មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

22/10/2025 - 08:57

រក្សា​មត៌ក​ត្បាញ​ហូល​ប្រ​ពៃ​ណី​នៅ​ឃុំ​អាង​កឺ 

ក្នុង​សម័យ​ទំ​នើប​នេះ​ នៅ​ភូមិ​ស្រី​សា​កូត​ ឃុំ​អាង​កឺ ខេត្ត​អាង​យ៉ាង​ នៅ​តែ​ឮ​សូរ​សំ​ឡេង​ត្រល់​និង​កី​តម្បាញ។ នេះ​ជា​សំ​ឡេង​យ៉ាង​ស្និទ្ធ​ស្នាល​នៃ​អ្នក​ប្រ​កប​មុខ​របរ​ត្បាញ​ហូល​ប្រ​ពៃ​ណី​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ​ជា​ច្រើន​ជំ​នាន់​មក​ហើយ​។ អ្នក​រួម​ចំ​ណែក​ថែរក្សា​និង​ពង្រីក​មុខ​របរ​ត្បាញ​គឺ​បង​ស្រី​នាង​ចន្ទី ម្ចាស់​មូល​ដ្ឋាន​ត្បាញ​ហូល ហើយ​ក៏​ជា​អ្នក​បង្រៀន​របរ​ដល់​ស្រ្តី​ជា​ច្រើន​នៅ​ក្នុង​តំ​បន់​ផង​ដែរ​។

ផលិត​ផល​ដែល​បង​ស្រី​នាង​ចន្ទី​ត្បាញ។

កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ប្រ​ពៃ​ណី​ត្បាញ​ហូល បង​ស្រី​នាង​ចន្ទី រៀន​ត្បាញ​តាំង​ពី​អា​យុ​១៦​ឆ្នាំ​មក​ម៉្លេះ​ មក​ទល់​បច្ចុ​ប្បន្ន​មាន​រយៈ​ពេល​២៦ឆ្នាំ។ មុខ​របរ​នេះ​បាន​ស្នង​បន្ត៤ជំ​នាន់​ ក្នុង​គ្រួ​សារ​បង​ស្រី​ គឺ​តាំង​ពី​ជំ​នាន់​យាយ​ទួត​រហូត​មក​ទល់​បច្ចុប្បន្ន។

បច្ចុប្បន្ន​ នៅ​ភូមិ​ស្រី​សា​កូត​ មាន​ជាង​ ៦០ គ្រួ​សារ​ដែល​កំ​ពុង​រក្សា​របរ​ត្បាញ​ហូល។ មូល​ដ្ឋាន​តម្បាញ​របស់​នាង​ចន្ទី គឺ​ទី​តាំង​លេច​ធ្លោ​ដោយ​មានផលិត​ផល​ច្រើន​ បាន​ទី​ផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​ពេញ​និយម​។ បង​ស្រី​បាន​ចែក​រំលែក​ អតិថិ​ជន​របស់​គាត់​គឺ​មក​ពី​កន្លែង​នា​នា៖ ជន​ជាតិ​ចាម​ដាក់​ទំ​និញ​តាម​ម៉ូដ​ដោយ​ឡែក​សម្រាប់​នាំ​ទៅ​លក់​ មួយ​ចំ​ណែក​ទៀត​អា​ស្រ័យ​ម៉ូយ​របស់​ម្តាយ​បង​ស្រី​ ដែល​ធ្លាប់​នាំ​ទៅ​លក់​នៅ​កម្ពុជា​ ចំ​ណែក​អតិថិ​ជន​ក្នុង​ស្រុក​ភាគ​ច្រើន​គឺ​មា​មីង​នៅ​តំ​បន់​ទ្រី​តូង​ ព្រម​ទាំង​មាន​ជន​ជាតិ​កិញ​ខ្លះ​មក​ទិញ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ស្គាល់​ផលិត​ផល​របស់​បង​ស្រី​តាម​រយៈ​កា​សែត​ និង​វិទ្យុ​ ទូរ​ទស្សន៍។

ផលិត​ផល​របស់​បង​ស្រី​មាន​ច្រើន​ប្រ​ភេទ​ ដូច​ជា៖ ហូល ក្រ​មា ត្រៃ​ចីវរ ព្រែ​ល្បើក​។ល។ ផលិត​ផល​សា​មញ្ញ​បំ​ផុត​ក៏​ត្រូវ​ចំ​ណាយ​ពេល​កន្លះ​ខែ ចំ​ណែក​ផលិត​ផល​ដែល​មាន​ភាព​ពិ​សេស​អាច​ចំ​ណាយ​ពេល​ដល់​ទៅ​មួយ​ខែ។ បង​ស្រី​នាង​ចន្ទី ឱ្យ​ដឹង​៖ “ខ្ញុំ​ត្បាញ​សឹង​តែ​រាល់​ថ្ងៃ​ ជួន​ថ្ងៃ​ខ្លះ​ធ្វើ​ការ​ដល់​ម៉ោង​ ១០​-១១ យប់​ទៀត​ផង។ ការ​ធ្វើ​អា​ជីវ​កម្ម​ មុខ​របរ​នេះ​ហត់​នឿយ​ណាស់​ ប៉ុន្តែ​បើ​ជួល​មនុស្ស​ធ្វើ​គឺ​មិន​អស់​ពី​ចិត្ត​ទេ។ ការ​ជ្រ​លក់​សូត្រ​ដោយ​ដៃ​ខុស​បន្តិច​គឺ​ពណ៌​មិន​ដូច​គ្នា  អតិ ថិ​ជន​អស់​ទំ​នុក​ចិត្ត”។

