គម្រោង៦ស្តីពី “អភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីផូរផង់របស់ជនជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍទេសចរណ៍” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ បាននិងកំពុងបង្កជាកម្លាំងជំរុញយ៉ាងសំខាន់។ ឆ្លងតាមរយៈនោះ បានបំផុសនូវក្តីស្រឡាញ់និងមោទនភាពក្នុងការអភិរក្ស ពង្រីកនូវតម្លៃវប្បធម៌ប្រកបដោយលក្ខណៈពិសេសរបស់ជនជាតិនីមួយៗ។

ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរតែងបានអភិរក្សនិងពង្រីក។
លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ឱ្យដឹង៖ ចាប់ពីឆ្នាំ ២០២២ ទីក្រុងបានផ្សព្វផ្សាយសកម្មភាពជាច្រើនចំណុះគម្រោង ៦ ជាក់ស្តែង ដូច៖ ចាត់តាំងពិនិត្យស្រាវជ្រាវ បង្កើតឯកសារបេតិកភណ្ឌបាន ៩ លើក; អភិរក្សពិធីបុណ្យគំរូ ចំនួន ៥; ឧបត្ថម្ភសិប្បករជនជាតិខ្មែរ ៧ នាក់; បើកវគ្គហ្វឹកហាត់ ៣០ ថ្នាក់ កម្មវិធីស្រាវជ្រាវចំនួន ៦ បង្កើតក្លឹបវប្បធម៌ប្រជាប្រិយចំនួន ៨ និងក្រុមសិល្បៈប្រពៃណីចំនួន ៦៨; ឧបត្ថម្ភសម្លៀកបំពាក់ គ្រឿងឧបករណ៍ចំនួន ៤៤២; ឧបត្ថម្ភ បរិក្ខារវប្បធម៌ - កីឡាចំនួន ១២៤ ឧបត្ថម្ភបោះទូក-ងថ្មី និងភ្លេងពិណពាទ្យដល់ជនរួមជាតិខ្មែរ៘ អាស្រ័យហេតុនោះ ពង្រីកបានប្រសិទ្ធភាព រួមចំណែកជំរុញចលនាវប្បធម៌ សិល្បៈ នៅមូលដ្ឋាន។
បងស្រីឡឹមធីហូវ អ្នកបង្រៀនរបាំនៅវត្តបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានបង្រៀនរបាំ រាំវង់ សារ៉ាវ៉ាន់៘ ជូនមាមីងខ្មែរគ្រប់វ័យ មានទាំងប្រុសទាំងស្រី។ ឃើញមាមីងខ្មែរស្រឡាញ់ចង្វាក់រាំរបស់ជនជាតិធ្វើឱ្យខ្ញុំភ្លេចអស់នូវការនឿយហត់ មានតែក្តីរីករាយ និងសុភមង្គល។ ក្រៅពីនេះ ខ្ញុំនៅទាំងបង្រៀនរបាំដល់វត្តកោះទុង; វត្តដៃតាសួសនិងវត្តឯទៀត នៅខេត្តគៀងយ៉ាង។ ខ្ញុំមោទនភាពណាស់ពេលបានបង្រៀននូវចង្វាក់រាំប្រពៃណីដល់យុវវ័យជំនាន់ក្រោយ ដើម្បីរួមគ្នាព្រួតដៃរក្សាវប្បធម៌របស់ជនជាតិ”។

បងស្រីឡឹមធីហូវ រួមជាមួយក្រុមរបាំវត្តបឹងក្រចាប់ថ្មី រាំរបាំជូនពរក្នុងពិធីបុណ្យកឋិនទាន។
ទន្ទឹមនឹងនោះ គម្រោងថែមទាំងវិនិយោគកសាងអគារដាក់តាំងនៅមណ្ឌលទេសចរណ៍វត្តសំរោងទៀតផង; ជួសជុល កែលម្អកេរដំណែលប្រវត្តិសាស្ត្រវត្តមហាទប់៘ រួមចំណែកអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ និងជំរុញអភិវឌ្ឍទេសចរណ៍។ បងស្រីថាច់ធីថាសិរី គ្រប់គ្រងអគារដាក់តាំងសម្លៀកបំពាក់ខ្មែរនៅវត្តសំរោង ឱ្យដឹង៖ “អគារដាក់តាំងមានគ្រប់ប្រភេទសម្លៀកបំពាក់ប្រពៃណី ទាក់ទាញភ្ញៀវទេសចរច្រើនកុះករជួលសម្លៀកបំពាក់ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ អគារដាក់តាំងមានអត្ថន័យយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ជំរុញអភិវឌ្ឍទេសចរណ៍ផង បង្កការងារធ្វើរកបានប្រាក់ចំណូលលំនឹងជូនមាមីងនៅភូមិភាគផង”។
តាមប្រសាសន៍លោកឡឹមហ្វាងម៉ូវ ដើម្បីអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌របស់ជនជាតិ ទីក្រុងកឹងធើថែមទាំងផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយជាច្រើនដូច៖ អភិរក្សនិងពង្រីកសិល្បៈល្ខោនយូរកេរ របាំ ចាត់តាំងមហោស្រព ប្រឡងសម្តែងបង្ហាញសម្លៀកបំពាក់៣ជនជាតិគឺ កិញ ខ្មែរ ចិន។ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ថែមទាំងបង្កលក្ខណៈងាយស្រួលដល់ជនរួមជាតិ បណ្តាជនជាតិប្រារព្ធពិធីបុណ្យប្រពៃណី ដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា ពិធីបុណ្យអកអំបុក-ប្រណាំងទូក-ង៘ អាចបញ្ជាក់ថា៖ គម្រោង ៦ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពជាវិជ្ជមាន រួមចំណែកអភិវឌ្ឍចលនា សិល្បៈ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីផូរផង់របស់ជនជាតិភាគតិច៕
យ្វីអាញ- លីសៀ