កីឡា - ទេសចរណ៍ ទេសចរណ៍

08/10/2025 - 19:20

ទស្សនា​កម្សាន្ត​រមណី​យដ្ឋាន​ថ្នាក់​ជាតិ​ស្រះ​ដូន​អន 

ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​ត្រា​វិញ (ចាស់​) ប្រ​ហែល​ ៥ គី​ឡូ​ម៉ែត្រ​ឆ្ពោះ​ទៅ​ទិស​និរតី​ គឺ​ទៅ​ដល់​ស្រះ​ដូន​អន បច្ចុ​ប្បន្ន​មាន​ទី​តាំង​នៅ​ភូមិ​តា​គូ សង្កាត់​ង្វៀក​ហ្វា ខេត្ត​វិញ​ឡុង​។ នៅ​ស្រះ​ដូន​អន​មាន​ទេស​ភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រ​កាល​ មាន​ដើម​ឈើ​ធំៗ​រាប់​រយ​ដើម​ចោល​ម្លប់​ត្រ​ឈឹងត្រ​ឈៃ ក៏​ដូច​ជា​មាន​រឿង​ព្រេង​និទាន​ដ៏​អស្ចារ្យ​ទាក់​ទង​នឹង​ជីវ​ភាព​ វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ សព្វ​ថ្ងៃ​ស្រះ​ដូន​អន​បាន​ក្លាយ​ជាកន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​យ៉ាង​ច្រើន។

ខ្លោង​ទ្វារ​ចូល​ស្រះ​ដូន​អន។

ស្រះ​ដូន​អន អ្នក​ខ្លះ​ហៅ​ថា​ស្រះ​ស្រី​ឬ​ ស្រះ​គូ​ ព្រោះ​ពី​ដើម​មាន​ស្រះ​ដល់​ទៅ​ពីរ គឺ​ស្រះ​ប្រុស​និង​ស្រះ​ស្រី​។ ចំ​ពោះ​ឈ្មោះ​ ហៅ​នេះ​ទៀត​សោត គឺ​មាន​ការ​លើក​ឡើង​ជា​ច្រើន​ ប៉ុន្តែ​យើង​ច្រើន​ឮ​រឿង​ព្រេង​និ​ទាន​ដែល​ទាក់​ទង​នឹង​ការ​ប្រ​ឡង​ជីក​ស្រះ​រវាង​ក្រុម​បុរស​និង​ក្រុម​នារី​ ដើម្បី​កំណត់​ “អ្នក​ណា​ចាញ់​ត្រូវ​ចូល​ស្ដី​ដណ្ដឹង​អ្នក​ឈ្នះ​” នៅ​ក្នុង​សង្គម​ខ្មែរ​បុរាណ។ ជា​មួយ​នឹង​ភាព​វៃ​ឆ្លាត​និង​យុទ្ធ​សាស្ត្រ ដូន​អន​បាន​ដឹក​នាំ​ក្រុម​នារី​យក​ឈ្នះ​លើ​ការ​ប្រ​កួត​ជីក​ស្រះ​នេះ​ ហើយ​បង្កើត​បាន​ស្រះ​មួយ​យ៉ាង​ធំ។ ដើម្បី​រំលឹក​គុណូប​ការ​នោះ​ គេ​បាន​ដាក់​ឈ្មោះ​ស្រះ​តាម​នាម​របស់​គាត់។ ថ្វី​ដ្បិត​តែ​រឿង​ព្រេង​និ​ទាន​មាន​ភាព​ស្រ​មើស្រ​មៃ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​វប្ប​ធម៌​ខ្មែរ​យ៉ាង​ច្បាស់​ ទន្ទឹម​នឹង​នោះ​ លើក​តម្កើង​នូវ​ភាព​ឆ្លាត​វៃ តស៊ូ​ និង​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​របស់​នារី។

