ជា “ស្ពានតភ្ជាប់” របស់ធនាគារគោលនយោបាយសង្គមអំពីប្រភពទុនបុលអាទិភាពដល់សមាជិកានារី ប៉ុន្មានឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំធ្វឹងហ្វា ទីក្រុងកឹងធើ តែងរួមដំណើរជាមួយសមាជិកា ជួយបងប្អូននារីអភិវឌ្ឍការផលិត ឈានឡើងចាកភាពក្រីក្រ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់លទ្ធភាពសេដ្ឋកិច្ចនិងតួនាទីរបស់នារីក្នុងគ្រួសារនិងសង្គម។

ទម្រង់ចិញ្ចឹមគោនាំមកប្រសិទ្ធភាពរបស់គ្រួសារអ្នកមីង ឡឹមធីហៀង នៅភូមិភឿកហ្វា ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ។
គ្រួសារអ្នកមីងឡឹមធីហៀង នៅភូមិភឿកហ្វា ឃុំធ្វឹងហ្វា ជាគ្រួសារមានជីវភាពលំនឹង អាស្រ័យប្រភពទុនគោលនយោបាយសង្គម អ្នកមីងហៀង ឱ្យដឹង៖ “ពីមុន ជីវភាពគ្រួសារជួបការលំបាក ប្តីប្រពន្ធខ្ញុំបានរិះរករបៀបធ្វើសេដ្ឋកិច្ច ប៉ុន្តែខ្វះដើមទុន។ តាមរយៈសមាគមសហព័ន្ធនារីឃុំធ្វឹងហ្វា ឆ្នាំ ២០១៥ ខ្ញុំបុលទុន ៣០ លានដុងពីធនាគារគោលនយោបាយសង្គម។ ពេលមានដើមទុន ខ្ញុំវិនិយោគទិញគោបង្កាត់ស៊ីន”។ អាស្រ័យឧស្សាហ៍ចូលរួមវគ្គហ្វឹកហ្វឺនបច្ចេកទេសជឿនលឿនក្នុងការដាំដុះនិងចិញ្ចឹមសត្វ។ ហេតុនេះ ហ្វូងគោរបស់គ្រួសារគាត់ធំធាត់ល្អ ហើយរៀងរាល់ឆ្នាំគោកើតកូនបាន ១ ក្បាល។ បន្ទាប់ពីលក់ ៤ លើកប្រមាណ ១០ ក្បាល សព្វថ្ងៃគ្រួសារគាត់នៅគោ ៩ ក្បាល។ អ្នកមីងហៀង ចែករំលែក៖ “ចិញ្ចឹមគោផ្តល់ប្រាក់ចំណូលប្រមាណ ៤៥ លានដុងក្នុងមួយឆ្នាំ។ ឆ្លៀតប្រើប្រាស់ផ្ទៃដីជុំវិញផ្ទះដាំដំណាំរួមផ្សំ ក្នុងនោះ មានម្ទេសនិងស្ពៃក្តោបជាដើម ខ្ញុំដាំ២រដូវក្នុងមួយឆ្នាំ នាំមកប្រាក់ចំណូលប្រមាណ ៣០ លានដុង”។ ដោយបំណងចង់ចាកផុតពីភាពក្រីក្រ ក៏ខិតខំប្រឹងប្រែងឥតឈប់ឈរ មកដល់បច្ចុប្បន្ន ជីវភាពគ្រួសារអ្នកមីងហៀង មានភាពលំនឹងនិងចាកផុតពីភាពក្រីក្រ។ ចំណែកគ្រួសារបងស្រី ង្វៀងធីវាញ់ នៅភូមិត្រាកាញ់ B ឃុំធ្វឹងហ្វា ក៏មានបំណង ឈានឡើងចាកផុតពីភាពក្រីក្រ ពីមុន ជីវភាពគ្រួសារជួបលំបាកខ្លាំង គ្មានដីបង្កបង្កើនផល ប្តីប្រពន្ធតែងដើរស៊ីឈ្នួល ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ឆ្នាំ ២០១៤ បានសមាគមនារីឃុំ បង្កលក្ខណៈឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមចំនួន ១២ លានដុង ប្តីប្រពន្ធគាត់ចាប់ផ្តើមវិនិយោគចិញ្ចឹមជ្រូកមេ។ បងស្រីវាញ់ ឱ្យដឹង៖ “ដំបូងដោយសារពុំទាន់មានបទពិសោធន៍ក្នុងការចិញ្ចឹមថែទាំ ដូច្នេះ គ្រួសារខ្ញុំចិញ្ចឹមជ្រូកមេតែ ៥ ក្បាល ក្រោយមកគាត់ស្វែងយល់ពីបច្ចេកទេស មានបទពិសោធន៍ក្នុងការចិញ្ចឹមថែទាំ ទើបទម្រង់នាំមកប្រសិទ្ធភាពជាបណ្តើរៗ។ ផ្តើមពីជ្រូកមេ ៥ ក្បាលដំបូង ឥឡូវនេះកើនឡើង ១៦ ក្បាល។ រៀងរាល់ឆ្នាំជ្រូកមេកើតកូនបាន ២ ល្បាស់ មួយល្បាស់ពី ៨-១០ ក្បាល លក់កូនជ្រូកតម្លៃពី ១.២០០.០០០-១.៣០០.០០០ ដុង ក្នុងមួយក្បាល”។ ទម្រង់ចិញ្ចឹមជ្រូកមេបាននាំមកប្រាក់ចំណូលដល់គ្រួសារគាត់ប្រមាណ ២០០ លានដុងក្នុងមួយឆ្នាំ អាស្រ័យហេតុនេះ សេដ្ឋកិច្ចគ្រួសារបានកែលម្អ។ អាចនិយាយបានថា នេះគឺជាប្រភពចំណូលដែលគួរឱ្យចង់បានសម្រាប់សមាជិកនារី ដែលអភិវឌ្ឍសេដ្ឋកិច្ចដោយប្រភពទុនឥណទានគោលនយោបាយសង្គម។
សមមិត្ត ឌាំងធីយ៉េមភឿង ប្រធានសមាគមសហព័ន្ធនារីឃុំធ្វឹងហ្វា ឱ្យដឹង៖ “ដើម្បីពង្រីកប្រសិទ្ធភាពជាងទៀតអំពីប្រភពទុនគោលនយោបាយសង្គម នៅពេលខាងមុខ សមាគមនឹងបង្កើនកិច្ចសហការជាមួយផ្នែកជំនាញ រៀបចំវគ្គហ្វឹកហ្វឺនវិទ្យាសាស្ត្រ បច្ចេកទេសជឿនលឿន ដល់សមាជិកឧបត្ថម្ភប្រភពទុនបុលអាទិភាព ដើម្បីសមាជិកាមានលក្ខណៈអនុវត្តទម្រង់ផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូល ឈានឡើងធ្វើមានស្របច្បាប់៕
អត្ថបទនិងរូបថត៖ ថាញវ៉ាង-ប្រែសម្រួល៖ មុនី