បច្ចុប្បន្ន​ មធ្យម​ក្នុង​មួយ​ថ្ងៃ​បង​ស្រី​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​៥០០ពាន់​ដុង។ ទោះ​បី​ដូច្នោះ​ក្ដី​ ប្រ​ការ​ដែល​គាត់​ចាប់​អា​រម្មណ៍​ជាង​គេ គឺមិន​មែន​ជា​ប្រាក់​ចំ​ណេញ​នោះ​ទេ គឺ​កិត្យា​នុភាព​ និង​គុណ​ភាព​ផលិត​ផល។ “ឮ​គេ​ល្បី​ថា​ខ្ញុំ​ផលិត​បាន​ល្អ ទើប​ខ្ញុំ​រក្សា​បាន​ម៉ាក​យី​ហោ។ ខ្ញុំ​ជួល​អ្នក​ត្បាញ​ និង​រវៃ​សូត្រ​ប៉ុណ្ណោះ​ ចំ​ណែក​ជ្រ​លក់​ពណ៌​ និង​ធ្វើ​ឱ្យ​សម្រេច​ផលិត​ផល​គឺ​ខ្ញុំ​ធ្វើ​ដោយ​ខ្លួន​ឯង​ទាំង​អស់​” បង​ស្រី​នាង​ចន្ទី​ បានរៀប​រាប់​ដូច្នោះ។

  បង​ស្រី​នាង​ចន្ទី កំ​ពុង​ត្បាញ​សំ​ពត់​ចីវរ។

មិន​ត្រឹម​តែ​ជា​ជាង​ប៉ិន​ប្រ​សប់​នោះ​ទេ បង​ស្រី​នាង​ចន្ទី ថែម​ទាំង​ជា​អនុ​ប្រ​ធាន​សហ​ករណ៍​តម្បាញ​ហូល​ឃុំ​អាង​កឺ​ទៀត​ផង។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១០ មក បង​ស្រី​បាន​បើក​បង្រៀន​តម្បាញ​បាន ១៥ ថ្នាក់​ដល់​ស្ត្រី​នៅ​ក្នុង​ឃុំ​ ថ្នាក់​នីមួយៗ​មាន​សិក្ខា​កាម​ប្រ​មាណ​៣០នាក់​ ជួយ​ពល​ករ​ជា​ច្រើន​ក្នុង​ភូមិ​ភាគ​មាន​មុខ​របរ​រក​ស៊ី​លំ​នឹង។ ថ្នាក់​រៀន​ភាគ​ច្រើន​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​ សំ​ដៅ​រក្សា​នូវ​មុខ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

សម្រាប់​បង​ស្រី​ មុខ​របរ​ត្បាញ​មិន​ត្រឹម​តែ​នាំ​មក​នូវ​តម្លៃ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​មោទន​ភាព​នៃ​វប្ប​ធម៌​ទៀត​ផង។ បង​ស្រី​នាង​ចន្ទី ចែក​រំលែក៖ “ការ​ប្រ​កប​មុខ​របរ​នេះ​មិន​ត្រឹម​តែ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ដើម្បី​រក្សា​អត្ត​សញ្ញាណ​ជន​ជាតិ​ទៀត​ផង បើ​ខ្ញុំ​មិន​ធ្វើ​ទេ មុខ​របរ​នឹង​ត្រូវ​បាត់​បង់​ ហើយ​បើ​បាត់​បង់​មុខ​របរ​មាន​ន័យ​ថា បាត់​បង់​មួយ​ចំ​ណែក​នូវ​វប្ប​ធម៌​ខ្មែរ”។

ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​ បង​ស្រី​បាន​ទទួល​ស្គាល់​នូវ​ស្នា​ដៃ​ជា​ច្រើន​ដូច​ជា៖ ការ​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ខេត្ត​អាង​យ៉ាង​ កិត្តិ​នាម​ជា​ជាង​ពូកែ​ថ្នាក់​ខេត្ត​ឆ្នាំ​២០១៥ កសិករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ឃុំ​ ដំ​ណាក់​កាល ២០១៩-២០២១ រួម​ជា​មួយ​នឹង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់។ ជា​ពិ​សេស​ ផលិត​ផល​ហូល​របស់​បង​ស្រី​បាន​ទទួល​ស្គាល់​ OCOP លំ​ដាប់​ផ្កាយ ៣ ថ្នាក់​ខេត្ត​ រួម​ចំ​ណែក​បញ្ជាក់​ពី​តម្លៃ​និង​ម៉ាក​ផលិត​ផល​ប្រ​ពៃ​ណី​ខ្មែរ​ខេត្ត​អាង​យ៉ាង៕

                                       វឌ្ឍា - ថាច់​ធី

ចែករំលែកអត្ថបទ