26/09/2025 - 07:24

ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់​ការ​ប្រ​ណាំង 

ដើម្បី​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ​សម្រាប់​ពិធី​បុណ្យ​អក​អំ​បុក - ប្រ​ណាំង​ទូក - ង​ប្រ​ពៃ​ណី​ឆ្នាំ ២០២៥ មាន​ក្រុម​ទូក-ង​ជា​ច្រើន​នៃ​វត្ត​ពុទ្ធ​សាស​នា​ទក្ខិណ​និកាយ​ខ្មែរ នៅ​ទី​ក្រុង​កឹង​ធើ បាន​ត្រៀម​លក្ខណៈ​រួច​រាល់។ ឆ្នាំ​នេះ វត្ត​មួយ​ចំ​នួន​បាន​បោះ​ថ្មី​ជា​ប្រ​ភេទ​ទូក​លុង​និង​ជួស​ជុល​ទូក-ង​បន្ទះ​ក្តារ​ដោយ​មិន​ប្រើ​ដង​សន្ទូច បំ​ផុស​ក្តី​មោ​ទន​ភាព ហើយ​សន្យា​ថា ពិធី​បុណ្យ​អក​អំ​បុក​ដិត​ដាម​ដោយ​អត្ត​សញ្ញាណ​ជាតិ​ជា​មិន​ខាន។

​ កីឡា​ករ​ទាំង​ឡាយ​នៃ​វត្ត​បឹង​ក្រ​ចាប់​ថ្មី អុំ​ហាត់​សម។

ទូក​លុង​ជា​ប្រ​ភេទ​ទូក-ង​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ដាប់​ឆ្លាក់​ពី​ដើម​គគីរ​ធំ​ទាំង​មូល ប្រ​វែង​ជាង ៣០ ម៉ែត្រ ដែល​អាច​ចំ​ណុះ​អ្នក​អុំ​ជាង ៦០ នាក់។ ដើម្បី​បោះ​បាន​ទូក-ង​មួយៗ ជាង​ត្រូវ​ចំ​ណាយ​ពេល​ចាំង​លុង​ជា​ច្រើន​ខែ។ ការ​បោះ​ទូក-ង​គឺ​ជា​សិល្បៈ​នៃ​បច្ចេក​ទេស​ប្រ​ជា​ប្រិយ ប្រ​ពៃ​ណី បូក​ផ្សំ​នឹង​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់ ហ្មត់​ចត់​របស់​ជាង ដើម្បី​រក្សា​នូវ​កេរ​ដំ​ណែល​ដូន​តា​ដែល​បន្សល់​ទុក។

ប៉ុន្មាន​ថ្ងៃ​នេះ នៅ​ពេល​រសៀល កី​ឡា​ករ​ទូក-ង​តែង​ជួប​ជុំ​គ្នា​នៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ឃុំ​តឹង​ថាញ់ ដើម្បី​ហាត់​សម។ បរិយា​កាស​ហាត់​សម ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ផុស​ផុល​និង​ស្វា​ហាប់។ ព្រះ​តេជ​ព្រះ​គុណ​ថាច់​ធឿន ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​ក្រ​ចាប់​ថ្មី មាន​ថេរ​ដី​កា៖ “ឆ្នាំ​នេះ វត្ត​ទិញ​ទូក​លុង ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​រំភើប​ដែរ ហើយ​នាំ​គ្នា​ឈូ​ឆរ​មក​ហាត់​សម​ឆាប់​ជាង​រាល់​ឆ្នាំ។ បច្ចុប្បន្ន មាន​កី​ឡា​ករ​ជិត ១០០ នាក់ មក​ហាត់​សម​យ៉ាង​ស្វា​ហាប់ ដោយ​ជឿ​ជាក់​ថា​នឹង​ទទួល​លទ្ធ​ផល​ល្អ បំ​ផុត​ក្នុង​រដូវ​ប្រ​ណាំង​ទូក-ង ឆ្នាំ ២០២៥”។ ទូក​លុង​វត្ត​បឹង​ក្រ​ចាប់​ថ្មី បាន​ជាវ​ក្នុង​តម្លៃ​ជាង ៣០០ លាន​ដុង អា​ស្រ័យ​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន។

​ ទូក-ង​វត្ត​ឃ្លាំង អុំ​សាក​ល្បង​លើ​ដង​ព្រែក Maspero ទី​ក្រុង​កឹង​ធើ។

ចំ​ណែក​វត្ត​ឃ្លាំង នៅ​សង្កាត់​សុក​ត្រាំង បរិ​យា​កាស​ក៏​អ៊ូ​អរ​មិន​តិច​ដែរ ខណៈ​ពេល​មាន​អ្នក​ចេញ​ចូល​មើល​ជាង​ជួស​ជុល​ទូក-ង​បន្ទះ​ក្តារ ២ គ្រឿង ដោយ​មិន​ប្រើ​ដង​សន្ទូច គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង ២៥០ លាន​ដុង។ ក្នុង​នោះ ទូក​មួយ​ទុក​សម្រាប់​ប្រ​ណាំង ទូក​មួយ​ទុក​សម្រាប់​ហាត់​សម។ ក្រោយ​ពី​ជួស​ជុល​រួច វត្ត​នឹង​ធ្វើ​ពិធី​រំកិល​ទូក​ចុះ​ទឹក​អុំ​សាក​ល្បង ដោយ​មាន​កី​ឡា​ករ​ចូល​រួម​ហាត់​សម ៨០ នាក់។ លោក​លី​ភ័ណ្ឌ តំ​ណាង​ក្រុម​ទូក-ង​វត្ត​ឃ្លាំង ឱ្យ​ដឹង៖ “មុន​ពេល​ទូក-ង​ជួស​ជុល​រួច​រាល់ គឺ​បង​ប្អូន​កី​ឡា​ករ​បាន​មក​វត្ត​ហាត់​សម​យ៉ាង​ផុស​ផុល។ ខណៈ​ពេល​រំកិល​ទូក​ចុះ​ទឹក​លើដង​ព្រែក Maspero គឺ​ដៃ​ច្រ​វា​បាន​មក​ជុំ​គ្នា​អុំ​សាក​ល្បង។ ជា​មួយ​នឹង​ល្បឿន​លឿន​ដូច្នេះ យើង​ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​ក្នុង​ការ​ប្រ​ណាំង​ទូក-ង នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ”។

ការ​វិល​មក​ចូល​រួម​ប្រ​ណាំង​ឡើង​វិញ​នៃ​ទូក​លុង និង​ទូក-ង​មិន​ប្រើ​ដង​សន្ទូច​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក-ង ឆ្នាំ ២០២៥ មិន​ត្រឹម​តែ​ញុាំង​ពិធី​ប្រ​ណាំង​មាន​ភាព​ជក់​ចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កត់​សម្គាល់​នូវ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ដ៏​ប្រ​ពៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក​ទៀត​ផង៕

                         យ្វី​អាញ-លី​សៀ

ចែករំលែកអត្ថបទ