ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរតំបន់បៃណូយ (អាងយ៉ាង) សាលាសំណាក់ គឺជាសំណង់មួយប្រកបដោយអត្ថន័យដ៏ពិសេស។ សំណង់នេះ មិនត្រឹមតែបម្រើសេចក្ដីត្រូវការសម្រាប់អ្នកដំណើរប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ជាមួយជីវភាពជំនឿសាសនា ពលកម្មផលិត និងស្មារតីសហគមន៍របស់ជនរួមជាតិខ្មែរ។

សាលាសំណាក់ដើមពោធិ៍ បានសាងសង់មានក្បូរក្បាច់យ៉ាងពិសេស។
តាមការរៀបរាប់របស់ព្រឹទ្ធាចារ្យនៅទីនោះ ប្រពៃណីនៃការសាងសង់សាលាសំណាក់អនុវត្តតាមទ្រឹស្ដីពុទ្ធសាសនា ការសាងសង់សាលាសំណាក់មានផលានិសង្សច្រើន។ បុរាណលោកបានផ្គួបបញ្ចូលទ្រឹស្ដីពុទ្ធសាសនាទៅនឹងលក្ខណៈនៃជីវភាពជាក់ស្ដែង ដើម្បីកសាងបានសាលាសំណាក់នេះឡើង បម្រើតម្រូវការរបស់អ្នកដំណើរផង និងបង្ហាញពីស្មារតីមនុស្សធម៌ផង។
សាលាសំណាក់ បានកសាងនៅតាមដងផ្លូវ ឬក្នុងភូមិ។ ដ្បិតថា ពីដើមការធ្វើដំណើរភាគច្រើនគឺដោយថ្មើរជើង ត្រង់ហ្នឹងហើយជាកន្លែងសម្រាប់ឈប់សម្រាក ជ្រកភ្លៀង ជ្រកក្ដៅ។ សាលាសំណាក់ មានទំហំធំសមល្មម មិនធ្វើជញ្ជាំងដើម្បីមានខ្យល់អាកាសចេញចូល ខាងក្នុងតម្កល់ពាងទឹក មានកន្លែងអង្គុយសម្រាក ចួនកាលអាចដេកបណ្ដោះអាសន្នកន្លងរាត្រីទៀតផង។
តាមថេដីការព្រះតេជព្រះគុណចៅដូរ៉ន គង់នៅវត្តជីក្អេងក្រោម ឃុំត្រីតូង សាលាសំណាក់បានសាងសង់ឡើងដោយអ្នកដែលមានទ្រព្យធនក្នុងភូមិ ហើយភាគច្រើនតែងបានយកឈ្មោះអ្នកកសាងសម្រាប់ដាក់ជាឈ្មោះសាលាសំណាក់ ដូចជា សាលាតាទាប សាលាតាទី អណ្ដូងតាងិង តាពោងជាដើម ឬក៏ដាក់តាមឈ្មោះភូមិក៏មាន។ ចំពោះមុខស្ថានភាពសាលាសំណាក់ចាស់ទ្រុឌទ្រោម ព្រះចៅអធិការវត្តនិងពុទ្ធបរិស័ទជំហររៃអង្គាសប្រាក់សម្រាប់ជួសជុលឬក៏សាងសង់ថ្មីឡើងវិញ ដើម្បីអភិរក្សកេរដំណែលដែលដូនតាបន្សល់ទុកមក។ ក្រៅពីមានប្រយោជន៍ជាជម្រកបណ្ដោះអាសន្ន រៀងរាល់ឆ្នាំមានសាលាសំណាក់មួយចំនួន ក៏យកធ្វើជាកន្លែងប្រារព្ធពិធីបុណ្យកម្សាន្តភូមិទៀតផង។

សាលាសំណាក់វត្តតាប៉ា។
ក្រៅពីនោះ សាលាសំណាក់គឺជាកន្លែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការធ្វើកសិកម្ម។ នៅតាមទីវាលដែលទឹកលិចនៃតំបន់បៃណូយ កសិករតែងសង់សាលាសំណាក់ដើម្បីធ្វើជាជម្រកបណ្ដោះអាសន្នក្នុងរដូវភ្លៀង។ ហើយទីនេះ ក៏ជាកន្លែងដែលពួកគាត់ដោះដូរបទពិសោធន៍ក្នុងការបង្កបង្កើនផល ជួយគ្នាទៅវិញទៅមកក្នុងការងារស្រែចម្ការ។
តាមប្រសាសន៍លោកចៅច័ន្ទ ឃុំទ្រីតូង ប្រមាណជាង ២០ ឆ្នាំមុន រួមជាមួយនឹងការអភិវឌ្ឍរបស់សង្គម ផ្លូវគមនាគមន៍កាន់តែមានភាពងាយស្រួល តម្រូវការប្រើប្រាស់សាលាសំណាក់ក៏ថយចុះទៅតាមនោះ។ យានជំនិះគ្រប់ប្រភេទបានជំនួសឱ្យការធ្វើដំណើរដោយថ្មើរជើង ទោះបីមានចម្ងាយផ្លូវឆ្ងាយម្ដេចក៏មិនជាបញ្ហា។ ហេតុនេះ មានសាលាសំណាក់ជាច្រើនហាក់ដូចគ្មានអ្នកដំណើរចូលជ្រកទៀត ជាហេតុបណ្ដាលឱ្យសាលាសំណាក់ខ្លះបានចាស់ទ្រុឌទ្រោម ខ្លះទៀតត្រូវបានបោះបង់ចោលតែម្ដង។
ភាពជាក់ស្ដែងនៅតាមភូមិស្រុកតំបន់បៃណូយ ឃើញមានសាលាសំណាក់ជាច្រើនសព្វថ្ងៃបានប្ដូរមុខងារ ហើយមានកន្លែងខ្លះបានខួចបាក់បែក លែងបម្រើតម្រូវការដូចមុនទៀត។ ការផ្លាស់ប្ដូរនោះ បានឆ្លុះបញ្ចាំងពីចរន្តសង្គមដើរទាន់សម័យ ប៉ុន្តែក៏ជាបញ្ហាចោទមួយក្នុងការអភិរក្សតម្លៃវប្បធម៌ប្រពៃណីដែរ។
ទោះបីមិនមានភាពអ៊ូអរដូចកាលពីមុន ប៉ុន្តែតម្លៃស្មារតីនិងវប្បធម៌នៃសាលាសំណាក់នៅតែរក្សាភាពដើម។ នោះគឺជានិមិត្តរូបនៃទឹកចិត្តមនុស្សធម៌ ស្មារតីសហគមន៍និងតម្លៃនៃទ្រឹស្ដីពុទ្ធសាសនាដ៏ជ្រាលជ្រៅ។ ការអភិរក្សសាលាសំណាក់នេះ មិនត្រឹមតែជាការអភិរក្សនូវសំណង់ស្ថាបត្យកម្មនោះទេ លើសពីនេះគឺជាការអភិរក្សលក្ខណៈពិសេសនៃអត្តសញ្ញាណខ្មែរនៅតំបន់បៃណូយ ទន្ទឹមនឹងនោះ ក៏ជាការបន្សល់ទុកនូវកេរដំណែលដ៏វិសេសវិសាលដល់បច្ឆាជនជំនាន់ក្រោយ៕
វុឌ្ឍា - ពេជ្រសឿន