃច័ន្ទ (ទី ៣១ ខែសីហា ឆ្នាំ២០២៦) ទៅថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ថ្ងៃសៅរ៍ (ទី ២២ ខែសីហា ឆ្នាំ២០២៦) វិញ។ អ្នករដ្ឋការ បុគ្គលិករដ្ឋនឹងឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦ ចាប់ពីថ្ងៃសៅរ៍ ទី ២៩ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃពុធ ទី ២ ខែកញ្ញា ឆ្នាំ២០២៦ (តាមសុរិយគតិ)។ ដូច្នេះ ក្នុងឱកាសឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦ អ្នករដ្ឋការ បុគ្គលិករដ្ឋនឹងត្រូវបានឈប់សម្រាករយៈពេល ៥ ថ្ងៃ (រួមមាន ២ ថ្ងៃឈប់សម្រាកទិវាបុណ្យឯករាជ្យជាតិតាមបទប្បញ្ញត្តិ, ២ ថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍ និង ១ ថ្ងៃដែលបានផ្លាស់ប្តូរជាមួយថ្ងៃឈប់សម្រាកប្រចាំសប្តាហ៍)៕
តៀកធឺ (គេហទំព័រ baochinhphu.vn) - សុផន