 រូប​ភាព​ដ៏​ស្រស់​ស្អាត​មួយ​ចំនួន​នៃ​ស្រះ​ដូន​អន (ស្រះ​ស្រី)។

ស្រះ​ដូន​អន មាន​ផ្ទៃ​ដី​ប្រ​មាណ​ជាង​ ១៨ ហិក​តា ក្នុង​នោះ​ផ្ទៃ​ទឹក​ជាង​ ៤២.០០០ ម៉ែត្រ​ការ៉េ។ ជុំ​វិញ​ស្រះ​គឺ​ឆ្នេរ​ខ្សាច់​គ្រប​ដណ្ដាប់​ដោយ​ម្លប់​ឈើ​ដ៏​ត្រ​ឈឹង​ត្រ​ឈៃ។ ដើម​ឈើ​ខ្លះ​អណ្ដែត​ឫស​ឡើង​ផុត​ដី ហើយ​មាន​រូប​សណ្ឋាន​ប្លែក​ភ្នែក​ បង្កើត​លក្ខណៈ​ពិសេស​ដោយ​ឡែក​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ទេស​ភាព​នៅ​ទី​នេះ​ស្ងប់​ស្ងាត់​ មនោ​រម្យ ស្រស់​ស្អាត​និង​មាន​ភាព​រហោ​ស្ថាន​ សម​ស្រប​ចំ​ពោះ​អ្នក​ដែល​ចង់​បាន​បរិយា​កាស​បៃ​តង​ ដើម្បី​សម្រាក​លំ​ហែ​កាយ ស្រូប​យក​ខ្យល់​អា​កាស​បរិសុទ្ធ​នៃ​ធម្ម​ជាតិ​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​អារម្មណ៍​ស្រស់​ស្រាយ​និង​មិន​អាច​ណា​បំ​ភ្លេច​បាន។

មក​កម្សាន្ត​ស្រះ​ដូន​អន ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​គយ​គន់​សម្រស់​ធម្ម​ជាតិ​ ស្វែង​យល់​ពី​រឿង​ព្រេង​វប្ប​ធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឱកាស​ចូល​រួម​ពិធី​បុណ្យ​ដ៏​សប្បាយ​អ៊ូ​អរ ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ណាម​បូ។ មិន​ត្រឹម​តែ​ជា​ទី​តាំង​ទេស​ចរណ៍​ប៉ុណ្ណោះ​ទេ ស្រះ​ដូន​អន​នៅ​ទាំង​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ ១៤ និង​ ១៥ កើត​ ខែ​កត្កិក ទី​នេះ​ក្លាយ​ជា​បរិយា​កាស​ដ៏​សំ​ខាន់​សម្រាប់​ពិធី​បុណ្យ​អក​អំ​បុក​-សំ​ពះ​ព្រះ​ខែ។ នៅ​ថ្ងៃ​បុណ្យ​ មាន​ភ្ញៀវ​ទេស​ចរ​និង​មនុស្ស​រាប់​ម៉ឺន​នាក់​ទាំង​ចតុទ្ទិស​បាន​មក​ជុំ​គ្នា​នៅ​ទី​នេះ។ ពួក​គាត់​ចូល​រួម​លេង​ល្បែង​ប្រ​ជា​ប្រិយ​ ទស្សនា​សិល្បៈ​ប្រ​ពៃ​ណី​ខ្មែរ​ ការ​តាំង​ពិ​ពណ៌​វប្ប​ធម៌​ ម្ហូប​អា​ហារ ជា​ពិសេស​ពិធី​សំ​ពះ​ព្រះ​ខែ-ជា​ពិធី​មួយ​ដ៏​សំ​ខាន់​ដើម្បី​ថ្លែង​អំ​ណរ​គុណ​ដល់​ព្រះ​ច័ន្ទ​បាន​ផ្ដល់​នូវ​ភោគ​ផល​ដំ​ណាំ​ដាំ​ដុះ​។ ពិធី​បុណ្យ​នេះ​មាន​ភាព​អ៊ូ​អរ ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ស្រះ​ដូន​អន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ដោះ​ដូរ​វប្ប​ធម៌​ដ៏​ល្អ​ប្រ​ណីត​របស់​ខេត្ត​វិញ​ឡុង​និយាយ​ដោយ​ឡែក​និង​ណាម​បូ​និយាយ​រួម។

ជា​មួយ​នឹង​តម្លៃ​លេច​ធ្លោ​ខាង​ប្រ​វត្តិ​សាស្រ្ត វប្ប​ធម៌​ និង​ទេស​ភាព​ស្រស់​ស្អាត​ នៅ​ថ្ងៃ​ទី ២០ ខែកក្កដា​ ឆ្នាំ​ ១៩៩៤ ស្រះ​ដូន​អន បានក្រ​សួង​វប្ប​ធម៌​ - ព័ត៌​មាន (បច្ចុប្បន្ន​ជា​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរ​ណ៍) ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ថ្នាក់​ជាតិ​ ជា​ប្រ​ភេទ​រមណី​យដ្ឋាន​ដ៏​ល្បី​ឈ្មោះ៕

                            អត្ថបទ​និង​រូប​៖ ទី​ទុយ

ចែករំលែកអត្ថបទ